ជាតិ
កម្ពុជា​ត្រៀម​មន្ត្រី​ជាង​២.០០០​នាក់​តាមដាន​ជំងឺ​រលាក​សួត​ថ្មី​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​ចិន​ខាងមុខ​
21, Jan 2020 , 1:39 pm        
រូបភាព
អ្នក​ដំណើរ​តាម​ផ្លូ​វ​ក្នុង​ទី​តូក្យូ​ ប្រទេស​​ជប៉ុន ពាក់​ម៉ាស់​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០។ រដ្ឋាភិបាល​ជប៉ុន​និយាយ​ថា បុរស​ម្នាក់ ​ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​ចិន​វិញ ​មាន​ផ្ទុក​មេរោគ​​ដែល​​អាច​ជា​មេរោគ​រលាក​សួត​ថ្មី​​ដែល​រាលដាល​ពី​ទីក្រុង​វូហាន។
អ្នក​ដំណើរ​តាម​ផ្លូ​វ​ក្នុង​ទី​តូក្យូ​ ប្រទេស​​ជប៉ុន ពាក់​ម៉ាស់​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០។ រដ្ឋាភិបាល​ជប៉ុន​និយាយ​ថា បុរស​ម្នាក់ ​ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​ចិន​វិញ ​មាន​ផ្ទុក​មេរោគ​​ដែល​​អាច​ជា​មេរោគ​រលាក​សួត​ថ្មី​​ដែល​រាលដាល​ពី​ទីក្រុង​វូហាន។
ដោយ: VOA
​ភ្នំពេញ ៖ ខណៈ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​ចិន​រាយការណ៍​ថា មនុស្ស​ជាង​២០០​នាក់​ហើយ បាន​ឆ្លង​ជំងឺ​រលាក​សួត​មួយ​ប្រភេទ​មិន​ស្គាល់​អត្តសញ្ញាណ ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​បន្ត​តាមដាន​ជំងឺ​ដែល​បង្កដោយ​មេរោគ​ណូ​វែ​ល​កូ​រ៉ូ​ណា​នេះ​។​

 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​លោក លី សូ​វ៉ាន់ បាន​ប្រាប់ VOA នៅ​ថ្ងៃ​ច័ន្ទ​នេះ ថា មាន​មន្ត្រី​ជាង ២.០០០ នាក់ ត្រូវ​ប្រចាំការ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន ជា​ពេលវេលា ដែល​គេ​រំពឹងថា ប្រជាជន​និង​អ្នកជំនួញ​ចិន​វិល​ទៅលេង​ស្រុកកំណើត និង​ត្រឡប់មក​កម្ពុជា​វិញ​ក្រោយ​ចប់​ពិធីបុណ្យ​នេះ​។​
 
​លោក លី សូ​វ៉ាន់​និយាយថា​៖ «​ចូលឆ្នាំ​ចិន​ហ្នឹង មន្ត្រី​យើង​អត់​មាន​ឈប់​ទេ គឺ​យើង​នៅ​ប្រចាំការ​តាម​ព្រំដែន​ហ្នឹង ក៏ដូចជា នៅក្នុង​ស្រុក​ហ្នឹង​យើង​ប្រចាំការ​ដើម្បី​ឃ្លាំមើល​ជំងឺ​ថ្មី​ហ្នឹង​»​។​
 
​ក្រសួង​កំពុង​តាមដាន​និង ឃ្លាំមើល​អ្នកដំណើរ​ចេញចូល​កម្ពុជា​តាមផ្លូវ​គោក និង​ផ្លូវអាកាស ដោយមាន​ការដាក់​មាន​ម៉ាស៊ីន​ស្គែ​នក​ម្ដៅ នៅ​អាកាសយានដ្ឋាន​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប និង​ព្រំដែន​កម្ពុជា​-​ថៃ​។ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ យ៉ាងហោច​ភ្ញៀវទេសចរ​ចិន​ជាង ២​លាន​នាក់មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​។​
 
​លោក លី សូ​វ៉ាន់ ថា កម្ពុជា​ធ្លាប់មាន​បទពិសោធន៍​ជោគជ័យ​ជាង​១០​ឆ្នាំ ក្នុងការ​ការពារ​និង​ទប់ស្កាត់​នឹង​ជំងឺ​រាតត្បាត​នានា ដូចជា​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស សារស៍ (SARS) ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​វីរុស​មើ​រស៍ (MERS) និង ជំងឺផ្ដាសាយបក្សី​ជាដើម​។ ដូច្នេះ លោក​មាន​ទំនុកចិត្ត​ក្នុងការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដែល​បង្ក​មេរោគ​ថ្មី​នេះ​។​
 
​លោក លោក លី សូ​វ៉ាន់ មានប្រសាសន៍ថា​៖ 
 
«​ជំងឺ​នេះ​មិន​ទើបតែ​ថ្មី​ចំពោះ​យើង​ទេ​។ តាមពិត​កន្លងមក​យើង​ធ្លាប់​ទប់ស្កាត់​ជំងឺ​សារស៍ ២០០២ ទៅ ២០០៣ ធ្លាប់​ផ្ទុះ​ជំងឺផ្តាសាយបក្សី​នោះ យើង​ទប់ស្កាត់​ពី ២០០៤ ដល់ ២០១៥ ហើយ​ធ្លាប់មាន​ផ្ទុះ​ជំងឺ​មើ​ស MERS ២០១៥ ហើយ​យើង​ធ្លាប់​តតាំង​ជំងឺ​ផ្តាសាយ​រាតត្បាត​សាកល​ឆ្នាំ​២០០៩ ហ្នឹង អញ្ចឹង​មានន័យថា​យើង​មានបទពិសោធន៍​ក្នុងការ​ទប់ស្កាត់​ហើយ​»​។​
 
​ជំងឺ​រលាក​សួត​ដែល​មិនទាន់​ដឹង​ពី​មូលហេតុ​នេះ បង្កដោយ​វីរុស កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​-2019​។ ជំងឺ​នេះ ត្រូវគេ​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន (Wuhan) ខេត្ត​ហ៊ុយ​បេ (Hubei) ប្រទេស​ចិន​។​
 
​មកទល់ពេលនេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រទេស​កម្ពុជា​គេ​ពុំទាន់​ឃើញ​មាន​សញ្ញាណ​សង្ស័យ​ណាមួយ​ត្រូវបាន​គេ​រាយការណ៍​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ នៅឡើយ​ទេ​។​
 
​អ្នកវិទ្យាសាស្ត្រ​កំពុង​បន្ត​អង្កេត​មើលថា តើ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ អាច​ចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់ទៀត​ដែរឬទេ ។ បច្ចុប្បន្ននេះ គេ​ពុំទាន់​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ជាក់លាក់​មក​ពន្យល់​អំពី​ការឆ្លង​បែបនេះ​ទេ​។​
 
​អ្នកស្រី Maria Van Kerkhove  ប្រធានស្តីទី​នៃ​អង្គភាព​ទប់ស្កាត់​ជំងឺ​កើត​ថ្មី​នៃ​អង្គការ​សុខភាព​ពិភពលោក (WHO’s Emerging Diseases Unit) បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​នៅ ថ្ងៃទី​១៥ មករា នៅ​ទីក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វី​ស ក្នុងន័យ​ដើម​ថា​៖ «​តាម​ព័ត៌មាន​ដែល​យើង​មាន​កន្លងមក យើង​ឃើញថា វា​អាច​នឹងមាន​ការឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅក្នុង​កម្រិត​ណាមួយ ហើយ​ជាពិសេស​គឺ​នៅក្នុង​ចំណោម​ក្រុមគ្រួសារ​។ ក៏ប៉ុន្តែ​ឥឡូវនេះ​អ្វីដែល​ច្បាស់​គឺថា យើង​នៅ​មិនទាន់​ឃើញ​មានការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ទេ​»​។​
 
​កាលពី​ឆ្នាំ ២០០២ និង​២០០៣ ជំងឺ​សារស៍ ដែល​បង្កឡើង​ដោយ​វីរុស​ស្រដៀង​គ្នា នឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​បានសម្លាប់​មនុស្ស​ប្រមាណ ៨០០​នាក់ ទូទាំង​សាកលលោក​។​
 
​អង្គការ​សុខភាព​ពិភពលោក​បានប្រកាសថា ខ្លួន​នឹង​បន្ត​តាមដាន​ស្ថានភាព​នៃ​ជំងឺ​នេះ ហើយ​ត្រៀម​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ប្រទេស​ចិន ដើម្បី​ស៊ើបអង្កេត ទៅលើ​ជំងឺ​រាតត្បាត​មួយ​នេះ​។​
 
​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅក្នុង​អំឡុង​ពេលដែល​វីរុស​នេះ​កំពុង​ផ្ទុះឡើង ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ណែនាំ​ថា ពួកគេ​គួរ​ចៀសវាង​ទៅ​ក្បែរ​តំបន់​នោះ ចៀសវាង​ប៉ះពាល់​សត្វ​រស់​ដោយ​ដៃ ឧស្សាហ៍​លាង​សម្អាត​ដៃ គួរ​បរិភោគ​អាហារ ឬ​សាច់​ដែល​ដែល​ចម្អិន​ឆ្អិន​ល្អ ពេល​ក្អក ឬ កណ្តាស ត្រូវ​ប្រើ​ក្រដាស​ឬ​កន្សែង​ខ្ទប់​មុខ​។ ហើយ​ប្រសិនបើ​មាន​រោគសញ្ញា​គ្រុនក្តៅ ឬ​ប្រវត្តិ​គ្រុនក្តៅ ក្អក ករណី​ធ្ងន់ធ្ងរ​មាន​ហត់ ឬ​ពិបាក​ដកដង្ហើម ត្រូវ​រាយការណ៍​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ក្រសួង​តាមដាន​ប្រវត្តិ​ជំងឺ និង​អត្តសញ្ញាណ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com