ជាតិ
នយោបាយជាតិ
បញ្ហាចរាចរណ៍៖សម្ដេច ស ខេង ប្រាប់ឱ្យមន្ត្រីអនុវត្តច្បាប់ធ្វើជាគំរូដល់ពលរដ្ឋ
× ភ្នំពេញ៖ មន្ត្រីអនុវត្តច្បាប់ទាំងអស់ត្រូវធ្វើជាគំរូ ដល់ប្រជាពលរដ្ឋ ក្នុងការគោរពច្បាប់ចរាចរណ៍។ សម្ដេច ស ខេង លើកឡើងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២០ មករានេះ។
សម្ដេច ស ខេង បានបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ មិនអាស្រ័យលើពលរដ្ឋធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវចូលរួមពីសំណាក់មន្ត្រីអនុវត្តច្បាប់ ដោយក្នុងនោះមាននគរបាល ប៉ូលិស ទាហាន កងកម្លាំងគ្រប់ប្រភេទ រួមទាំងមន្ត្រីរាជការផងដែរ។ ក្នុងន័យនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា មន្ត្រីរាជការ និងកងកម្លាំងទាំងអស់ ដែលប្រព្រឹត្តិខុសច្បាប់ចរាចរណ៍ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនត្រូវប្រើតួនាទី ឬអំណាចខ្លួន ដើម្បីគេចផុតពីផ្លូវច្បាប់ឡើយ។
«កុំបន្ទោសប្រជាពលរដ្ឋ យើងហ្នឹង(មន្ត្រីរាជការ និងកងកម្លាំង)ត្រូវធ្វើគំរូ»។ នេះជាការបញ្ជាក់របស់សម្ដេច ស ខេង ដែលបានបន្ថែមថា ពលរដ្ឋបច្ចុប្បន្នខ្លាចនគរបាល និងប៉ូលិសចរាចរណ៍ ជាងខ្លាចច្បាប់ ។
នៅឆ្នាំ២០១៩កន្លងមក គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសបានកើតឡើងចំនួន ៤,១២១លើកកើនឡើង ៨៤៥លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ចំណែកចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ មាន ១,៩៨១នាក់ និងរងរបួស ៦,១៤១នាក់។អត្រាអ្នកស្លាប់នៅឆ្នាំ២០១៩នេះ កើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១,៣៧១នាក់ ស្នើនឹងប្រមាណ ២៩ភាគរយ បើធៀបឆ្នាំ២០១៨។ ក្នុងនោះរាជធានីភ្នំពេញ មានអ្នកស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មាន ៣៤៨នាក់ ,ខេត្តព្រះសីហនុ ស្លាប់ ១៤៩នាក់ និងខេត្តកណ្តាលស្លាប់ ១៤៣នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបង្ហាញក្នុងពិធីបូកសរុបលទ្ធផលការងាររបស់ខ្លួននាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
បើតាមរបាយការណ៍ដដែល មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចររួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨ភាគរយ, មិនគោរពសិទ្ធិ ២៣ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ៩ភាគរយ, ស្រវឹង៥ភាគរយ, កត្តាយានយន្ត ២ភាគរយ និងងងុយដេក ១ភាគរយ៕
© រក្សាសិទ្ធិដោយ thmeythmey.com