សម្ដេច ស ខេង ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឈានដល់​ការប្រកាសអាសន្ន​ហើយ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឈានដល់​ការប្រកាសអាសន្ន​ហើយ​
21, Jan 2020 , 11:41 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បាន​ឈានដល់​ចំណុច​ប្រកាសអាសន្ន​ហើយ​។ ការប្រកាស​របស់​សម្ដេច ស ខេង នេះ ធ្វើឡើង​ក្រោយពី​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៩ មានការ​កើនឡើង​ខ្ពស់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។​



​សម្ដេច ស ខេង ដែល​បាន​ពិនិត្យមើល​របាយការណ៍​ចរាចរណ៍​នោះ បាន​វាយតម្លៃថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​ឈានដល់​កម្រិត​ព្រួយបារម្ភ ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ដោះស្រាយ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បារម្ភ​ពី​ភាពអវិជ្ជមាន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ និង​អ្នកពាក់ព័ន្ធ​គ្រប់ផ្នែក​ទាំងអស់ ចាត់វិធានការ​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។ 
 
​ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២០ មករា​នេះ សម្ដេច ស ខេង បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«(​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​)​ជា​តួលេខ​មួយ​ដែល​យើង​ត្រូវតែ​ប្រកាសអាសន្ន​ហើយ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មិនថាតែ​ផ្នែក​ណា​ទេ ព្រោះ​វា​កើតឡើង​ច្រើនពេក​»​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឱ្យ​មន្ត្រី​ទាំងអស់ ពង្រឹង​យន្តការ​ច្បាប់​ឱ្យបាន​តឹងរឹង ក្នុង​គោលដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ «​ខ្ញុំ​សូម​ប្រកាសថា ឆ្នាំ​២០២០​នេះ គឺជា​ឆ្នាំ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ជាសំខាន់ ហើយ​ការអប់រំ​យើង​នៅតែ​យកចិត្តទុកដាក់​អប់រំ​។ ក៏ប៉ុន្ដែ​យក​ការអនុវត្ត​ច្បាប់​ជាសំខាន់​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង​។​
 
​នៅ​ឆ្នាំ​២០១៩​កន្លងមក គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៤,១២១​លើក​កើនឡើង ៨៤៥​លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ មាន ១,៩៨១​នាក់ និង​រងរបួស ៦,១៤១​នាក់​។​អត្រា​អ្នកស្លាប់​នៅ​ឆ្នាំ​២០១៩​នេះ កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នករងរបួស​កើន ១,៣៧១​នាក់ ស្នើ​នឹង​ប្រមាណ ២៩​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៨​។ ក្នុងនោះ​រាជធានី​ភ្នំពេញ មាន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មាន ៣៤៨​នាក់ ,​ខេត្ត​ព្រះសីហនុ ស្លាប់ ១៤៩​នាក់ និង​ខេត្តកណ្តាល​ស្លាប់ ១៤៣​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​បង្ហាញ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​។​
 
​បើតាម​របាយការណ៍​ដ​ដែល មូលហេតុ​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរ​រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ ៣៨​ភាគរយ​, មិន​គោរព​សិទ្ធិ ២៣​ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែង ៩​ភាគរយ​, ស្រវឹង​៥​ភាគរយ​, កត្តា​យានយន្ត ២​ភាគរយ និង​ងងុយដេក ១​ភាគរយ​៕

Tag:
 ​ស ខេង
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com