ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! កំពូល​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​កុមារ​
22, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការផ្ដល់​ឲ្យ​កូន​របស់លោក​អ្នក​នូវ​អាហារ​ត្រឹមត្រូវ​កំឡុងពេល​ពួកគេ​ស្ថិតក្នុង​ដំណាក់កាល​ធំធាត់​ឡើង​នោះ គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ថា​តើ​អាហារ​អ្វីខ្លះ​គួរ​ត្រូវបាន​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​កុមារ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​កូនៗ​របស់លោក​អ្នក ៖
 
១. ផ្លែឈើ​

​វា​ហាក់​ដូ​ជា​មិន​ពិបាក​នឹង​ឱ្យ​ក្មេងៗ​ព្យាយាម​ញ៉ាំ​ផ្លែឈើ​ឡើយ​! ក៏​ព្រោះ​ផ្លែឈើ​ភាគច្រើន​មាន​ពណ៌​ស្រស់​រសជាតិ​ឆ្ងាញ់​។ តាមរយៈ​បរិមាណ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ច្រើន​ប្រភេទ រួមទាំង​វីតាមីន ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ខ្ពស់​បានធ្វើឱ្យ​ផ្លែឈើ​ស្រស់ៗ​ក្លាយជា​អាហារសម្រន់​ដ៏​ល្អឥតខ្ចោះ​សម្រាប់​កុមារ​។​
 
២. បន្លែ​បៃតង​

​ទោះបីជា​កុមារ​មិន​ចូលចិត្ត​ញ៉ាំ​បន្លែ ប៉ុន្តែ​ក៏​មិនមែន​មានន័យថា​អ្នក​ត្រូវ​ដក​បន្លែ​ចេញពី​របប​អាហារ​ប្រចាំថ្ងៃ​ឡើយ​។ បន្លែ​បៃតង​ជា​អាហារ​ដ៏​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​រឹងមាំ​ចៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ដូច្នេះ​ចូរ​ព្យាយាម​រួមបញ្ចូល ឬ​លាយ​បន្លែ​បៃតង​ក្នុង​អាហារ​ផ្សេងៗ​ដើម្បីឱ្យ​កូនៗ​របស់​អ្នក​បាន​ទទួលទាន​។​
 
៣. គ្រាប់​ធញ្ញជាតិ​

​ក៏​ដូចនឹង​ផ្លែឈើ​ដែរ​! គ្រាប់​ធញ្ញជាតិ​ជា​អាហារសម្រន់​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​កុមារ​។ គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​សុខភាព​ល្អ​ដែល​ផ្ដល់​ថាមពល​និង​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សាច់ដុំ​។ ទោះជា​យ៉ាងណា​មិន​គួរឱ្យ​ពួកគេ​ទទួលទាន​ច្រើនពេក​ឡើយ​។​
 
៤. ឈី​ស​

​ក្រៅពី​បឺ​រ​សណ្ដែកដី ឈី​ស​ក៏​ប្រសើរ​សម្រាប់​កុមារ​ផងដែរ​។ វា​មាន​ផ្ទុក​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សាច់ដុំ​។ ឈី​ស​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​ដែល​សំខាន់​សម្រាប់​សុខភាព​ឆ្អឹង​និង​ធ្មេញ​រឹងមាំ​។​
 
៥. ត្រី​

​ត្រី​ជា​អាហារ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​កុមារ​! កុមារ​គួរ​ទទួលទាន​នូវ​អាហារ​ដែលជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ សំខាន់​ណាស់​សម្រាប់​ការ​វិវឌ្ឍន៍​ខួរក្បាល និង​ភ្នែក​របស់​កុមារ​។ ហើយ​ត្រី​សម្បូរ​ខ្លាញ់ គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com