ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​អាជីវកម្ម​មួយ​ពាក់ព័ន្ធ​ក្រសួង​ច្រើន​នាំ​ឲ្យ​ប្រើពេល​យូរ ដែល​ហុច​ឱកាស​ដល់​មន្ត្រី​ខ្លះ​ទារលុយ​ក្រៅ​សេវា​
22, Jan 2020 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​លើ​ករណី​សុំច្បាប់​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ចំណុះ​ក្រសួង​ពី​២ ទៅ​៣​។ នាឱកាស​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ពុធ ថ្ងៃទី​២២ ខែមករា សម្តេច​បានកត់សម្គាល់​ថា ករណីនេះ​នាំ​ឲ្យ​ចំណាយ​ពេលវេលា​យូរ ហើយ​ហុច​ឱកាស​ដល់​មន្ត្រី​ខិលខូច​មួយចំនួន​ទារក​ម្រៃ​ក្រៅ​សេវា​។​

 
«​ពលរដ្ឋ​មិនអាច​ដាក់​លិខិត​តែមួយ​កន្លែង​នោះឡើយ ដោយ​ពួកគាត់​ត្រូវ​ទៅ​ដាក់​មន្ទីរ​ពាក់ព័ន្ធ​ពី ២​ទៅ​៣​។ ទម្រាំ​បាន​ក្រដាស​ស្នាម​ដល់​ប្រធាន​មន្ទីរ ត្រូវការ​ពេល​យូរ ហើយ​ទុក​ឱកាស​ដល់​មន្ត្រី​ខិលខូច​មួយចំនួន ទារ​សុំ​បង់​កម្រៃ​ក្រៅផ្លូវការ​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ស ខេង​។​
 
​ពី​ខេត្តពោធិ៍សាត់ សម្តេច ស ខេង បានលើកឡើង​ពី​សារសំខាន់​ទាក់ទង​នឹង​ការដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ ដែល​ផ្តល់​សេវា​រដ្ឋបាល​សាធារណៈ ជា​កញ្ចប់​នៅ​កន្លែង​តែមួយ​។ សម្តេច​បាន​អះអាងថា សេវា​កម្មនេះ ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​អាច​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​ប្រកបដោយ​តម្លាភាព និង​ទប់ស្កាត់​អំពើពុករលួយ​។​
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​១១៥ ដែល​ក្នុងនោះ​មាន​២៧​ក្រុង ៤៧​ស្រុក និង​១៤​ខណ្ឌ ដែល​ស្មើនឹង​៥៧​ភាគរយ​នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស​។​
 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បាន​ស្នើ​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ទេរ​សេវាកម្ម​ទៅកាន់​ការិយាល័យ​ច្រកចេញចូល​តែមួយ ប៉ុន្តែ​ប្រធាន​មន្ទីរ និង​មន្ត្រី​ការងារ​ជំនាញ​នៅតែ​ជា​អ្នកសម្រេច​ដដែល​៕

© រក្សាសិទ្ធិដោយ thmeythmey.com