ជាតិ
សម្ដេច ហ៊ុន សែន ប្រាប់​មេទ័ព​សិង្ហ​បុរី ថា ការប្រើ​កម្លាំង​ទ័ព​មិនអាច​ដោះស្រាយ​បញ្ហា​ទេ គឺ​មានតែ​ការចរចា​
22, Jan 2020 , 11:27 am        
រូបភាព
​ភ្នំពេញ​៖ ការប្រើ​កម្លាំងយោធា ពុំ​អាច​ដោះស្រាយ​បញ្ហា​នោះទេ គឺ​មានតែ​ការចរចា ទើប​មានការ​អភិវឌ្ឍ​។ សម្ដេច ហ៊ុន សែន ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Goh Si Hou មេបញ្ជាការ​កងទ័ពជើងគោក នៃ​ប្រទេស​សឹង្ហ​បុរី កាលពី​ថ្ងៃទី​២១ មករា​។​


 
​ថ្លែង​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយប្រាប់​មេទ័ព​សិង្ហ​បុរី​ថា សម្ដេច​ពុំមាន​ការជឿជាក់​លើ​ការប្រើ​កម្លាំង​ដោះស្រាយ​បញ្ហា​បានទេ តែ​ផ្ទុយទៅវិញ​ការចរចា កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ទេ ដែល​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ​បាន​។ សម្ដេច ហ៊ុន សែន និយាយ​បែបនេះ ស្រប​ពេលដែល​មេទ័ព​សិង្ហ​បុរី និយាយ​ពី​រឿង​សន្តិភាព​។​
 
​ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បាន​រម្លឹក​ពី​ការបញ្ចៀស​ការប្រើ​កម្លាំង មក​ការអភិវឌ្ឍ​វិញ ប្រា​ប់លោក  Goh Si Hou យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​កំពុងតែ​ប្រឹងប្រែង​ធ្វើយ៉ាងណា​កែប្រែ​ព្រំប្រទល់​កម្ពុជា​ជាមួយនឹង​ប្រទេសជិតខាង​អាច​ក្លាយជា​ព្រំប្រទល់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ លើសពីនោះ​ទៅទៀត​គឺ​ការកែប្រែ​តំបន់​ដែល​ធ្លាប់ជា​អតីត​សមរភូមិ​ប្រយុទ្ធ​ឲ្យ​ទៅជា​តំបន់​ទីផ្សារ និង​ការអភិវឌ្ឍ​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សង្កត់ធ្ងន់ថា កងទ័ព​មាន​តួនាទី​សំខាន់​ក្នុងការ​ការពារជាតិ ក៏ប៉ុន្តែ​កងទ័ព​កម្ពុជា ក៏មាន​តួនាទី​ចូលរួម​ក្នុង​ការជួយ​បង្កបង្កើនផល ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅពេល​ដែលមាន​គ្រោះ​អន្តរាយ និង​ការថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​ជាដើម​។​
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក Goh Si Hou មេបញ្ជាការ​កងទ័ពជើងគោក នៃ​ប្រទេស​សឹង្ហ​បុរី  ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ចំណងមិត្តភាព​រវាង​ក​ង​ទ័ព​នៃ​ប្រទេស​ទាំងពីរ​។ ថ្លែងប្រាប់​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Goh Si Hou បាន​ប្ដេជ្ញា​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ រួមទាំង​អាស៊ាន​ផងដែរ​។​
 
​ជាមួយគ្នានេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ជំ​រុញឱ្យ​កងទ័ព​ទាំងពីរ ចែករំលែក​បទពិសោធ​ន៍​រវាង​គ្នា ទៅវិញទៅមក ក៏ដូចជា​ការហ្វឹកហាត់​រួមគ្នា​ជាដើម​។ « នៅពេលនេះ​ពិភពលោក​មានការ​រត់​ប្រណាំង​សព្វាវុធ​កាន់តែខ្លាំង​ឡើង បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​សង្គ្រាមត្រជាក់ ក្នុងន័យនេះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ​ពិត​ជាមាន​សារៈសំខាន់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  យោធា​
  នយោបាយ​
  កា​ទូត
© រក្សាសិទ្ធិដោយ thmeythmey.com