ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! សាច់ដុំ​ចុះខ្សោយ ឬ​បាត់បង់​ម៉ាស​សាច់ដុំ អាចមកពី​មូលហេតុ​ទាំងនេះ​
22, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថា​តើ​ការបាត់បង់​ម៉ាស​នៃ​សាច់ដុំ ឬ​បញ្ហា​សាច់ដុំ​ចុះខ្សោយ​អាច​បណ្ដាលមកពី​មូលហេតុ​អ្វីខ្លះ​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទូទៅ​បំផុត​មួយចំនួន​នៃ​បញ្ហា​បាត់បង់​ម៉ាស​សាច់ដុំ ៖
 
១. ការធ្វើ​លំ​ហាត់ប្រាណ​ច្រើនពេក​

​ជាធម្មតា​ការធ្វើ​លំ​ហាត់ប្រាណ​មាន​ឥទ្ធិពល​លើ​សាច់ដុំ​។ ដូច្នេះ​ប្រសិនបើ​អ្នកធ្វើ​លំ​ហាត់ប្រាណ​ហួស​កម្រិត​ពេក​នោះ​បញ្ហា​សាច់ដុំ​ផ្សេងៗ​នឹង​កើតមានឡើង​ពិសេស​ប្រសិនបើ​អ្នក​មិនបាន​ទទួលទាន​កាបូ​អ៊ី​ដ្រា​ត​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់​ថែមទៀត​! ការធ្វើ​លំ​ហាត់ប្រាណ​សម្រាប់​រយៈពេល​ពី ៦០ ទៅ ៩០ នាទី​រាល់ពេល​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​បាត់បង់​ម៉ាស​នៃ​សាច់ដុំ​។ នៅពេល​បញ្ហា​នេះ​កើតឡើង​សាច់ដុំ​មិន​ត្រឹមតែ​ចុះខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។​
 
២. កង្វះ​អាហារូបត្ថម្ភ​

​រាងកាយ​ត្រូវការ​កាបូ​អ៊ី​ដ្រា​ត​និង​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដើម្បី​បង្កើន​ម៉ាស​នៃ​សាច់ដុំ​និង​រក្សា​សុខភាព​សាច់ដុំ​ល្អប្រសើរ​។ នេះហើយ​ជា​មូលហេតុ​ដែល​ការទទួល​ទាន​អាហារ​គ្មាន​តុល្យភាព​អាច​បណ្ដាលឱ្យ​បញ្ហា​បាត់បង់​ម៉ាស​នៃ​សាច់ដុំ​ងាយ​នឹង​កើតឡើង​។​
 
៣. កត្តា​អាយុ​

​វ័យ​កាន់តែ​ចាស់​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​បាត់បង់​ម៉ាស​សាច់ដុំ​ផងដែរ​។ វ័យ​កាន់តែ​ជ្រេ​សាច់ដុំ​ក៏ត្រូវ​បាន​ជំនួស​ដោយ​ខ្លាញ់ ពិសេស​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ដែល​មិន​ធ្វើ​លំ​ហាត​ប្រាណ​សោះ​។​
 
៤. កង្វះ​សកម្មភាព​រាងកាយ​

​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះ ឬ​កង្វះ​សកម្មភាព​រាងកាយ​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​នៃ​បញ្ហា​បាត់បង់​ម៉ាស​សាច់ដុំ ឬ​សាច់ដុំ​ចុះខ្សោយ​។ ជាធម្មតា​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើត​និង​រក្សា​សាច់ដុំ​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​នោះ​សាច់ដុំ​អាច​នឹង​ប្រែជា​ចុះខ្សោយ​ទៅៗ​។ ជាក់ស្ដែង​សាច់ដុំ​អាច​នឹង​រួម​តូច​ប្រសិនបើ​អ្នក​មិន​ប្រើប្រាស់​វា​សោះ​តាមរយៈ​ការធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាងកាយ​ផ្សេងទៀត​។​
 
៥. ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​

​ពិតណាស់​ថ្នាំ​គ្រប់​ប្រភេទ​សុទ្ធ​តែមាន​ផលប៉ះពាល់​។ ថា​តើ​អ្នកដឹង​ទេ​ថា​ថ្នាំ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​សាច់ដុំ​ដែលនាំឱ្យ​ចុះខ្សោយ​និង​បាត់បង់​ម៉ាស​?
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com