អន្តរជាតិ
យុវតី Greta Thunberg ប្រាប់​មេដឹកនាំ​ពិភពលោក​ឲ្យ​ស្តាប់​ក្មេងៗ​ផង​
22, Jan 2020 , 7:39 pm        
រូបភាព
យុវតី Greta Thunberg នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ។ រូបភាព៖ Reuters
យុវតី Greta Thunberg នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ។ រូបភាព៖ Reuters
​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​ទីក្រុង Davos ប្រទេស​ស្វ៊ី​ស យុវតី Greta Thunberg នា​ថ្ងៃទី​២១ ខែមករា បាន​ទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់ ចេះ​ទទួលយក​គំនិត​សកម្មជន​បរិស្ថាន​ក្មេងៗ និង​យល់​ពី​ការបកស្រាយ​វិទ្យាសាស្ត្រ ជុំវិញ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ការលើកឡើង​របស់​យុវតី​វ័យ​១៧​ឆ្នាំ​រូបនេះ គឺ​ដើម្បី​ការពារ​មនុស្ស​ជំនាន់​ក្រោយពី​ផលវិបាក​ផ្សេងៗ ដែល​កើតចេញពី​ការ​បម្រែបម្រួល​អាកាសធាតុ​។


 
​និយាយ​នៅ​ចំពោះមុខ​យុវជន​បរិស្ថាន​ជាច្រើន​នាក់ យុវតី Greta Thunberg សកម្មជន​បរិស្ថាន​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជនជាតិ​ស៊ុយអែត បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់ ចេះ​ទទួលយក​គំនិត​សកម្មជន​វ័យក្មេង​ជុំវិញ​បញ្ហា​បរិស្ថាន ការ​បម្រែបម្រួល​អាកាសធាតុ​ជាដើម​។ 
 
​ក្រោម​ប្រធានបទ «​ការបង្កើត​វឌ្ឍនភាព​ឆ្ពោះទៅ​អនាគត​រួមគ្នា​» យុវតី​Thunberg បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ « វិទ្យាសាស្ត្រ និង​សម្លេង​របស់​យុវជន មិនមែនជា​ចំណុច​សំខាន់​នៃ​កិច្ចសន្ទនា​របស់​មេដឹកនាំ​ពិភពលោក​ទេ ប៉ុន្តែ​វា​គួរតែ​សំខាន់​»​។ បើតាម​យុវតី​ជនជាតិ​ស្វ៊ី​សរូប​នេះ សម្លេង​យុវជន​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន គួរតែ​ត្រូវបាន​ទទួលយក ព្រោះ​យុវជន និង​ក្មេងៗ​ជំនាន់​ក្រោយ គឺជា​អ្នក​ទទួលរង​ផលប៉ះពាល់​បម្រែបម្រួល​អាកាសធាតុ​។ 
 
​ជាមួយគ្នានេះ សកម្មជន​វ័យក្មេង​រូបនេះ ក៏បាន​ពន្យល់​ពី​ការ​វិទ្យាសាស្ត្រ​ជុំវិញ​ការ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។ ក្នុងន័យនេះ Thunberg ពន្យល់ថា ប្រសិនបើ​ពិភពលោក នៅតែ​បញ្ចេញ​បរិមាណ​ឧស្ម័ន​កាបូ​និក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ អត្រាកំណើន​សី​តុ​ណ្ណ​ភាព​សកល នឹង​មិនអាច​រក្សា​ក្រោម ១,៥​អង្សា​សេ​បានទេ​។ 
 
​ក្រៅពី​យុវតី Thunberg នៅមាន​សកម្មជន​វ័យក្មេង​ជាច្រើន​ទៀត ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង Davos ស្វ៊ី​ស​នេះ​។ ក្នុងនោះ​មានដូចជា អ្នកវិទ្យាសាស្ត្រ​វ័យក្មេង លោក Fionn Ferreira ជនជាតិ​អ៊ី​ស្លង់ ដែលជា​អ្នកបង្កើត​ដំណោះស្រាយ ដើម្បី​កុំ​ឲ្យ​ថង់​ប្លា​ស្ទិ​ក​ចូលទៅក្នុង​សមុទ្រ និង​យុវតី​ជនជាតិ​អាហ្វ្រិក​Ayakha Melithafa វ័យ ១៧​ឆ្នាំ ដែលជា​សកម្មជន​អាកាសធាតុ​ជាដើម​៕ 

Tag:
 Greta Thunberg
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com