អន្តរជាតិ
អ៊ីរ៉ង់​និង​កាណាដា ប្រកែក​គ្នា​រឿង​វិភាគ​ទិន្នន័យ​ប្រអប់​ខ្មៅ​យន្តហោះ​អ៊ុយ​ក្រែ​ន​ធ្លាក់​
23, Jan 2020 , 8:29 am        
រូបភាព
ប្រអប់ខ្មៅយន្តហោះអ៊ុយក្រែនធ្លាក់ (Reuters)
ប្រអប់ខ្មៅយន្តហោះអ៊ុយក្រែនធ្លាក់ (Reuters)
ដោយ:
​អ៊ីរ៉ង់ បាន​បញ្ជាក់ថា ខ្លួន​បានស្នើ​សុំ​អាជ្ញាធរ​សហរដ្ឋអាមេរិក​និង​បារាំង​សម្រាប់​ឧបករណ៍​ដើម្បី​ទាញយក​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ​លើ​យន្តហោះ​អ៊ុយ​ក្រែ​ន​ដែល​ធ្លាក់​។ ទង្វើ​នេះ ទំនងជា​បង្ក​ជា​កំហឹង​ដល់​ប្រទេស​ដែល​ចង់យក​ប្រអប់​ខ្មៅ​នេះ​មក​វិភាគ​ដោយផ្ទាល់ ជាពិសេស កាណាដា​។​

 
​ប្រសិនបើ​អាជ្ញាធរ​អ៊ីរ៉ង់ មាន​សម្ភារ​គ្រប់គ្រាន់ ពួកគេ​អាច​វិភាគ​ទិន្នន័យ​បាន​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី​។ អង្គការ​អាកាសចរណ៍​ស៊ីវិល​របស​អ៊ីរ៉ង់ បានបញ្ជាក់​បែបនេះ​ក្នុង​របាយការណ៍​លើក​ទី​២​របស់ខ្លួន កាលពី​យប់​ថ្ងៃ​២០ មករា ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្ថាប័ន​អាកាសចរណ៍​អ៊ីរ៉ង់​នេះ បាន​បញ្ជាក់ថា បញ្ជី​ឈ្មោះ​ឧបករណ៍​ដែល​អ៊ីរ៉ង់​ត្រូវការ បាន​បញ្ជូន​ទៅកាន់​អាជ្ញាធរ​បារាំង និង​អាមេរិក​។ 
 
«​រហូតមកទល់​ពេលនេះ ប្រទេស​ទាំងនេះ ពុំទាន់​បានផ្តល់​ការឆ្លើយតប​វិជ្ជមាន​ណាមួយ​ពាក់ព័ន្ធ​ការបញ្ជូន​សម្ភារ​មកកាន់​អ៊ីរ៉ង់​ឡើយ​»​។ ស្ថាប័ន​អាកាសចរណ៍​អ៊ីរ៉ង់ បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ខ្លួន​ពុំមាន​សម្ភារ​តាម​តម្រូវការ​ដើម្បី​ទាញយក​ព័ត​មាន​ពី​ប្រអប់​ខ្មៅ​លើ​យន្តហោះ​អ៊ុយ​ក្រែ​ន​ដែល​ធ្លាក់​ប្រភេទ Boeing ៧៣៧ នោះឡើយ​។ 
 
​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) ដែល​បាត់បង់​ប្រជាជន​៥៧​នាក់​ក្នុងចំណោម​អ្នកស្លាប់​១៧៦​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ បាន​បញ្ជាក់ថា អ៊ីរ៉ង់ ពុំមាន​សមត្ថភាព​វិភាគ​ទិន្នន័យ​ឡើយ ហើយ​លោក​បានទាមទារ​អាជ្ញាធ​រ​អ៊ីរ៉់ង​បញ្ជូន​ប្រអប់​ខ្មៅ​នោះ​ទៅ​ឲ្យ​បារាំង​។ លោក សង្កត់ធ្ងន់ថា ទិន្នន័យ​នេះ គួរតែ​ត្រូវបាន​ទាញ​យកមក​វិភាគ​ភ្លាមៗ​។ 
 
​ក្រុមហ៊ុន General Electric Co របស់​អាមេរិក បានប្រកាស​នៅ​ថ្ងៃ​អង្គា​រថា ខ្លួន​បានទទួល​អាជ្ញា​បណ្ណ​ពី​ក្រសួង​រតនាគារ​អាមេរិក​ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុងការ​ស៊ើបអង្កេត​ករ​ណី​ធ្លាក់​យន្តហោះ​នេះ​។ ក្រោម​ច្បាប់​ទណ្ឌកម្ម​អាមេរិក ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​របស់​ក្រសួង​រតនាគារ​អាមេរិក (OFAC) ត្រូវ​ផ្តល់​ការអនុញ្ញាត​សម្រាប់​ក្រុម​ស៊ើបអង្កេត​អាមេរិក ទើប​ពួកគេ​អាច​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​បាន និង​អាចធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​នេះ​។​
 
​សូមបញ្ជាក់ថា យន្តហោះ Boeing ៧៣៧ ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក ដែល​ហោះហើរ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​អ៊ុយ​ក្រែ​ន ត្រូវបាន​បាញ់​ទម្លាក់​ដោយ​អ​ចេតនា​ពី​សំណាក់​កងកម្លាំង​អ៊ីរ៉ង់ កាលពី​ថ្ងៃ​៨ មករា អំឡុងពេល​មាន​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​តេ​ហេ​រ៉ង់ ។ ការប្រឈមមុខ​ដាក់គ្នា​នេះ បានកើត​ឡើង​ដោយ​ការធ្វើឃាត​លើ​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់ កាលពី​ថ្ងៃ ៣ មករា​៕

© រក្សាសិទ្ធិដោយ thmeythmey.com