ពីនេះ ពីនោះ
រូបត្លុក
កាហ្វេថ្មីៗ៖ ពលរដ្ឋកម្ពុជាគួរប្រើសេវាមគ្គទេសក៍ នៅពេលទស្សនាអង្គរ
× សុធីរ និងសំណាងសម្បូររឿងនិយាយរាល់ព្រឹក នៅតៀមកាហ្វេមុនទៅធ្វើការ។ ឆ្លងពីរឿងមន្ត្រី រឿងយុវជន ព្រឹកនេះដល់រឿងទេសចរណ៍វប្បធម៌ម្តង។ សុធីរ និងសំណាងយល់ឃើញថា ពលរដ្ឋខ្មែរគួរតែប្រើប្រាស់មគ្គទេសក៍ នោពេលពួកគេចូលទស្សនាតំបន់ទេសចរណ៍ ពិសេសនៅតាមប្រាសាទបុរាណ។
សំណាង៖ អញកោត ប្រជាជនយើងមួយចំនួនតូចនៅនិយាយថា ដើរលេងតាមប្រាសាទមិនសប្បាយ ព្រោះដូចទៅមើលតែដុំថ្ម ហើយក្តៅទៀត។ អ្នកខ្លះទៅតែថតតែមួយភ្លែត ក៏ចេញវិញ។ រីឯបរទេសវិញ ពួកគេទិញសំបុត្រយន្តហោះធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រមកដើរលេងពេញប្រាសាទ។ ដល់តែខ្មែរយើងនិយាយចឹង អញដូចឆ្ងល់ដល់ហើយវ៉ើយ!
សុធីរ៖ វាមិនចម្លែកទេ។ អ្នកនិយាយថាប្រាសាទជាថ្ម មកពីពួកគេបានត្រឹមតែ«ស្គាល់» តែគេមិនទាន់«យល់»ពីប្រាសាទឡើយ។ ស្គាល់ មានន័យថា ត្រឹមតែឃើញ។ ពាក្យថា យល់ គឺបានន័យថា ដឹងពីប្រវត្តិនៃថ្មទាំងនោះ។ ដល់ពេលបាន«យល់» ទើបដឹងថាត្រូវ«ស្រឡាញ់»។
សំណាង៖ អ្ហែងនិយាយឱ្យច្បាស់បន្តិចមើល៍អ្ហា!
សុធីរ៖ នៅពេលដែលទេសចរបរទេស សម្រេចចិត្តមកទស្សនាប្រាសាទបុរាណនៅកម្ពុជា ពួកគេបានអាន និងទស្សនាឯកសារវីដេអូដើម្បីស្វែងយល់ពីប្រាសាទយើងរួចខ្លះហើយ។ ពេលមកដល់ប្រាសាទ ពួកគេមានមគ្គទេសក៍ និទានប្រាប់ពួកគេពីដើមដល់ចប់ ពីប្រវត្តិនៃកន្លែងមួយ ទៅកន្លែងមួយ។ ទេសចរបរទេសអាចស្គាល់រឿងរ៉ាវប្រាសាទខ្មែរ ច្រើនជាកូនខ្មែរជាច្រើនផង។ ដល់អ៊ីចឹងទៅ ទេសចរបរទេសស្រឡាញ់ប្រាសាទខ្មែរ ច្បាស់ជាងខ្មែរ។ និយាយបែបម្យ៉ាងទៀត បរទេសស្រឡាញ់វប្បធម៌ខ្មែរ និងស្រឡាញ់ប្រាសាទខ្មែរ ដោយមានមូលដ្ឋាន និងមូលហេតុច្បាស់ ថាហេតុអ្វីបានជាគេស្រឡាញ់។
សំណាង៖ ដល់អ្ហែងនិយាយអ៊ីចឹងទៅ អញគិតថា លើកក្រោយអញទៅលេងសៀមរាប អញនឹងជួលមគ្គទេសក៍ ឱ្យនិយាយរឿងរ៉ាវតាមប្រសាទឱ្យគ្រួសារ និងកូនៗអញបានស្តាប់តែម្តង។ តែដូចថ្លៃដែរ អញឮថាមួយថ្ងៃ៣០ ទៅ ៤០ដុល្លារអីណោះ!។
សុធីរ៖ សូមឱ្យមានជាចាប់ផ្តើមខ្លះក៏ល្អដែរ។ គ្រួសារអ្នកមានទ្រព្យសម្បត្តិ ដែលទៅដើរលេងមានលទ្ធភាពស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ គួរតែមានលទ្ធភាពចាប់ផ្តើមមុន។ នេះទី១។ ទី២ បើអាចរដ្ឋាភិបាលជួយឧបត្ថម្ភចំណែកតូចណាមួយ ដើម្បីជំរុញទឹកចិត្តឱ្យកូនខ្មែរបានស្តាប់ បានយល់ពីប្រសាទខ្មែរកាន់តែច្រើនក៏កាន់តែល្អ។ ទី៣ អញគិតថា បើសិនប្រជាពលរដ្ឋខ្មែរមានទម្លាប់ប្រើប្រាស់មគ្គទេសក៍នៅតាមរមណីយដ្ឋាន ការណ៍ក៏ធានាដល់របរមគ្គទេសក៍ខ្លះដែរ ដោយពុំចាំបាច់រំពឹងតែភ្ញៀវបរទេស។ សរុបមកវិញ អញចង់និយាយថា បើចង់និយាយពីជាតិនិយម ឱ្យតម្លៃវប្បធម៌ ឱ្យប្រជាជនស្រឡាញ់មរតកបេតិកភណ្ឌ និយាយឱ្យចំគឺស្រឡាញ់ប្រាសាទបុរាណខ្មែរ លុះត្រាតែពួកគេយល់ដឹងពីប្រវត្តិប្រាសាទទាំងនោះ ដោយមិនចាំបាច់ឱ្យពួកគេអានសៀវភៅឡើយ។ ដើរស្តាប់មគ្គទេសក៍និទានរឿងឱ្យស្តាប់ ហើយបានឃើញរូបភាពជាក់ស្តែងនៅតាមជញ្ជាំងប្រសាទ វាប្រាកដជារំភើបខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com