ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? អាហារ​និង​ភេសជ្ជៈ​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​អ្នក​ឆាប់​ចាស់​
24, Jan 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​សម្រស់​។ អាហារ​និង​ភេសជ្ជៈ​មួយចំនួន​មិនល្អ​សម្រាប់​សុខភាព​ស្បែក​ឡើយ​ដោយ​អាចធ្វើឱ្យ​ប្រែជា​ឆាប់​ចាស់​ជាង​វ័យ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ ព្រមទាំង​ភេសជ្ជៈ​ដែល​អ្នក​គួរ​ជៀសវាង​ដើម្បី​រក្សាបាន​នូវ​ស្បែក​ក្មេង​ជាង​វ័យ​រយៈពេល​យូរ ៖

 
១. អាហារ​និង​ភេសជ្ជៈ​ផ្អែម​
 
​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ច្រើនពេក​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​មិន​ត្រឹមតែ​ចំពោះ​សម្រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​សុខភាព​រាងកាយ​ទាំងមូល​។ ជាតិ​ស្ករ​ក្នុង​អាហារ​និង​ភេសជ្ជៈ​ផ្អែម​អាច​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក​។  ដូច្នេះ​ដើម្បី​ចៀសផុត​បញ្ហា​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​និង​ជ្រីវជ្រួញ​ស្រអាប់​ចូរ​ព្យាយាម​កម្រិត​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​របស់​អ្នក​។​
 
២. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​នឹង​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​។ ជា​លទ្ធផល​ស្បែក​ត្រូវ​ទទួលរង​ផលប៉ះពាល់​ដោយ​ប្រែជា​ស្ងួត​គ្មាន​សំណើម ឆាប់​ជ្រីវជ្រួញ​។ គ្រឿង​ស្រវឹង​ក៏​ធ្វើអោយ​ស​សៃ​ឈាម​រីក​ធំ​បណ្ដាលអោយ​ស្បែក​ប្រែជា​ស្រអាប់​។​
 
៣. កាហ្វេ​
 
​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាច​បង្កបញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។ ជា​លទ្ធផល​ស្បែក​នឹង​ប្រែជា​ស្ងួត ហើយ​បង្កើន​ការផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol ដែល​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​នៃ​ស្បែក​។​
 
៤. សាច់​កែច្នៃ​
 
​សាច់​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាចធ្វើឱ្យ​អ្នកមាន​អាកា​រៈ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាពបត់បែន​ក្នុង​ស្បែក​ផងដែរ​។ ការទទួល​ទាន​សាច់​កែច្នៃ​ក៏​អាចធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផងដែរ ដោយ​វា​គ្មាន​ផ្ទុក​សារធាតុចិញ្ចឹម​ល្អៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ​។ ដូច្នេះ​ដើម្បី​ជៀស​ផុតពី​គ្រោះថ្នាក់ កុំ​ទទួលទាន​សាច់​កែច្នៃ​ច្រើនពេក និង​មិនត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ​។​
 
៥. អាហារ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​
 
​ខ្លាញ់​ឆ្អែត saturated fats និង​ប្រភេទ​ខ្លាញ់ Trans fats អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែលជា​កត្តា​មួយ​ធ្វើឱ្យ​ស្បែក​ឆាប់​ចាស់​និង​គ្មាន​ភាពស្រស់ថ្លា​។​
 
៦. អាហារ​ប្រៃ​
 
​ការទទួល​ទាន​អាហារ​ប្រៃ​ច្រើន​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ប្រឈមមុខ​នឹង​បញ្ហា​សុខភាព​គួរឱ្យ​បារម្ភ​រួមមាន​លើស​សម្ពាធ​ឈាម​ជាដើម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ស្បែក​ផងដែរ​។ នេះ​ក៏​ព្រោះ​អំបិល​អាចធ្វើឱ្យ​ជាលិកា​ប្រែជា​ហើម​និង​បង្កបញ្ហា​មុន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​
​អំបិល​ក្នុង​កម្រិត​មធ្យម​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com