អន្តរជាតិ
ប្រវត្តិ «Chinatown» មាន​តាំងពី​ជាង​៤០០​ឆ្នាំមុន
23, Jan 2020 , 7:39 pm        
រូបភាព
ទិដ្ឋភាពនៅអំឡុងពេលចូលឆ្នាំប្រពៃណីចិន នៅ Chinatown របស់ Binondo ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (ប្រភពរូប៖ Chinadaily)
ទិដ្ឋភាពនៅអំឡុងពេលចូលឆ្នាំប្រពៃណីចិន នៅ Chinatown របស់ Binondo ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (ប្រភពរូប៖ Chinadaily)
ដោយ:
«​ក្រុង​ចិន​» ឬ «Chinatown» គឺជា​តំបន់​ដែល​ប្រមូលផ្តុំ​ដោយ​ជនជាតិ​ចិន ដែល​តាំងទី​នៅក្រៅ​ទឹកដី​កំណើត​ពួកគេ រួមមាន ចិន​, ហុងកុង ម៉ា​កាវ ឬ​តៃវ៉ាន់ ជាដើម ហើយ​ភាគច្រើន ស្ថិតក្នុង​តំបន់​ប្រជុំជន​។ តំបន់​ដែល​ស្គាល់​ថា «Chinatown» មាន​វត្ត​មាននៅ​ជុំវិញ​ពិភពលោក ដូចជា អឺរ៉ុប អាមេរិក​ខាងជើង អាមេរិក​ខាងត្បូង អាស៊ី អាហ្វ្រិក និង​អូស្ត្រាលី ជាដើម​។

 
​ការអភិវឌ្ឍ​នៃ​តំបន់ «Chinatown» ច្រើន​កើតឡើង​ដោយសារតែ​ការធ្វើការ​ចំណាកស្រុក​ទ្រង់ទ្រាយ​ធំ​របស់​ពួក​ជន​ជាតិចិន​ទៅកាន់​តំបន់​ដែល​គ្មាន​ជនជាតិ​ខ្លួន​សោះ ឬ​មាន​តិចតួច​បំផុត​។ ខណ្ឌ Binodo ក្នុង​រដ្ឋធានី ម៉ានីល នៃ​ប្រទេស​ហ្វីលីពីន ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ​១៥៩៤ ត្រូវបាន​ទទួលស្គាល់ថា «Chinatown» ដែលមាន​វ័យ​ចំណាស់​បំផុត​លើ​ពិភពលោក​។ 
 
​ក្រោយមក​ទើប​គេ​ឃើញ​វត្តមាន «Chinatown» នៅ​ក្រៅពី​តំបន់​អាស៊ី នោះ​គឺមាន​ដូចជា Chinatown របស់​ទីក្រុង San Francisco ក្នុង​សហរដ្ឋអាមេរិក និង Chinatown របស់​ទីក្រុង Melbourne ក្នុងប្រទេស​អូស្ត្រាលី ដែល​បាន​កើតឡើង​ក្នុង​ពាក់កណ្ដាល​សតវត្សរ៍​ទី ១៩ ។ 


ក្នុងតំបន់អាស៊ី Chinatown ធំបំផុត គឺស្ថិតក្នុងទីក្រុង Yokohama ប្រទេសជប៉ុន  (Xinhua)
 
​ក្នុង​តំបន់​អាស៊ី Chinatown ធំ​បំផុត គឺ​ស្ថិតក្នុង​ទីក្រុង Yokohama ប្រទេស​ជប៉ុន ។ ប្រ​វ​តិ្ត​របស់​វា គឺមាន​រយៈពេល​ជាង ១៦០​ឆ្នាំ​មកហើយ​។ ចំណែក Chinatown របស់​ប្រទេស​កូរ៉េខាងត្បូង ស្ថិតក្នុង​ទីក្រុង Incheon និង​ទីក្រុង សេ​អ៊ូ​ល ក៏ប៉ុន្តែ​មានតែ Chinatown របស់​ទីក្រុង Incheon គឺជា​Chinatown ផ្លូវការ​តែមួយគត់​របស់​ប្រទេស​កូរ៉េខាងត្បូង ដោយបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៨៤​។ 


Chinatown របស់ទីក្រុង Incheon ក្នុងប្រទេសកូរ៉េខាងត្បូង  (វេបសាយ៖ visitkorea.or.kr)
 
​ដោយឡែក ថៃ មាន Chinatown ធំៗ​ចំនួន ២ ដែលមាន​ទីតាំង​ក្នុង​ទីក្រុង បាងកក និង​ខេត្ត​ភូ​កេ​ត ។ សម្រាប់​ហ្វីលីពីន ក្រៅពី​មាន Chinatown ដែលមាន​អាយុ​ចំណាស់​ជាងគេ​លើ​ពិភពលោក​ហើយ ខ្លួន ក៏បាន​តំបន់ Chinatown មួយទៀត ដែល​ស្ថិតក្នុង​ទីក្រុង Davao ឬ​ស្គាល់​ថា Mindanao Chinatown ផងដែរ​។ 
 
​និយាយ​ដល់​ប្រទេស​ឥណ្ឌា​វិញ វា​មាន Chinatown ចំនួន ២ ដែល​ស្ថិតក្នុង​ទីក្រុង Kolkata និង​មួយទៀត គឺ​ស្ថិតក្នុង​ទីក្រុង Mumbai ។ ឥណ្ឌូណេស៊ី  ក៏មាន Chinatown ផងដែរ ដែល​ស្ថិតក្នុង​រដ្ឋធានី ហ្សា​កាតា ហើយ​ម៉ាឡេស៊ី មាន​មួយ​ដែរ គឺ​ស្ថិតក្នុង​ផ្លូវ Pataling Street ក្នុង​រដ្ឋធានី កូ​ឡា​ឡាំ​ពួ​៕

Tag:
 ចិន​
  ប្រវត្តិសាស្ត្រ​
  Chinatown
  ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com