អន្តរជាតិ
លោក ពូ​ទីន ច្រានចោល​គំរូ​ផ្ទេរអំណាច​បែប​លោក លី ក្វាន់​យូ​
23, Jan 2020 , 8:39 pm        
រូបភាព
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបជាមួយសិស្សនិស្សិតរបស់មជ្ឈមណ្ឌលអប់រំ។ រូបភាព៖ Reuters
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបជាមួយសិស្សនិស្សិតរបស់មជ្ឈមណ្ឌលអប់រំ។ រូបភាព៖ Reuters
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២២ ខែមករា បាន​លើកឡើងថា លោក​មិន​ត្រូវការ​គំរូ​ផ្ទេរអំណាច​ដូច​លោក លី ក្វាន់​យូ អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ទេ ព្រោះ​អំណាច​ប្រធានាធិបតី​រុស្ស៊ី ត្រូវតែ​ខ្លាំង ដើម្បី​ដឹកនាំ​ប្រទេស និង​គ្រប់គ្រង​បញ្ហា​ផ្សេងៗ​។


 
​លោក លី ក្វាន់​យូ គឺជា​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ចាប់ពី​ឆ្នាំ ១៩៦៥ ដល់​ឆ្នាំ ១៩៩០​។ បន្ទាប់ពី​បោះបង់​តួនាទី​នយោបាយ នៅក្នុង​ឆ្នាំ​២០០៤ លោក លី ក្វាន់​យូ ត្រូវបាន​គេ​ផ្តល់​ងារ​ថា រដ្ឋមន្ត្រី​ម​គ្គុ​ទេសន៍ (Minister Mentor) ដើម្បី​ផ្តល់យោបល់​ផ្សេងៗ​នៅក្នុង​រឿង​នយោបាយ និង​រក្សា​ស្ថិរភាព​សង្គម​។​
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ  នា​ជំនួប​ជាមួយ​ក្រុមនិស្សិត​មកពី​មជ្ឈមណ្ឌល​អប់រំ Sirius នាទី​ក្រុង Sochi លោក​ប្រធានាធិបតី​រុស្ស៊ី ពូ​ទីន ត្រូវបាន​និស្សិត​ម្នាក់​ចោទ​ជា​សំណួរ ថា​តើ​រុស្ស៊ី​អាចបង្កើត​ស្ថាប័ន ក្នុងការ​ផ្ទេរអំណាច​ដូច​នៅ​សិង្ហ​បុរី​ដែរឬទេ​។ 
 
​ជាការ​ឆ្លើយតប​ទៅនឹង​សំណួរ​ខាងលើ លោក ពូ​ទីន បាន​បញ្ជាក់ថា ប្រព័ន្ធ​បែបនេះ មិន​សាក​សមជា​មួយ​រុស្ស៊ី​នោះទេ​។ ក្នុងនេះ​ន័យ​លោក​ប្រធានាធិបតី​រុស្ស៊ី បាន​អះអាង​បែបនេះ​ថា​៖« គាត់ [​លី ក្វាន់​យូ​] គឺជា​បុរស​ដ៍​ពូកែ​ម្នាក់​... នោះ​គឺជា​ការពិត​។ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ពី​ការ​កាន់អំណាច​ក្នុង​រយៈពេល ៣០​ឆ្នាំ​របស់គាត់​ឡើយ​។ គាត់ [​លី ក្វាន់​យូ​] គឺជា​ស្ថាបនិក​សិង្ហ​បុរី នោះ​គឺជា​ការពិត​។ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ក្លាយជា​រដ្ឋមន្ត្រី​ម​គ្គុ​ទេសន៍ ដូច​គាត់​ដែរ​ឬ​?» នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
 
​បើតាម​លោកពូ​ទីន គំរូ​របស់​សិង្ហ​បុរី​ក្នុងការ​បង្កើត​តួនាទី​ផ្សេង ដើម្បី​ផ្ទេរអំណាច គឺ​មិនអាច​យកមកអនុវត្ត​នៅ​រុស្ស៊ី​បានទេ ព្រោះ​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំណែង​ប្រធានាធិបតី​។ ពោលគឺ ការបង្កើត​តំណែង​ថ្មី​នេះ នឹង​កាត់​បន្ថយអំណាច​ប្រធានាធិបតី​រុស្ស៊ី​។ ម្យ៉ាង​រុស្ស៊ី មិន​សាក​សមជា​មួយ​ប្រព័ន្ធ​ដឹកនាំ​របស់លោក​លី ក្វាង​យូ​ទេ​។ បានសេចក្តីថា​រុស្ស៊ី មិន​ត្រូវការ​ប្រព័ន្ធ​ដឹកនាំ​បែប​សិង្ហ​បុរី ដែលមាន​រដ្ឋមន្ត្រី​ម​គ្គុ​ទេសន៍​នោះទេ ព្រោះ​ប្រធានាធិបតី​រុស្ស៊ី ត្រូវតែ​មានអំណាច​ខ្លាំង ដើម្បី​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​។ 
 
​សូមបញ្ជាក់ថា សំណួរ​របស់​និស្សិត​មជ្ឈមណ្ឌល​អប់រំ​ម្នាក់នេះ គឺធ្វើឡើង​បន្ទាប់ពី មាន​ពាក្យ​ចចាមអារ៉ាម​ថា លោកពូ​ទីន បានប្រកាស​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​រុស្ស៊ី ដើម្បី​ត្រួស​ត្រាយផ្លូវ​ទៅរក​ការបន្ត​អំណាច​ទៀត ខណៈ​អាណត្តិ​ប្រធានាធិបតី​បច្ចុប្បន្ន​នឹង​ចប់​នៅ​ឆ្នាំ ២០២៤​។ រដ្ឋធម្មនុញ្ញ​រុស្ស៊ី​សព្វថ្ងៃ មិន​អនុញ្ញាត​ឲ្យ​លោក​កាន់តំណែង​អាណត្តិ​ទី​បី​ឡើយ​៕
 

Tag:
 ​រុស្ស៊ី​
  សិង្ហ​បុរី​
  លី ក្វាន់​យូ​
© រក្សាសិទ្ធិដោយ thmeythmey.com