អន្តរជាតិ
ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នៅក្នុង​ឆ្នាំ​២០២០ នៅក្នុង​ប្រទេស​ចិន​
24, Jan 2020 , 8:39 am        
រូបភាព
រូបភាព៖ VCG, Getty
រូបភាព៖ VCG, Getty
​ថ្ងៃទី​២៥ ខែមករា ប្រទេស​ចិន ក៏ដូចជា​ប្រជាជន​ចិន​នៅតាម​បណ្តា​ប្រទេស​មួយចំនួន នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​ប្រជាជន​ចិន គិតថា​គឺជា​ការលាង​ជម្រះ​រឿង​ចាស់​ទាំងឡាយ​នៅក្នុង​ឆ្នាំ​ចាស់​ឲ្យ​អស់ ហើយ​ចាប់ផ្តើម​រឿង​ថ្មី គំនិត​ថ្មី នៅក្នុង​ឆ្នាំ​ថ្មី​។ មិនតែប៉ុណ្ណោះ នៅមុខ និង​ក្នុង​កំពុង​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ ប្រជាជន​ចិន ត្រូវ​ធ្វើការ​យ៉ាងច្រើន និង​កាន់​ត្រណម​មួយចំនួន​។​


 
​ខាងក្រោម​នេះ គឺជា​អ្វី ដែល​ប្រជាជន​ចិន នឹងត្រូវ​ធ្វើ​៖ 

​ការសម្អាត និង​ការតុបតែង​ផ្ទះសម្បែង​មុន​ថ្ងៃ​ចូលឆ្នាំ​
​ជា​រៀងរាល់ឆ្នាំ​ប្រជាជន​ចិន តែងតែ​សម្អាតផ្ទះ​ឲ្យ​ស្អាត មុន​ថ្ងៃ​ចូលឆ្នាំថ្មី​មកដល់ ព្រោះ​វា​គឺជា​ការនាំ​លាភ​សំណាង​ចូលមក​ក្នុងផ្ទះ​។ ក្នុង​រយៈពេល​ពីរ បី​សប្តាហ៍​មុន​ថ្ងៃ​ចូលឆ្នាំ​នេះ ប្រជាជន​ចិន នឹង​ដុស​ជូត បោស​ធូលី ដក​ចោល​រុក្ខជាតិ​ងាប់ៗ ដើម្បី​ឲ្យ​បរិយាកាស​ក្នុងផ្ទះ មាន​ផាសុខភាព ស្អាត និង​ថ្មី​។ ប៉ុន្តែ​នៅ​ថ្ងៃ​ចូលឆ្នាំ​ចូលមក​ដល់ ប្រជាជន មិន​សម្អាតផ្ទះ​ជាដាច់ខាត​។ បើតាម​ជំនឿ​ពី​បុរាណ​មក វា​ប្រៀបដូចជា​បោស​លាភ​សំណាង​ចេញពីផ្ទះ​ផងដែរ​។ សូម្បីតែ​យក​សម្រាម​ចោល បោក​សំលៀកបំពាក់ ក៏​ត្រូវបាន​ហាមឃាត់​ដែរ​។
​បន្ទាប់ពី​សម្អាតផ្ទះ​រួច ប្រជាជន​ចិន​ចាប់ផ្តើម​តុបតែង​ផ្ទះ​របស់ខ្លួន​តាម​ចំណង់​រៀងៗ​ខ្លួន​។ ក្នុងការ​តុបតែង​ផ្ទះ ជន​ជាតិចិន​ភាគច្រើន មានការ​ដាក់​ចង្កៀង​ក្រហម​នៅ​ពីមុខ​ទ្វារ ដើម្បី​ដេញ​គ្រោះ​ចង្រៃ​, បិទ​ក្រដាស​សួស្តី​ឆ្នាំ​ថ្មី និង​ក្រដាស​ជូនពរ នៅតាម​ទ្វារ​, ការ​កាត់​រូបតំណាង​ឲ្យ​ភាពសុខដុមរមនា ដើម្បី​បិទ​នៅតាម​ទ្វារ ឬ​បង្អួច​, ការ​គូស​រូប​, បិទ​យ័ន្ត​, និង​ដាំ​ក្រូច​សម្រាប់​លម្អ​ជាដើម​។
 
​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន  
​ក្នុង​រយៈពេល​ថ្ងៃ​ឈប់សម្រាក​ចំនួន ៤​ថ្ងៃនេះ ជន​ជាតិចិន​ជាច្រើន​នាក់ នឹង​ជួបជុំគ្នា​បរិភោគ​អាហារ ការ​ឲ្យ​អាំង​ប៉ាវ ការធ្វើ​ពិធី​សែន​ទេពតា​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការអុជ​កាំជ្រួច និង​ផាវ នឹងធ្វើ​ឡើង​នៅ​គ្រប់​ផ្ទះ​ទាំងអស់ ដើម្បី​បណ្តេញ​គ្រោះ​ចង្រៃ និង​បិសាច​ទាំងឡាយ​ចេញពីផ្ទះ​។ ជាពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ប្រជាជន​ចិន តែងតែ​ស្លៀកពាក់​សំលៀកបំពាក់​ថ្មីៗ​ពណ៌​ក្រហម ដើម្បី​ទទួល​សាច់ញាតិ និង​ជូនពរ​គ្នា​ទៅវិញទៅមក​។ ក្រៅពីនេះ គេ​ក៏​មើល​ការសម្តែង​ផ្សេងៗ​ផងដែរ​ដូចជា មុង​សាយ​ជាដើម​។ 
 
​ត្រណម​ផ្សេងៗ​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ (Taboo)
​នា​ថ្ងៃ​ចូលឆ្នាំ​ចិន ជន​ជាតិចិន​ទាំងអស់​ត្រូវតែ​ត្រណម​មួយចំនួន​ដូចជា មិនត្រូវ​លេបថ្នាំ​, កុំ​យក​សម្រាម​ទៅ​ចោល​, កុំ​បរិភោគ​បបរ ឬ​សាច់​នៅពេល​ព្រឹក​, កុំ​បោក​សំលៀកបំពាក់ និង​កក់សក់​, ជៀសវៀង​បែកបាក់​សម្ភារៈ​ផ្សេងៗ​នៅក្នុង​ផ្ទះ​, កុំទៅ​មន្ទី​ពេទ្យ​, ជៀសវាង​ការខ្ចី​លុយ និង​ស្លៀក​សំលៀកបំពាក់​ចាស់​ជាដើម​។​
 
​បន្ថែម​ពីលើ​នេះ​នៅមាន​ត្រណម​បី​ទៀត​ក្នុង​ការផ្តល់​ជា​អំណោយ ដែល​ជនជាតិ​ចិន​មិនត្រូវ​ឲ្យ​ជាដាច់ខាត ព្រោះ​វា​តំណាង​ឲ្យ​រឿង​មិនល្អ​។ ត្រណម​ទីមួយ​គឺ កុំ​ផ្តល់​អំណោយ​មាន​ពណ៌​ស ឬ​ខ្មៅ​, ទី​ពី​គឺ​ខ្សែក និង​ទី​បី គឺ​មួក​ពណ៌​បៃតង​។  
 
​អំណោយ​ផ្សេង​
​ក្រៅពី​ត្រណម​ផ្សេងៗ ជនជាតិ​ចិន ក៏មាន​អំណោយ​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​។ អំណោយ​ទាំងនោះ មាន​អាំង​ប៉ាវ​ពណ៌​ក្រហម ដែល​តំណាង​ឲ្យ​សំណាងល្អ​, ស្រា​, បារី​, តែ​, ផ្លែឈើ​, និង​ស្ករ​គ្រាប់​ជាដើម​។ ក្រៅពីនេះ អំណោយ​ផ្សេងទៀត អាចមាន សំលៀកបំពាក់ សៀវភៅ និង​ស្រាក្រហម​ជាដើម ៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com