អន្តរជាតិ
វិស័យ​ទេសចរណ៍​ហ្វីលីពីន​អាច​នឹងរង​ផលប៉ះពាល់ បើ​តម្រូវឱ្យ​ពលរដ្ឋ​អាមេរិកាំង​សុំ​ទិដ្ឋាការ​ចូល​
24, Jan 2020 , 1:39 pm        
រូបភាព
អ្នក​ទេសចរ​លំហែកាយ​នៅ​លើ​ឆ្នេរ​នៅ​ពេល​ព្រះ​អាទិត្យ​លិច នៅ​លើ​កោះ Boracay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
អ្នក​ទេសចរ​លំហែកាយ​នៅ​លើ​ឆ្នេរ​នៅ​ពេល​ព្រះ​អាទិត្យ​លិច នៅ​លើ​កោះ Boracay ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។
ដោយ: VOA
​តៃប៉ិ ៖ ​ពលរដ្ឋ​អាមេរិកាំង​អាច​ចូលក្នុង​ប្រទេស​ហ្វីលីពីន ដែលជា​ប្រទេស​ប្រជុំ​កោះ​សម្បូរ​ទៅដោយ​ឆ្នេរ​ខ្សាច់​ស្រស់ស្អាត​ដោយ​មិនចាំបាច់​ស្នើសុំ​ទិដ្ឋាការ​ជាមុន​។ ការណ៍​នេះ​ធ្វើឱ្យ​ចំណេញ​ពេលវេលា និង​ថ្លៃ​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​នៅមុន​ពេលធ្វើ​ដំណើរ​។​

 
​អ្នកស្រី Maria Ela Atienza ដែលជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ University of the Philippines Diliman និយាយថា «​ប្រសិនបើ​យើង​មើល​ពី​ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​ហ្វីលីពីន​ជាមួយនឹង​សហរដ្ឋអាមេរិក ច្បាស់​ណាស់​ហ្វីលីពីន​នឹងមាន​ការខាតបង់​ច្រើនជាង​ពលរដ្ឋ​អាមេរិកាំង ប្រសិនបើ​មាន​បញ្ញត្តិ​អំពី​ទិដ្ឋាការ​បែប​នោះ​។ ពលរដ្ឋ​អាមេរិកាំង​អាចមាន​ជម្រើស​ផ្សេងទៀត​»​។​
 
​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​សរសេរ​តាមរយៈ​គេហទំព័រ​ខុទ្ទកាល័យ​របស់លោក​កាលពី​ខែ​មុន​ថា ពលរដ្ឋ​អាមេរិកាំង​នឹងត្រូវ​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ ប្រសិនបើ​សហរដ្ឋអាមេរិក​ហាមឃាត់​មន្ត្រី​របស់​រដ្ឋា​ភិ​បាល​ក្រុង​ម៉ានីល ដែល​ពាក់ព័ន្ធ​នឹង​ការផ្តន្ទាទោស​ឲ្យ​អ្នកស្រី Leila de Lima ជាប់ពន្ធនាគារ មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​នោះ​។ អ្នកស្រី Lima គឺជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន ដែលមាន​គំនិត​ប្រឆាំងនឹង​លោក​ប្រធានាធិបតី Duterte​។​
 
​លក្ខខណ្ឌ​តម្រូវឱ្យ​ពលរដ្ឋ​អាមេរិកាំង​សុំ​ទិដ្ឋាការ​ចូល​ហ្វីលីពីន​នេះ​អាច​នឹង​បន្ធូរបន្ថយ​ការខឹង​សម្បារ​ក្នុងចំណោម​ពលរដ្ឋ​ហ្វីលីពីន ដែល​ជឿថា បទបញ្ញត្តិ​សព្វថ្ងៃ​មាន​ភាពអយុត្តិធម៌​។ ពលរដ្ឋ​ហ្វីលីពីន​ត្រូវដាក់​ពាក្យស្នើសុំ​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក ដែល​ត្រូវ​បង់ប្រាក់​១៦០​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​ប្រាកដថា​ទទួលបាន​ទិដ្ឋាការ​នោះទេ​។​
 
​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​
 
​អ្នកវិភាគ​និយាយថា ការសង​សឹក​គ្នា​នេះ​អាច​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដែល​អាច​រកចំណូលបាន​ចំនួន​៤​ពាន់​៧​រយ​៨០​លាន​ដុល្លារ​នៅក្នុង​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៩ ដោយសារតែ​សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ធំ​ទី​៣ បន្ទាប់ពី​កូរ៉េខាងត្បូង និង​ចិន ដែល​ធ្វើ​ទេសចរណ៍​ទៅកាន់​ប្រទេស​ហ្វីលីពីន​។​
 
​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​ចំណាយពេល និង​ប្រាក់​ដើម្បី​ទទួលបាន​ទិដ្ឋាការ​អាច​សម្រេចចិត្ត​ទៅ​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​មិន​តម្រូវឱ្យ​សុំ​ទិដ្ឋាការ​ជាមុន ឬ​អាច​ស្នើសុំ​និង​បង់ប្រាក់​សម្រាប់​ទិដ្ឋាការ​នៅពេល​ទៅដល់​។​
 
​តួលេខ​របស់​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ហ្វីលីពីន​បាន​បង្ហាញថា តួលេខ​អ្នកទេសចរ​អន្តរជាតិ​ដែល​មកលេង​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៨​បាន​កើនឡើង​៧,៧%​លើស​ឆ្នាំ​២០១៧ ដែល​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មាន​ចំនួន​៧​លាន​១​សែន​នាក់​។ ក្នុងចំណោម​អ្នកទេសចរ​ទាំងនោះ អ្នកទេសចរ​ចំនួន​១.៥៨៧.៩៥៩​នាក់​មកពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន​១.២៥៥.២៥៨​នាក់​មកពី​ប្រទេស​ចិន និង​ចំនួន​១.០៣៤.៣៩៦​នាក់​មកពី​សហរដ្ឋអាមេរិក​។​
 
​ពលរដ្ឋ​អាមេរិកាំង​ជារឿយៗ​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ដើម្បី​សម្រាក​លំហែកាយ​នៅលើ​ឆ្នេរ​ខ្សាច់ និង​ទៅ​ទស្សនា​សំណង់​អេ​ស្ប៉ា​ញ​បុរាណ​។​
 
​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​ហ្វីលីពីន​ដែល​នៅតែ​កាន់​លិខិតឆ្លងដែន​ហ្វីលីពីន​នៅតែ​អាច​ចេញចូល​ស្រុកកំណើត​ដោយ​មិនចាំបាច់​សុំ​ទិដ្ឋាការ​។ លោក Ramon Casiple ដែលជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​សម្រាប់​កំណែទម្រង់​នយោបាយ និង​ការបោះឆ្នោត ដែលជា​អង្គ​ការតស៊ូ​មតិ​ប្រចាំ​នៅ​រដ្ឋធានី​ម៉ានីល បាន​និយាយថា​៖ «​អ្នកទេសចរ​ប្រហែលជា​អ្នក​រង​ផលប៉ះពាល់ គឺថា​អ្នកទេសចរ​អាមេរិកាំង​ដែល​មិនមាន​កំណើត​នៅ​ហ្វីលីពីន​»​។​

​សមាជិក​ព្រឹទ្ធសភា​និង​លោក​ប្រធានាធិបតី Duterte
 
​លក្ខខណ្ឌ​តម្រូវ​ឲ្យ​សុំ​ទិដ្ឋាការ​អាច​បង្ហាញ​ពី​ការប្រឆាំង​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ចំពោះ​សំណើ​ថវិកា​របស់​សហរដ្ឋអាមេរិក​ក្នុងការ​ហាមឃាត់​មន្ត្រី​មួយចំនួន​ពាក់ព័ន្ធ​នឹង​ករណី​របស់​សមាជិក​ព្រឹទ្ធសភា​អ្នកស្រី De Lima មិនឱ្យ​ចូលក្នុង​ទឹកដី​អាមេរិក​។​


អ្នកស្រី De Lima សមាជិក​ព្រឹទ្ធសភា​ដែល​មាន​និន្នាការ​ប្រឆាំង​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​បន្ទាប់ពី​តុលាការ​ថ្នាក់​តំបន់​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អ្នកស្រី កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
 
​អ្នកស្រី De Lima ដែលជា​អ្នក​រិះគន់​ដ៏​ខ្លាំងក្លា​ទៅលើ​លោក​ប្រធានាធិបតី Duterte ត្រូវបាន​កាត់ទោស​នៅក្នុង​ឆ្នាំ​២០១៧ ពីបទ​រៀបចំ​ឱ្យមាន​ការជួញដូរ​គ្រឿង​ញៀន នៅពេល​អ្នកស្រី​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មុន​ឆ្នាំ​២០១៥​។ មនុស្ស​មួយចំនួន​ជឿថា ការចាប់ខ្លួន​អ្នកស្រី​គឺជា​រឿង​នយោបាយ​។​
 
​សំណើ​ថវិកា​អាមេរិកាំង​ឆ្នាំ​២០២០​មាន​បទបញ្ញត្តិ​មួយ​ដែល​ផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រីការបរទេស​ក្នុងការ​ហាមឃាត់​មន្ត្រី​ហ្វីលីពីន​មួយចំនួន​មិនឱ្យ​ចូលក្នុង​ទឹកដី​អាមេរិក ប្រសិនបើ​ភាគី​អាមេរិក​រកឃើញ​នូវ «​ព័ត៌មាន​គួរឱ្យ​ទុកចិត្តបាន​» ថា មន្ត្រី​ទាំងនោះ «​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការកាត់ទោស​ខុស​» ទៅលើ​អ្នកស្រី De Lima​។​
 
​លោក Salvador Panelo អ្នកនាំពាក្យ​របស់​ប្រធានាធិបតី [​ហ្វីលីពីន​] បាន​សរសេរ​នៅលើ​គេហទំព័រ​ខុទ្ទកាល័យ​ប្រធានាធិបតី​ថា «​យើង​បាន​ពន្យល់​ម្តង​ហើយ​ម្តង​ទៀតថា បទបញ្ញត្តិ​នោះ​មិនមាន​ប្រសិទ្ធភាព​នោះទេ ដោយសារតែ​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន​មិន​ត្រូវបាន​ឃុំខ្លួន​ខុស​នោះទេ​។ លោក​បាន​បន្តថា ប្រសិនបើ​សហរដ្ឋអាមេរិក​សម្រេច​ចិត្ត​ហាមឃាត់​មន្ត្រី​ហ្វីលីពីន​មែន​នោះ «​រដ្ឋាភិបាល​ហ្វីលីពីន​នឹង​តម្រូវឱ្យ​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ដែល​ចង់​ធ្វើដំណើរ​មក​ហ្វីលីពីន​ដាក់ពាក្យ​ស្នើសុំ និង​ទទួលបាន​ទិដ្ឋាការ មុនពេល​ពួកគេ​អាច​ចូលក្នុង​ទឹកដី​ហ្វីលីពីន​បាន​ដូចគ្នា​ដែរ​»​។​
 
​ស្ថានទូត​អាមេរិក​នៅក្នុង​ក្រុង​ម៉ានីល​មិនបាន​ឆ្លើយតប និង​ផ្តល់​អត្ថាធិប្បាយ​នោះទេ​។​
 
​បញ្ហា​នៃ​ការធ្វើសម្បទាន​ទៅវិញទៅមក​
 
​លោក Casiple បាន​និយាយថា បទបញ្ញត្តិ​អំពី​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​អាច​នឹងធ្វើ​ឱ្យមាន​ការចរចា​ទៅលើ​បទបញ្ញត្តិ​អំពី​ទិដ្ឋាការ​នៃ​ប្រទេស​ទាំងពីរ​។ ពលរដ្ឋ​ហ្វីលីពីន​ត្រូវតែ​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក​។ មិនមែន​អ្នកដាក់ពាក្យ​ទាំងអស់​សុទ្ធតែ​ទទួលបាន​ទិដ្ឋាការ​នោះទេ​។​
 
​លោក​បាន​និយាយថា «​ខ្ញុំ​គិតថា វា​ស្ថិតក្នុង​បរិបទ​នៃ​ការចរចា​ឡើងវិញ​។ វា​មិន​ស្ថិតក្នុង​បរិបទ​គោលនយោបាយ​ភ្លាមៗ​នោះទេ​។ ច្បាស់​ណាស់ វា​នឹងមាន​ការលើកឡើង​ពី​ការធ្វើសម្បទាន​គ្នា​ទៅវិញទៅមក​»​។​
 
​កាលពីមុន ពលរដ្ឋ​ហ្វីលីពីន​ចាត់ទុក​សហរដ្ឋអាមេរិក​ដែលជា​ប្រទេស​មាន​ជាង​ខ្លួន ជា​កន្លែងធ្វើការ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​ផ្ញើ​ប្រាក់​មកឱ្យ​គ្រួសារ​នៅផ្ទះ​វិញ​។ អ្នកដាក់ពាក្យសុំ​ទិដ្ឋាការ​ទេសចរណ៍​ត្រូវ​បង់ប្រាក់​ចំនួន​១៦០​ដុល្លារ​អាមេរិក និង​ត្រូវ​ឆ្លងកាត់​ការសម្ភាសន៍​នៅ​ស្ថាន​កុងស៊ុល​ដើម្បី​ទទួលបាន​ទិដ្ឋាការ​។ ទិន្នន័យ​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​របស់​សហរដ្ឋ​អាមេរិក​បង្ហាញថា ពលរដ្ឋ​ហ្វីលីពីន​ចំនួន​៥.២៧៦​នាក់​បាន​ស្នាក់​នៅក្នុង​សហរដ្ឋអាមេរិក​លើស​ថ្ងៃ​កំណត់​ក្នុង​ទិដ្ឋាការ​របស់​ពួកគេ កាលពី​ឆ្នាំ​២០១៨​។​
 
​មនុស្ស​មួយចំនួន​និយាយថា លោក​ប្រធានាធិបតី Duterte នឹងមិន​ធ្វើតាម​ការគំរាមកំហែង​របស់លោក​នោះទេ ។​
 
​លោក Sean King ដែលជា​អនុប្រធាន​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នយោបាយ​ដែលមាន​ឈ្មោះថា Park Strategies និង​មាន​មូលដ្ឋាន​នៅក្នុង​បុរី​ញូវយ៉ក​និយាយថា «​ខ្ញុំ​មិនសូវ​ជឿ​លើ​ការ​គំរាម​អំពី​ទិដ្ឋាការ​របស់លោក​ប្រធានាធិបតី Duterte ដោយសារតែ​លោក​ប្រធានាធិបតី​មាន​ប្រវត្តិ​គ្រាន់តែ​គំរាម​បែបនេះ​។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹងមាន​ភាពល្អប្រសើរ​យូរ​ជាង​ការដឹកនាំ​របស់លោក Duterte ទៅទៀត​។ យើង​មិនអាច​បារម្ភ​ជ្រុល​ពី​រឿង​តូចតាច​ដែល​លោក​ធ្វើ​នោះទេ​។​
 
​លោក King បាន​និយាយទៀតថា ប្រសិនបើ​សហរដ្ឋអាមេរិក​ចង់​សងសឹក សហរដ្ឋអាមេរិក​គួរ​ព្យាយាម​ជៀសវាង​កុំឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ហ្វីលីពីន​ជារួម ប៉ុន្តែ​ធ្វើយ៉ាងណា​ឱ្យ​ប៉ះពាល់​តែ «​លោក Duterte ដោយផ្ទាល់​» ទៅបាន​ហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com