ព្រឹត្តិការណ៍​ថ្មើរជើង​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ បន្ថែម​ផលិក​ផល ដើម្បី​បង្កើន​ភាព​ទាក់ទាញ​
កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ថ្មើរជើង​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ បន្ថែម​ផលិក​ផល ដើម្បី​បង្កើន​ភាព​ទាក់ទាញ​
25, Jan 2020 , 7:59 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023
​ឧ​ត្ត​រ​មានជ័យ​៖ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ថ្មើរជើង​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម សម្រេច​បន្ថែម​ប្រភេទ​កីឡា​មហាជន និង​បង្កើត​កម្មវិធី​កម្សាន្ត​មួយចំនួន​នៅ​ឆ្នាំនេះ​។ ការបន្ថែម​សមិទ្ធផល​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ ក៏ដូចជា​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​អន្លង់វែង​។ ជាពិសេស ចង់​កែប្រែ​មុខមាត់​ស្រុក​អន្លង់វែង ដែល​ទីតាំង​បញ្ចប់សង្គ្រាម​ស៊ីវិល​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម ឲ្យ​ក្លាយជា​ទិសដៅ​ទេសចរណ៍​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​នៅ​កម្ពុជា​។

 
​ព្រឹត្តិការណ៍​ថ្មើរជើង​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​នៅ​ឆ្នាំនេះ នឹង​ផ្លាស់ប្តូរ​មុខមាត់​ទាំង​ទំហំ​នៃ​ការរៀបចំ និង​ភាព​ទាក់ទាញ​។ ការផ្លាស់ប្តូរ​មុខមាត់​នេះ គឺ​បន្ទាប់ពី​គណៈកម្មការ​រៀបចំ​បានសម្រេច​បន្ថែម​ព្រឹត្តិការណ៍​កីឡា​និង​បង្កើត​កម្មវិធី​កម្សាន្ត ក៏ដូចជា​បង្កើន​ថ្ងៃ​នៃ​ការរៀបចំ​ជាដើម​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​រាល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា គឺ​ចូលរួម​និង​សហការ​ពី​ស្រុក​មួយចំនួន​នៅ​ប្រទេស​ថៃ​។ 
 
​នា​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​តៀម​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្លង់វែង លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បញ្ជាក់ថា គណៈកម្មការ​រៀបចំ​នឹងដាក់​កីឡា​ចំនួន​៦​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួត​និង​សម្តែង​នៅ​ឆ្នាំនេះ​រួមមាន​រត់ប្រណាំង ជិះ​កង់ ប្រណាំងទូក​ខ្នាតតូច ចំបាប់​មហាជន ល្បុក្កតោ និង​ប្រដាល់​គុន​ខ្មែរ ខណៈ​ឆ្នាំមុន​មាន​រត់ប្រណាំង និង​ដើរ​ថ្មើរជើង​។ គណៈកម្មការ ក៏បាន​បង្កើន​ពេលវេលា​រៀបចំ​ផងដែរ ដោយ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៧-៩ ខែកុម្ភៈ ឆ្នាំ​២០២០ ខណៈ​ឆ្នាំមុន​មានតែ​មួយថ្ងៃ​ប៉ុណ្ណោះ​។ 
 


 
​បើតាម​លោក វ៉ា​ត់ ចំរើន ការបន្ថែម​សកម្មភាព​កីឡា និង​បង្កើន​ពេលវេលា​រៀបចំ គឺ​ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​សមិទ្ធផល​ទេសចរណ៍​មួយ​នេះ​មាន​លក្ខណៈ​ប្លែក និង​ទាក់ទាញ​កាន់តែខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាពិសេស ដើម្បី​ពង្រីក និង​អភិវឌ្ឍន៍​សមិទ្ធផល​នេះ​ឲ្យ​ក្លាយ​ចលករ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​កម្ពុជា​។ 
 
​ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​មួយ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្កើន​និង​រឹតចំណង​សាមគ្គីភាព​រវាង​កម្ពុជា​-​ថៃ​ឲ្យ​កាន់តែ​ល្អប្រសើរ ក៏ដូចជា​ទាក់ទាញ​ភ្ញៀវទេសចរ និង​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាពិសេស​ស្រុក​អន្លង់វែង​។  ការបញ្ជ្រាប​ការយល់ដឹង​ទាក់​ទង់​នឹង​ប្រវត្តិសាស្ត្រ​នៃ​ការកកើត​និង​បញ្ចប់សង្គ្រាម​ស៊ីវិល​នៃ​របប​ខ្មែរក្រហម និង​អបអរ​ខួប​២០​ឆ្នាំ​នៃ​ការទទួលបាន​សន្តិភាព ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន​។ 
 
​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បាន​បន្ថែមថា គោលបំណង​សំខាន់​មួយទៀត​នោះ គឺ​ក្រសួងទេសចរណ៍​ចង់​កែប្រែ​ស្រុក​អន្លង់វែង​ដែលជា​ទីតាំង​ចុងក្រោយ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៃ​របប​ខ្មែរក្រហម​ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។ ជាពិសេស ចង់បង្ហាញ​មហាជន​ថា អន្លង់វែង​ដែលជា​ស្រុក​ធ្លា​ប់រាំ​រ៉ៃ​ដោយ​សង្គ្រាមស៊ីវិល​មាន​សន្តិភាព​ពេញលេញ​។ ព្រោះ​មាន​អ្នកសារព័ត៌មាន​អន្តរជាតិ និង​អ្នករស់នៅ​ក្រៅប្រទេស​មួយ​ចំនួន​នៅ​គិតថា ស្រុក​អន្លង់វែង​ស្ថិតក្នុង​ស្ថានភាព​អសន្តិសុខ​។ នេះ​បើតាម​ការអះអាង​របស់​លោក វ៉ា​ត់ ចំរើន​។ 
 
​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ឌី រ៉ា​ដូ មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​ថ្មើរជើង​ទៅកាន់​តំបន់​ប្រវត្តិសាស្ត្រ​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍ និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ លោក​អះអាងថា ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា និង​ទាក់ទាញ​វិនិយោគ​គិ​ន​ឲ្យ​មក​បោះ​ទុក​រកស៊ី​នៅ​ស្រុក​អន្លង់វែង​ទៀតផង​។​
 


លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ, រូបភាពពី Cambodia SEA Games 2023
 
​សម្រាប់​ព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​៣​គីឡូម៉ែត្រ និង​៥​គីឡូម៉ែត្រ គណៈកម្មការ​គ្រោង​រៀបចំ​ឲ្យ​មាន​អ្នកចូលរួម​ត្រឹមតែ​១៥០០​នាក់​ប៉ុណ្ណោះ ខណៈ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ចូលរួម​ចំនួន​៧៥០​នាក់​។ ការចូលរួម​របស់​កីឡាករ​កីឡាការិនី​ជា​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ជាតិ​និង​អន្តរជាតិ មិន​ទាមទារ​ឲ្យ​បង់ប្រាក់​នោះទេ តែ​ត្រូវ​រ៉ាប់រង​លើ​ការចំណាយ​ថ្លៃ​អាហារ ធ្វើដំណើរ និង​ស្នាក់នៅ​។ ការរត់​រៀបចំ​នៅលើ​ខ្នងភ្នំ​ដែរ ដោយ​ចេញដំណើរ​ពី​ច្រក​អន្តរជាតិ​ជាំ​ឆ្ពោះទៅ​ពើយ​តា​ម៉ុក​(​ផ្ទះ​កណ្តា​លតា​ម៉ុក​)​។ 
 
​ចំណែក​កីឡា​ប្រណាំង​កង់​ចម្ងាយ​១០​គីឡូម៉ែត្រ​គ្រោង​ធ្វើឡើង​ក្នុងរ​ង្វ​ន់​ចន្លោះ​ពី​៧០០​ទៅ​៨០០​នាក់ ដោយ​បើក​ឲ្យ​ភាគី​ថៃ​ចូលរួម​ជាង​៣០០​នាក់​។ រីឯ​ប្រដាល់​គុន​ខ្មែរ​មិត្តភាព​អន្តរជាតិ​គ្រោង​រៀបចំ​ចំនួន​១២​គូ ដែលជា​ការប្រកួត​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​។ ជាមួយគ្នានេះ ការ​ប្រណាំងទូក​ខ្នាតតូច ក៏មាន​ការចូលរួម​ពី​ភាគី​ថៃ​ផងដែរ​។ ដោយឡែក កីឡា​ចំបាប់​ធ្វើឡើង​បែប​មហាជន​ដោយ​បើក​សេរី​ឲ្យ​មហាជន​ចូលរួម និង​ការសម្តែង​គុន​ល្បុក្កតោ​។ ក្រៅពី​ព្រឹត្តិការណ៍​កីឡា ក៏មាន​ការប្រគំ​តន្ត្រី និង​ការតាំង​បង្ហាញ​ស្តង់​ពិព័រណ៍​ផលិតផល​ជាតិ​និង​អន្តរជាតិ​ផងដែរ​៕   








 

Tag:
 វ៉ា​ត់ ចំរើន​
  ឧ​ត្ត​រ​មានជ័យ​
  អន្លង់វែង
© រក្សាសិទ្ធិដោយ thmeythmey.com