អន្តរជាតិ
តុលាការ​យុត្តិធម៌​អន្តរជាតិ បញ្ជា​ឲ្យ​មី​យ៉ាន់​ម៉ា​បញ្ឈប់​អំពើប្រល័យពូជសាសន៍​លើ​រ៉ូ​ហ៊ីង​យ៉ា​
24, Jan 2020 , 11:46 am        
រូបភាព
​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ថ្ងៃទី​២៣ ខែមករា បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បញ្ឈប់​អំពើហិង្សា​ទាំងអស់ និង​បញ្ចៀស​ការ​ប្រល័យពូជសាសន៍​លើ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ រដ្ឋ​អាហ្វ្រិក​ហ្កំ​ប៊ី ដែល​តំណាង​ឲ្យ​ប្រទេស​កាន់សាសនា​ឥស្លាម​៥៧​ប្រទេស​ទៀត ជា​អ្នកប្ដឹង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការអន្តរជាតិ​មួយ​នេះ បន្ទាប់ពី​មានការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ជនភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine រហូត​មានការ​ភៀសខ្លួន​ទៅ​បង់​ក្លាស​ដែ​ស​។​

 
​ក្នុងការ​សម្រេចចិត្តរ​បស់​ខ្លួន តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ទាត់ចោល​ជា​ឯកច្ឆន្ទ​អំណះអំណាង​របស់​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​ករណី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​បានកំណត់​ជំហាន​សំខាន់ៗ​ដើម្បី​ការពារ​ជនភាគតិច​មួយក្រុម​នេះ ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាងខ្លាំង​សំណាក់​យោធា​មី​យ៉ាន់​ម៉ា​។ ក្រុម​យោធា ក៏​រង​ការចោទប្រកាន់ថា មានបំណង​ប្រល័យពូជសាសន៍​ជន​ជាត​រ៉ូ​ហ៊ីង​យ៉ា​អំឡុង​ប្រតិបត្តិការ​របស់ខ្លួន​ដែល​ចាប់ផ្ដើម​កាលពី​សីហា ឆ្នាំ​២០១៨ ។​
 
​ប្រធាន​អង្គជំនុំជម្រះ លោក  Abdulqawi Ahmed Yusuf និយាយថា វា​ជា​គំនិត​របស់​តុលាការ​ដែល​រ៉ូ​ហ៊ីង​យ៉ា នៅតែ​រងគ្រោះ​ខ្លាំង​បំផុត​។ ក្នុងន័យនេះ តុលាការ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡេ​អេ ទឹកដី​ហូ​ឡង់ បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ណៃ​ពិដោ​ចាត់វិធានការ​ទៅតាម​អំណាច​របស់ខ្លួន​ដើម្បី​ទប់ស្កាត់​អំពើ​ដែល​មានចែង​ក្នុង​អនុ​ស​ញ្ញ​ស្ដីពី​ឧក្រិដ្ឋកម្ម​ឆ្នាំ​១៩៥៤ ។ ពោល គឺ​មី​យ៉ាន់​ម៉ា ត្រូវ​បញ្ចៀស​ការសម្លាប់​សមាជិក​ក្រុម​ជនជាតិ​ណាមួយ ឬក៏​ការបំពាន​រូបរាងកាយ​។​
 
​តុលាការអន្តរជាតិ ក៏​បញ្ជា​ឲ្យ​មី​យ៉ាន់​ម៉ា​រាយការណ៍​នៅ​បួន​ខែ​បន្ទាប់ និង​បន្ត​រាយការណ៍​ទៀត​នៅ​រៀងរាល់​៦​ខែម្ដង​។ មី​យ៉ាន់​ម៉ា ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​ការពារ​ភស្តុតាង​ទាំងអស់​ដែល​ទាក់ទង​បទឧក្រិដ្ឋ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ផងដែរ​។​
 
​ប្រទេស​តំបន់​អាហ្វ្រិក​ហ្កំ​ប៊ី តំណាង​ឲ្យ​រដ្ឋ​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) បាន​ប្ដឹង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការអន្តរជាតិ និង​ស្នើ​ឲ្យ​តុលា​ការចេញ​សេចក្ដីសម្រេច​បន្ទាន់​មួយ​ដើម្បី​ការពារ​រ៉ូ​ហ៊ីង​យ៉ា​។ ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បានចេញ​មុខ​ទៅ​តតាំង​ក្ដី​ដោយផ្ទាល់​ដល់​ទឹកដី​ហូ​ឡង់​។ អ្នកស្រី ស៊ូ​ជី ក៏​រង​ការរិះគន់​ដោយសារ​រឿងនេះ ព្រោះ​ប្រៀបដូចជា​ចេញមុខ​ការពារ​យោធា​ដែលជា​អ្នកប្រព្រឹត្ត ខណៈ​កំពុង​រង​ប្រតិកម្ម​ព្រោះ​មិន​ជួយ​ជនភាគតិច​មួយ​នេះ​ផង​នោះ​។​
 
​ក្រោយ​ការប្រកាស​របស់​តុលាការ ទីក្រុង​ណៃ​ពិដោ ក៏​ចេញមុខ​ប្រកាស​ជាថ្មី​ថា គ្មាន​ឧក្រិដ្ឋកម្ម​នៅ Rakhine ឡើយ តែ​ប្រកាស​កត់សម្គាល់​ពី​ការសម្រេចចិត្ត​នេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា បានចាត់ទុក​ការរិះគន់​របស់​តួអង្គ​បរទេស​ខ្លះ ជាការ​បំភ្លៃ​ស្ថានភាព​ពិត​។ ឯ​ដើមបណ្ដឹង​វិញ ចាត់ទុក​ការសម្រេចចិត្ត​នេះ ជា​ជោគជ័យ​របស់​តុលាការអន្តរជាតិ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  ICJ
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com