សម្ដេច ហ៊ុន សែន នឹង​ជួប​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ចាំបាច់ នៅ​ដើម​ខែមេសា​ខាងមុខ​
ជាតិ
សម្ដេច ហ៊ុន សែន នឹង​ជួប​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ចាំបាច់ នៅ​ដើម​ខែមេសា​ខាងមុខ​
24, Jan 2020 , 2:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​វិស័យ​ឯកជន លើក​ទី​១៩ នៅ​ថ្ងៃទី​១ មេសា ខាងមុខ​។ នេះ​បើតាម​ចំណារ​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​ចា​រលើ​លិខិត​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ស្នើសុំ​រៀបចំ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៩​។​


 
​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ជជែក​ដោយ​បើកចំហ ​រវាង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកធ្វើអាជីវកម្ម​នៅ​កម្ពុជា ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ពាក់ព័ន្ធ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​ការធ្វើ​ធុរកិច្ច​ជាដើម​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណេះ វេទិកា​នេះ វា​ក៏​អាចជួយ​ឱ្យ​រដ្ឋាភិបាល​រក​ធាតុ​ចូល សម្រាប់​ការដាក់ចេញ​នូវ​កំណែទម្រង់​ជា​កញ្ចប់ ដើម្បី​ធានា​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក៏ដូចជា​ការប្រកួតប្រជែង​ទំនិញ​របស់​កម្ពុជា ​នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​ជំរុញ​ខឿនសេដ្ឋកិច្ច​កម្ពុជា ​កាន់តែ​មាន​ភាពរឹងមាំ​ថែមទៀត​។​
 
​កាលពី​ថ្ងៃទី​២៩ មីនា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល ក៏បាន​ជួប​វិស័យ​ឯកជន និង​បាន​ដោះស្រាយ​បញ្ហាសំខាន់​នានា ក្នុង​សម្រួល​ដល់​ការរកស៊ី​របស់​ពួកគេ​ផងដែរ​។ ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន លើក​ទី​១៨ គ្រានោះ សម្ដេច ហ៊ុន សែន បានប្រកាសថា សម្ដេច​នឹង​អាច​ជួប​វិស័យ​ឯកជន​២​ដង​ក្នុង​មួយឆ្នាំ ដើម្បី​ដោះស្រាយ​បញ្ហា​ណា​ដែល​ចាំបាច់​ទៀតផង ៕

Tag:
 ​ហ៊ុន សែន​
  សេដ្ឋកិច្ច​
  វិស័យ​ឯកជន
© រក្សាសិទ្ធិដោយ thmeythmey.com