ជាតិ
សម្តេច ហ៊ុន សែន ឯកភាពឲ្យមានការប្តូរទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ រូបថត ហ្វេសប៊ុកក្រសួង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពតាមសំណើររបស់លោក ចម ប្រសិទ្ធ ដែលបានសុំគោលការណ៍កែសម្រួល និងប្តូរឈ្មោះក្រសួងរបស់លោកពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ នេះបើតាមលិខិតរបស់លោក ខូយ ឃុនហួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានសរសេរទៅកាន់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
សម្តេច ហ៊ុន សែន មានចំណារឆ្លើយតបទៅលោក ចម ប្រសិទ្ធ នាថ្ងៃទី២២ ខែមករា ពោលគឺមួយថ្ងៃក្រោយរដ្ឋមន្ត្រីរូបនេះ បានដាក់សំណើ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ចំពោះការឲ្យប្តូរទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយស្នើឲ្យធ្វើវិសោធនកម្មច្បាប់ និងឯកសារគតិយុត្តផ្សេងៗពាក់ព័ន្ធនឹងរចនាសម្ព័ន្ធក្រសួងថ្មី។
ក្រសួងថ្មីនេះ ត្រូវបានតម្រូវឲ្យមានអង្គភាពថ្មីពីរគឺ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប៉ុន្តែមិនតម្រូវឲ្យបន្ថែមនូវក្របខណ្ឌរដ្ឋឡើយ។
ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផ្តល់យោបល់ឲ្យមានការបើកទូលាយដល់ឥស្សរជនសំខាន់ៗ បញ្ញវន្ត ដែលមានសញ្ញាបត្រពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញដែលចង់ផ្ទេរក្របខណ្ឌពីក្រសួងស្ថាប័នផ្សេង។ ជាមួយគ្នានេះ ក្រសួងដែលនឹងត្រូវប្តូរឈ្មោះនោះ មានបេសកកម្ម ធ្វើឲ្យផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា មានប្រសិទ្ធភាព និងទូលំទូលាយ ស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០៕
© រក្សាសិទ្ធិដោយ thmeythmey.com