ភ្នំពេញ៖ ពលរដ្ឋខ្មែរមួយចំនួន បាន នឹងកំពុងប្រតិបត្តិតាមប្រពៃណីវប្បធម៌ជាតិ និងវប្បធម៌បរទេស។ ជាក់ស្តែង នៅអំឡុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ជនជាតិខ្មែរមួយចំនួន ប្រឹងធ្វើខ្លួនជាអ្នកជាប់សែស្រឡាយចិន និងខំបដិបត្តិតាមប្រពៃណីទំនៀមទម្លាប់ចិន ទាំងដែលខ្លួនមិនជាប់សាច់ឈាមចិនសោះ។ ពលរដ្ឋខ្មែរមួយចំនួន ក៏បានប្រតិបត្តិតាមវប្បធម៌ចិន ការណ៍នេះ បានបង្ហាញឱ្យឃើញ ពីវិបត្តិវប្បធម៌ជាតិ។ អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ, ផ្នែកវប្បធម៌ និងអ្នកជំនាញទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម បានលើកឡើងដូចគ្នាថា ខ្មែរគួរតែចេះខ្មាសខ្លួនឯង ពេលមិនបានអប់រំកូនចៅ ឱ្យចេះចាំស្ទាត់គ្រឹះវប្បធម៌ខ្លួន ហើយបណ្ដោយឱ្យឥទ្ធិពលបរទេស គ្របដណ្ដប់លើសតិអារម្មណ៍ ក្មេងជំនាន់ក្រោយ។
នាពេលបច្ចុប្បន្ន គេសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួន ទាំងជាប់សែស្រឡាយចិន និងមិនជាប់សោះ កំពុងបដិបត្តិតាមប្រពៃណីចិនយ៉ាងផុសផុល។ ផ្សារ ស្ថាប័ន និងសាលារៀនមួយចំនួនត្រូវបិទទ្វា ដោយយកលេសរវល់គ្រប់បែបយ៉ាង ដើម្បីសម្រួលឱ្យសិស្សបានឈប់ក្នុងថ្ងៃចូលឆ្នាំចិន។
លោក ប៉ា ចន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម បានសង្កេតឃើញថា ទាំងខ្មែរនៅទីក្រុង និងនៅជនបទកាន់តែច្រើន នាំគ្នាសែនចូលឆ្នាំចិន និងតុបតែងផ្ទះជារបៀបចិន ដោយភ្ជាប់ជំនឿថា ការណ៍នេះនឹងនាំឱ្យពួកគេរកស៊ីមានបាន។ ផ្ទុយទៅវិញអ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គមរូបនេះ បានមើលឃើញថា បាតុភូតសង្គមបែបនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិវប្បធម៌ និងវិបត្តិអត្តសញ្ញាណរបស់ពលរដ្ឋខ្មែរទៅវិញទេ។
លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
លោកបញ្ជាក់បន្ថែមដូច្នេះ៖«ពេលខ្លះ គាត់ឈប់ឱ្យតម្លៃ ឈប់មានជំនឿលើវប្បធម៌ប្រពៃណីខ្មែរ ហើយទៅទទួលយកវប្បធម៌ដទៃ ទាំងដែលអ្នកខ្លះ មិនជាប់សាច់ញាតិចិនសោះ។ យើងមើលមហាសេដ្ឋីធំៗនៅក្នុងពិភពលោក គេមិនមានសែនចិន ឬកាត់ចិនទេ គេពឹងទៅលើតែគំនិត និងការខិតខំប្រឹងប្រែងរកស៊ី។ ការធ្វើខ្លួនជាចិន ខ្ញុំយល់ថាគឺជាការវង្វេងធាតុខ្លួន ហើយមិនឱ្យតម្លៃវប្បធម៌ជាតិ យូរទៅពួកគេក៏បំភ្លេចខ្លួនឯង»។
លោក ប៉ា ចន្ទរឿន ថែមទាំងមើលឃើញទៀតថា ការបដិបត្តិតាមប្រពៃណីចិនក្នុងសង្គមខ្មែរ ហាក់ធ្វើជ្រុលហួសហេតុ លើសការបដិបត្តិនៅប្រទេសចិនទៅទៀត ដូចជាការដុតយ័ន្ត និងដុតផ្ទះក្រដាសច្រើនលើសលុប ដែលបង្ហាញពីការខ្ជះខ្ជាយ។ ជាងនោះទៅទៀត ប្រជាជនខ្មែរ បានក្លាយជាអតិថិជនរបស់បរទេស ដោយមិនបានយកវប្បធម៌របស់ខ្លួន ទៅធ្វើជាប្រយោជន៍ ឬធ្វើជំនួញ។
«ការយកប្រាក់ទៅទិញយ័ន្ត និងទិញផ្ទះក្រដាសយកទៅដុត វាដូចជាយកប្រាក់ទៅដុតចោលអ៊ីចឹង។ ខ្មែរយើងហាក់ដូចជាជ្រុលនិយមពេក នៅប្រទេសចិន គេមិនធ្វើហួសហេតុដូច្នេះទេ។ ខ្ញុំគ្រាន់តែផ្ដាំថា បើចង់ធ្វើអ្វី ឬមុនធ្វើអ្វី គួរគិតពិចារណាឱ្យបានច្បាស់។ បើខ្មែរកាន់តែច្រើន ងាកទៅរកវប្បធម៌ចិន ឬបរទេស តើមានអ្នកណាកាន់យក និងអភិរក្សវប្បធម៌ដើមរបស់យើង? ពេលនោះជាតិយើង កាន់តែបាត់បង់អត្តសញ្ញាណ។ ថ្ងៃណាមួយ វប្បធម៌របស់យើង អាចក្លាយជាវប្បធម៌របស់ជនជាតិភាគតិច នៅលើទឹកដីកំណើត»។ នេះជាការមើលឃើញរបស់លោក ប៉ា ចាន់រឿន។
ចំណែកលោក វ៉ាយ វិបុល សមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិ ក៏បានលើកឡើងដែរថា បើទោះបីគេកាត់សែស្រឡាយចិនក្ដី ក៏គេគួរគប្បីគិតថា ខ្លួនកើតលើទឹកដីខ្មែរ មានឈាមជាខ្មែរដែរ ដូច្នេះគួរគោរព និងឱ្យតម្លៃវប្បធម៌ទាំងពីរស្មើគ្នា។
លោក វ៉ាយ វិបុល សមាជិកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិ (រូបផ្ដល់ឱ្យ)
លោក វ៉ាយ វិបុល ពន្យល់បន្ថែម៖«ខ្មែរយើងពីដើមខ្លាំងណាស់ ព្រោះខ្មែរមានជំនឿលើខ្លួនឯង ខ្មែរឱ្យតម្លៃលើខ្លួនឯង។ ប៉ុន្តែបច្ចុប្បន្នខ្មែរអស់ជំនឿលើខ្លួនឯង ទើបចេះតែចាប់យកវប្បធម៌គេ ឱ្យតម្លៃវប្បធម៌គេ។ អ្នកខ្លះមានបន្តិចបន្ទួច ក៏មើលងាយខ្មែរ ដូច្នេះការអប់រំពីវប្បធម៌ ត្រូវតែមានការយកចិត្តទុកដាក់ឱ្យមែនទែន។ អ្នកកាត់ចិនសែនក៏សែនចុះ តែគួរគិតពីវប្បធម៌ខ្មែរឱ្យដូចគ្នាផង»។
ស្របនឹងអ្នកជំនាញទាំងពីរខាងលើ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានលើកអំណះអំណាងខាងប្រវត្តិសាស្ត្រមកបញ្ជាក់។ លោកថានៅសតវត្សរ៍ទី៣នៃគ្រឹះសករាជ ក្នុងសម័យអាណាចក្រភ្នំ មានវត្តមានជនជាតិចិនមកលើទឹកដីខ្មែរទៅហើយ ក្នុងនាមជាអ្នកជំនូញ។ មកដល់សម័យចេនឡា វត្តមានជនជាតិចិនលើទឹកដីខ្មែរ មិនត្រឹមតែលើពាណិជ្ជកម្ម តែទៅលើការទូតថែមទៀតផង។ តែខ្មែរ មិនបានរងឥទ្ធិពលណាមួយពីចិនឡើយ។
លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ (រូបផ្ដល់ឱ្យ)
រហូតមកដល់សម័យអង្គរ នៅឆ្នាំ២៩៦ លោក ជីវ តាក្វាន់ បានកត់ត្រាថា ខ្មែរបានទទួលឥទ្ធិពលចិន ដោយចេះធ្វើតៅហ៊ូ ចេះធ្វើសៀង និងចេះធ្វើអ្វីមួយដែលទាក់ទងនឹងចិន តែខ្មែរមិនបាននិយមប្រើប្រពៃណីចិន ឬសែនចូលឆ្នាំចិននោះទេ។ លោក សំបូរ មាណ្ណារ៉ា បន្ថែមទៀតថា ឯកសាររបស់លោក ជីវតា ក្វាន់ ក៏បាននិយាយដែរថា ខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរយ៉ាងអធិកអធម។
ប៉ុន្តែនៅក្រោយសម័យបារាំង ឆ្នាំ១៩៥៣ ប្រទេសខ្មែរចាប់ផ្ដើមមានទំនាក់ទំនងជាមួយចិនកាន់តែខ្លាំងឡើង។ ប្រជាជននៃប្រទេសទាំងពីរ ចាប់ផ្ដើមមានចំណងអាពាហ៍ពិពាហ៍នឹងគ្នា ហើយជនជាតិចិន មានកាន់តែច្រើនលើទឹកដីខ្មែរ។ បន្ត មកដល់ពេលបច្ចុប្បន្ន វប្បធម៌ចិនកាន់តែមានឥទ្ធិពលខ្លាំង ក្នុងសង្គមខ្មែរ។
«ការរៀបអាពាពិពាហ៍ បាននាំឱ្យច្បាប់ទម្លាប់ចិន ជ្រៀតចូលក្នុងគ្រួសារ និងសង្គមខ្មែរ។ ខ្ញុំគិតថា បើខ្មែរស្គាល់ខ្លួនឯងច្បាស់ ឱ្យតម្លៃវប្បធម៌ខ្លួននោះ ទោះវប្បធម៌គេចូលមកយ៉ាងណា ក៏ដោយ ក៏យើងមិនបារម្ភដែរ។ មនុស្សខ្មែរ ត្រូវតែចេះខ្មាសខ្លួនឯង ពេលមិនបានអប់រំកូន ឱ្យបានដឹងពីគ្រឹះវប្បធម៌ជាតិ»។
ខ្មែរមានទស្សនវិជ្ជាមួយថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។ ប៉ុន្តែសំណួរមួយបានសួរថា ចុះបើខ្មែរកាន់តែច្រើនឡើងៗ ភ្លេចដើមកំណើតរបស់ខ្លួន មើលតែបំណាំ មិនជួយខ្នះខ្នែង បន្ទោសបង្អាប់ជាតិសាសន៍ខ្លួន ហើយមិនបានចូលរួមធ្វើអ្វីសោះ ដើម្បីជួយជាតិ និងធ្វើឱ្យវប្បធម៌ថ្កើងថ្កាន ដោយឃើញតែជាតិសាសន៍ដទៃល្អគ្រប់យ៉ាង តើប្រទេសជាតិនឹងទៅជាយ៉ាងណា?៕