អន្តរជាតិ
ទូរ​កុងតឺន័រ​៖ អ្នក​ផ្លាស់ប្តូរ​ការដឹកជញ្ជូន​ទំនិញ​ក្នុង​ពិភពលោក​កាលពី​៦០​ឆ្នាំមុន​
25, Jan 2020 , 3:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រាល់​ការដឹកជញ្ជូន​ទ្រង់ទ្រាយ​តែងតែមាន​ការប្រើប្រាស់​ទូ​រ​កុងតឺន័រ ទោះជា​តាម​រថយន្ត​ធំៗ ឬ​នៅតាម​នាវា​ឡើយ​។ ទូរ​កុងតឺន័រ​មាន​តួនាទី​ផ្ទុកទំនិញ​រាប់រយ​ប្រភេទ​ដែល​ត្រូវបាន​គេ​ដឹក​មកពី​ផែ​នានា​ជុំវិញ​ពិភពលោក​។ តាមពិតទៅ​ឧបករណ៍​នេះ​ជាការ​ច្នៃប្រឌិត​មួយ​ដ៏​អស្ចារ្យ​របស់​បុរស​ម្នាក់​ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​វិស័យ​ដឹកជញ្ជូន​។

 
 
​គេហទំព័រ Discover Containers បានធ្វើការ​បកស្រាយ​ថា អស់​ពេល​រាប់​សតវត្ស​មកហើយ មនុស្ស​បាន​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​ទៅវិញទៅមក ដោយ​ឆ្លងកាត់​តាម​ទន្លេ និង​មហាសមុទ្រ​ដែលមាន​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​។ 
 
​ប៉ុន្តែ​ការដឹកជញ្ជូន​ទាំងនោះ​តែង​ប្រព្រឹត្តទៅ​ជាមួយ​ការលំបាក និង​ចំណាយ​រយៈពេល​យូរ  ក៏ដូចជា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ នេះ​ក៏​ព្រោះថា ការ​វិច​ខ្ចប់​តាម​ស្តង់ដារ​មួយ​មិនត្រូវ​ទាន់​បាន​គេ​បង្កើតឡើង​។ ក្នុងពេលនោះ ទំនិញ​ត្រូវបាន​គេ​ស្តុក​ទុក​នៅតាម​ឃ្លាំងទំនិញ មាន​ទីតាំង​នៅក្បែរ​កំពង់​ផែ ចាំ​នាវា ឬ​កប៉ាល់ទឹក​ទំនិញ​មកដល់​។​
 
​ជាធម្មតា គេ​ច្រក​ទំនិញ​នានា​នៅក្នុង​ធុង ពាង​ឈើ ស្បោង បាវ ដែល​បង្កលក្ខណៈ​លំបាក ថែមទាំង​ចំណាយ​កម្លាំង​មនុស្ស​ជាច្រើន​នាក់​។ លំនាំ​នៃ​ការផ្ទេរ​ទំនិញ​នេះ​ត្រូវបាន​គេ​ហៅថា «Break Bulk Cargo» ហើយ​ជាធម្មតា ក្នុង​នាវា​មួយគ្រឿង​អាចមាន​ទំនិញ​រហូត​ទៅដល់​២​សែន​ទំនិញ​។ នៅ​ដើមឆ្នាំ​១៩០០ ការផ្ទេរ​ទំនិញ​បែបនេះ ជួបប្រទះ​ជាមួយនឹង​ភាពយឺតយ៉ាវ​។ 
 
​នៅក្នុង​សម័យកាល​នោះ ការដឹង​ជញ្ជូន​តាម​រថភ្លើង​ក៏​កំពុង​តែមាន​ប្រជាប្រិយភាព​ផងដែរ ហើយ​ការផ្ទេរ​ទំនិញ​ពី​
​រថភ្លើង​ទៅកាន់​កប៉ាល់​ម្តងៗ​ពិតជា​ចំណាយធនធាន​ច្រើន ដែល​ធ្វើ​ឲ្យ​ទំនិញ​ដែល​ចេញទៅ​ក្នុង​ទីផ្សារ​មានតម្លៃ​ថ្លៃ​ជាង​ធម្មតា​។ ពេលខ្លះ កប៉ាល់​មួយ​អាច​ត្រូវការ​រយៈពេល​ដល់ទី​៦​សប្តាហ៍​ក្នុង​ការលើក​ទំនិញ​ចេញចូល​។ 
 
​ក្រោយមក បុរស​ជនជាតិ​អាមេរិក​ម្នាក់​លោក Malcom McLean បាន​កែប្រែ​របៀប​នៃ​ការដឹកជញ្ជូន​នេះ​។ លោក Malcom កើត​នៅក្នុង​រដ្ឋ ខា​រ៉ូ​លី​ណា​ខាងជើង ក្នុង​ឆ្នាំ​១៩១៤​។ នៅក្នុង​ឆ្នាំ​១៩៣១ លោក​បានបញ្ចប់​ការសិក្សា រួច​បាន​បង្កើត​អាជីវកម្ម​របស់ខ្លួន​ក្នុង​ឆ្នាំ​១៩៣៤​។ ថ្ងៃមួយ លោក​បាន​ពិនិត្យ​កន្លែង​ផ្ទេរ​ទំនិញ រួច​បាន​ប្រទះឃើញ​ភាពយឺតយ៉ាវ​របស់​កម្ម​ករ​ក្នុងការ​លើកដាក់​ទំនិញ​តាមបែប​បុរាណ​មួយ​នេះ​។​
 
 លោក​បាន​រិះរក​វិធីសាស្ត្រ​ក្នុងការ​ផលិត​ឧបករណ៍​មួយ​ប្រភេទ​គឺ «​ទូរ​កុងតឺន័រ​» ដែល​អាច​ប្រើប្រាស់​បាន​នៅ​គ្រប់​ទីកន្លែង គ្រប់​រថយន្ត​ដឹក និង​កប៉ាល់ ដែលមាន​លក្ខណៈ​ស្តង់ដារ មិនមាន​ទំហំ​ផ្សេងគ្នា​។ លោក​បាន​សហការ​ជាមួយនឹង​វិស្វករ​ម្នាក់​ឈ្មោះ Keith Tantlinger ក្នុងការ​រចនា​ទូរ​កុងតឺន័រ​មួយ​ដែលមាន​លក្ខណៈសាមញ្ញ មាំ ងាយស្រួល​រំកិល និង​សុវត្ថិភាព​។​
 
 លោក Malcom បាន​កែប្រែ​រថយន្ត​ដឹកទំនិញ និង​កប៉ាល់​របស់លោក​ឲ្យ​មាន​លក្ខណៈពិសេស​ក្នុង​ការដឹក​ទូរ​កុងតឺន័រ​ទាំងនេះ​។ ការលើកដាក់​ទំនិញ​ត្រូវបាន​គេ​ប្រើប្រាស់​ពេលវេលា​កាន់តែ​ខ្លី​ទៅៗ និង​ចំណេញ​កន្លែង​ស្តុក​ទៀតផង​។ ដោយសារតែ​ភាពងាយស្រួល​នេះ ទើប​ក្រុមហ៊ុន​ជាច្រើន​ដទៃទៀត​បានចាប់ផ្តើម​យកតម្រាប់​តាម​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ​។ 
 
​សព្វថ្ងៃ ទូរ​កុងតឺន័រ​ស្តង់ដារ​ពីរ​ប្រភេទ​ដែល​គេ​ប្រើប្រាស់​គឺ ប្រភេទ​ទំហំ ២០​ហ្វ៊ូ​ត និង ៤០​ហ្វ៊ូ​ត​។ ការកែប្រែ​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា «Containerization»​។ គេ​អាច​និយាយបានថា ទំនិញ​ដែល​ធ្វើដំណើរ​មកដល់​ដៃ​រប​ស់​គ្រប់គ្នា​ក្នុងតម្លៃ​មួយ​ធូរ​ថ្លៃ និងរ​ហ័យ​នេះ​គឺជា​សមិទ្ធផល​នៃ​ការរកឃើញ​រប​ស់បុរ​សម្នាក់​ក្នុង​រយៈពេល​តែ​ជាង​៦០​ឆ្នាំមុន​ប៉ុណ្ណោះ​៕ 

Tag:
 ​ចំណេះដឹង​ទូទៅ
© រក្សាសិទ្ធិដោយ thmeythmey.com