ចាប៉ី​ឃ្លោក​ពេញនិយម សម្រាប់​ជនជាតិដើម​ភាគតិច​ទំពួន​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចាប៉ី​ឃ្លោក​ពេញនិយម សម្រាប់​ជនជាតិដើម​ភាគតិច​ទំពួន​
25, Jan 2020 , 3:19 pm        
រូបភាព
លោក មាស ហឿន ដៃ​កាន់ឧបករណ៍ចាប៉ី​ឃ្លោក ដែល​មក​ពីខេត្ត​រតនៈគិរី
លោក មាស ហឿន ដៃ​កាន់ឧបករណ៍ចាប៉ី​ឃ្លោក ដែល​មក​ពីខេត្ត​រតនៈគិរី
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក មាស ហឿន វ័យ​៦៥​ឆ្នាំ ជា​ជនជាតិដើម​ភាគតិច​ទំពួន ដែល​ខំ​ថែរក្សា​សិល្បៈ​ចម្រៀង និង​តន្ត្រី​ជនជាតិ​ខ្លួន​នោះ បាន​ប្រាប់ថា​ចាប៉ី​ឃ្លោក ក៏ដូចជា​តន្ត្រីបុរាណ​ដ​ទៃទៀត​នៅតែ​ជាទី​ពេញនិយម​ចូលចិត្ត សម្រាប់​ជនជាតិដើម​ភាគតិច​ទំពួន បើទោះបី​ជាមាន​តន្ត្រីសម័យ​ហូរ​ចូល​ក្ដី​។ ជនជាតិដើម​ភាគតិច​ទំពួន រៀន​ចាប៉ី​ឃ្លោក​ដោយ​ផ្ដោត​សំខាន់​លើ​ការថែរក្សា​អត្តសញ្ញាណ​ដូនតា ហើយ​ពួកគេ​ប្រគំ​លេង​កម្សាន្ត​កំដរ​អារម្មណ៍ នៅពេល​ទំនេរ​ពី​ការងារ​។

 
 
​តទៅ​នេះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖




 
​មានឱកាស​ចែករំលែក​ពី​សិល្បៈ​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព ដែល​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ កាលពីពេល​កន្លងទៅ លោក មាស ហឿន ដែលជា​ជនជាតិដើម​ភាគតិច​ទំពួន បានមក​រាជធានី​ភ្នំពេញ ជាមួយ​ចាប៉ី​ឃ្លោក​របស់គាត់​។​
 
​មានកូន​៥​នាក់ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តរតនគិរី​រូបនេះ ថា​កុមារ​ក៏ដូចជា​យុវជន​ជនជាតិដើម​ភាគតិច​ទំពួន នៅតែ​ស្រឡាញ់​និង​ចូលចិត្ត សិល្បៈ​តន្ត្រីបុរាណ​ច្រើន បើទោះបី​ជាមាន​តន្ត្រីសម័យ​ជ្រៀតចូល​យ៉ាងណាក្ដី​។ តែ​ទោះជា​យ៉ាងណា ដោយសារ​មមាញ​ញឹក នឹង​ការសិក្សា​ចំណេះដឹង​ទូទៅ ពួកគេ​មិនមាន​ពេលវេលា​គ្រប់គ្រាន់ ក្នុងការ​ហ្វឹកហាត់​ឧបករណ៍​ភ្លេងបុរាណ​ឡើយ​។​
 
​លោក ហឿន បញ្ជាក់ថា​ជនជាតិដើម​ភាគតិច​ទំពួន រៀន​ភ្លេងបុរាណ មិនមែន​ដើម្បី​រកប្រាក់​ចំណូល​ឡើយ តែ​ពួកគេ​រៀន​ដើម្បី​ថែរក្សា​កេរតំណែល​សល់​ពី​ដូនតា​។ យ៉ាងណាក៏ដោយ ក្រុម​ភ្លេង​របស់លោក មាស ហឿន បានទទួល​អតិថិជន​មិន​ដាច់​៖«​ឆ្នាំ​២០១៩​នេះ មាន​គេ​ហៅ​ភ្លេង​ខ្ញុំ​ទៅលេង​ច្រើន​។ គេ​ប្រើ​ធុងបាស តែ​ក្នុង​កម្មវិធី​ធំៗ​តិចតួច​ប៉ុណ្ណោះ​»​។​
 
​មានចិត្ត​ស្រឡាញ់​សិល្បៈ វប្បធម៌ អត្តសញ្ញាណ​របស់ខ្លួន​តាំងពី​តូច លោក មាស ហឿន បាន​ចូល​បម្រើ​សិល្បៈ​តាំងពី​អាយុ​១៥​ឆ្នាំ រហូតមកដល់​បច្ចុប្បន្ន​។ និយាយ​បណ្ដើរ ឯភ្នែក​រេ​មើលទៅ​សិល្បករ​ដទៃទៀត ដែល​អង្គុយ​នៅក្បែរ​បណ្ដើរ បុរស​សម្បុរ​ស្រអែម ដែល​តែងខ្លួន​ក្នុង     សម្លៀកបំពាក់​ប្រពៃណី​ទំពួន បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​ជា​អ្នកគាំទ្រ​សិល្បៈ អត្តសញ្ញាណ​ជាតិ​ខ្លួនឯង​ហ្នឹង​យូរហើយ រហូតមកដល់​សព្វថ្ងៃ​។ ធ្វើការ​នេះ​ច្រើនពេក​ទៅ ខ្ញុំ​ក៏មាន​ឈ្មោះ​ក្នុង​ក្រុម​វប្បធម៌​បឹង​យក្ស​ឡោម​។ គេ​ចង់​ទាក់ទង​ទៅ​សម្ដែង​នៅ​កន្លែង​ណា គេ​តែងតែ​រក​ខ្ញុំ​។ បើ​ចង់រក​ជា​ក្រុម គឺ​ខ្ញុំ​ទៅជា​ក្រុម ដែលមាន​សមាជិក​២៥​នាក់​»​។ 


លោក មាស ហឿន ជន​ជាតិ​ទំពួន កំពុង​លេង​ឧបករណ៍​ចាប៉ីឃ្លោក
 
​ប្រធាន​មន្ទីរ​វប្បធម៌​ជនជាតិដើម​ភាគតិច​ទំពួន លោក មាស ហឿន ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ច្រើន​ប្រភេទ យ៉ាង​ស្ទាត់ជំនាញ​។ «​ខ្ញុំ​ចេះ​វាយគង​១៣​ផ្លែ និង​១៥​ផ្លែ​។ តែ​ខ្ញុំ​មិនបាន​យកមក​ទេ ព្រោះ​បើ​យកមក ទាល់តែ​មក​ទាំង​ក្រុម​តែម្ដង​។ ខ្ញុំ​ចេះ​លេង​ឧបករណ៍​ម៉ឹម ចេះ​លេង​ចាប៉ី​ឃ្លោក ចេះ​រាំ ចេះ​ច្រៀង ចេះ​ត្បាញ ចេះ​ឆ្លាក់​។ អ្នកចេះ​ស្ទាត់​ដូច​ខ្ញុំ នៅក្នុង​ភូមិ​មានតែ​៣​នាក់​ប៉ុណ្ណោះ​»​។ នេះ​ជាការ​អះអាង​របស់លោក ហឿន​។​
 
​មិនសូវ​ខ្វល់​ពី​សំឡេង​រំខាន​នៅ​ជុំវិញខ្លួន លោក មាស ហឿន ខំ​ប្រាប់​ពី​តួនាទី​របស់​ចាប៉ី​ឃ្លោក​និង​ឧបករណ៍​បុរាណ​មួយចំនួនទៀត បម្រើ​ក្នុង​វប្បធម៌​របស់ខ្លួន យ៉ាង​ដូច្នេះ​ថា​៖«​ឧបករណ៍​នេះ​លេង​ក្នុង​កម្មវិធី​បុណ្យ កម្មវិធី​ឡើង​គេហដ្ឋាន កម្មវិធី​សែន​ភូមិ និង​កម្មវិធី​សែន​ចម្ការ​។ គេ​លេង​ក្នុង​កម្មវិធី​សប្បាយៗ មាន​លេង​នៅក្នុង​ខ្ទម ក្នុង​សារមន្ទីរ និង​នៅ​កន្លែង​ដែល​ស្ងាត់ៗ​។ គេ​មិនសូវ​លេង​ក្នុង​ចំ​ណោ ម​មនុស្ស​អ៊ូអរ​ទេ ព្រោះ​ឧបករណ៍​ចាប៉ី​ឃ្លោក​នេះ សំឡេង​វា​តូច​ឮ​តិច​»​។​
 
​មាន​តួខ្លួន​ធ្វើ​ពី​បំពង់​ឫស្សី​ពក ដោយមាន​សំបក​ឃ្លោក​ជា​ប្រអប់​សំនៀង និង​មាន​ខ្សែ​ហ្វ្រាំង​កង់​ច្រើន​សរសៃ​ចង​ជាប់​នឹង​ដង ព័ទ្ធជុំវិញ​តួខ្លួន សម្រាប់​កេះ​ឱ្យចេញ​ជា​សូរសំឡេង​។ ចាប៉ី​ឃ្លោក​នេះ ខុសគ្នា​ដាច់ស្រឡះ​ពី​ចាប៉ីដងវែង​របស់​ខ្មែរ​កណ្ដាល ទាំង​សំនៀង និង​រូបរាង​។ 
 
​អង្គុយ​ក្រោម​ដើម​ជ្រៃ​ក្នុង​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស​(IFL) ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព លោក មាស ហឿន ប្រាប់​ពី​ធាតុ​ផ្សំ​របស់​ចាប៉ី​ឃ្លោក ទាំង​ដែល​លើក​ឧបករណ៍​បង្ហាញ​ខ្ញុំ​ផង​។ «​ហ្វ្រាំង​កង់​ទិញ​នៅ​កន្លែង​ជាង​ធ្វើ​ម៉ូតូ​។ ខ្សែ​ហ្វ្រាំង​កង់​ធ្វើជា​ខ្សែ​សំនៀង តួខ្លួន​ធ្វើ​ពី​ឫស្សី​ពក ឯ​ដង​ធ្វើ​ពី​ឫស្សីថ្ង ហើយ​ប្រអប់​សំនៀង​ធ្វើ​ពី​សម្បក​ឃ្លោក​ទុំ​»​។ 
 
​រយៈពេល​នៃ​ការធ្វើ​ចាប៉ី​បុរាណ របស់​ជនជាតិដើម​ភាគតិច​ទំពួន​នេះ គឺ​មិនយូរ​ឡើយ ប៉ុន្តែ​បើ​គេ​ចង់ឱ្យ​វា​កាន់តែ​ស្អាត នោះគេ​ត្រូវ​ឆ្លាក់​ក្បាច់ ឬ​រូប​ផ្សេងៗ​តាម​ចំណូលចិត្ត​ក៏បាន​។ លោក ហឿន ដែលជា​អនុប្រធាន​ភូមិ​សិល្ប៍ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ពន្យល់​ដូច្នេះ​៖«​ធ្វើ​ពី​ព្រឹក​ដល់​ល្ងាច​រួច​មួយ​។ យើង​ហាល​២​ថ្ងៃ ដើម្បីឱ្យ​វា​ល្អ ហើយ​បើ​យើង​ចង់​ស្អាត យើង​ឆ្លាក់​ក្បាច់ និង​លាបថ្នាំ​ក្រហម​ទៀត​ទៅ​វា​ល្អមើល​។ ឧបករណ៍​ចាប៉ី​ឃ្លោក​នេះ បើ​ទិញ​តម្លៃ​៥​ម៉ឺន​រៀល​»៕ 

Tag:
 ចាប៉ី​ឃ្លោក​
 ​ឧបករណ៍​ភ្លេង​
 ​មាស ហឿន​
 ​ទំពួន​
 ​ជនជាតិដើម​ភាគតិច​
 ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com