ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
​កវីនិពន្ធ​វ័យក្មេង ស៊ុយ លីន​ប៉ាវ ៖«​សង្គម​មួយ​សម្បូរ​អ្នកអាន សង្គម​នោះ​សម្បូរ​ដោយ​បញ្ញវន្ត​»
26, Jan 2020 , 2:59 pm        
រូបភាព
​ភ្នំពេញ​៖ និស្សិត​ឆ្នាំ​ទី​៤ ផ្នែក​ស្ថាបត្យកម្ម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ស៊ុយ លីន​ប៉ាវ បាន​ចាប់យក​ការ​តែង​និពន្ធ​ជា​ការងារ​រួមចំណែក​បង្កើន​ការអាន​នៅ​កម្ពុជា​។ ជា​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​ក៏ពិតមែន តែ លីន​ប៉ាវ ស្រឡាញ់​ការ​តែង​និពន្ធ​សៀវភៅ​ដោយ​ចង់បង្ហាញ​គំនិត​អប់រំ​ដល់​អ្នកអាន តាមរយៈ​ស្នាដៃ​និពន្ធ​សៀវភៅ​។ ជា​កវីនិពន្ធ​វ័យ​២១​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ លីន​ប៉ាវ និពន្ធ​សៀវភៅ​បាន​ចំនួន​៧​ក្បាល​ក្នុង​រយៈពេល​១​ឆ្នាំកន្លះ ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រិយមិត្ត​អ្នកអាន​ជាច្រើន​។ លីន​ប៉ាវ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើ​សង្គម​មួយ​សម្បូរ​អ្នកអាន សង្គម​មួយ​នោះ​សម្បូរ​ដោយ​បញ្ញវន្ត​»​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey និង​លោក ស៊ុយ លីន​ប៉ាវ អ្នកនិពន្ធ​រឿង​ប្រលោមលោក ដូចតទៅ​៖ 


 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ កវីនិពន្ធ ស៊ុយ លីន​ប៉ាវ បាន​អះអាងថា ថ្វីបើ​ខ្លួន​មាន​បទពិសោធ​ក្មេងខ្ចី​ក្នុង​វិស័យ​តែង​និពន្ធ​នេះ​ក្ដី ប៉ុន្តែ យុវជន​វ័យ​២១​ឆ្នាំ រូបនេះ យល់ថា​ស្នាដៃ​និពន្ធ​របស់ខ្លួន ក៏​ជា​ផ្នែក​មួយ​ក្នុងការ​រួមចំណែក​ជំរុញ​ការអាន​នៅ​កម្ពុជា​ដែរ​។​
 
«​ខ្ញុំ​ចង់ឃើញ​សង្គម​កម្ពុ​ជាមាន​មនុស្ស​ភាគច្រើន បក​មកកាន់​សៀវភៅអាន ព្រោះ​មានតែ​ការអាន​ទេ ទើប​ធ្វើ​ឲ្យ​មនុស្ស​អាច​អភិវឌ្ឍន៍​គំនិត​និង​សមត្ថភាព​»​។ នេះ​ជាការ​ពន្យល់​របស់​អ្នកនិពន្ធ​វ័យក្មេង ស៊ុយ លីន​ប៉ាវ ដែល​កាន់តែ​ជំរុញ​ទឹកចិត្ត​ឲ្យ​ខ្លួន​ស្វះ​ស្វែងរក​គំនិត​បន្ត​ការ​តែង​និពន្ធ​អស់ពី​ចិត្ត បាន​បន្ត​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​នៅពេល​ខ្ញុំ​សរសេរ​ឲ្យ​គេ​អាន ទោះ​មិនមាន​លទ្ធផល​ធំដុំ​ដោយ​ការអភិវឌ្ឍ​នៅ​កម្ពុជា ដោយ​រូបខ្ញុំ​ក៏ដោយ ប៉ុន្តែ ខ្ញុំ​ឃើញ​ការផ្លាស់ប្ដូរ​ពី​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​, ខ្ញុំ​ឃើញ​មិត្ត​ភ​ក្ភិ​ខ្ញុំ​អាន ជាពិសេស​គ្រួសារ​របស់ខ្ញុំ​អាន គឺ​វា​ផ្ដើមចេញពី​រលក​តូច​ទៅ​។ «​បើ​សង្គម​មួយ​សម្បូរ​អ្នកអាន សង្គម​មួយ​នោះ​នឹង​សម្បូរ​ដោយ​បញ្ញវន្ត​»​។​
 
​លីន​ប៉ាវ បាន​ផ្តើម​ការងារ​តែង​និពន្ធ​អស់​រយៈពេល​១​ឆ្នាំកន្លះ​មកហើយ​។ «​បឹង​អតីត​»​ជា​សៀវភៅ​ប្រលោមលោក​បោះពុម្ព​ដំបូង ដែលជា​ស្នាដៃ​និពន្ធ​រួមគ្នា​របស់​កវីនិពន្ធ ស៊ុយ លីន​ប៉ាវ និង​កវីនិពន្ធ នូ ពៅ​។ តាមរយៈ​ស្នាដៃ​និពន្ធ​រួមគ្នា​យ៉ាង​ប៉ិនប្រសព្វ​របស់​កវីនិពន្ធ​ទាំងពីរ ដែលមាន​នៅក្នុង​សាច់​រឿងនេះ បាន​ទាក់ចិត្ត​អ្នកអាន​ជាច្រើន ជាពិសេស​យុវវ័យ​។ ក្រៅពី​ស្នាដៃ​និពន្ធ​រួមគ្នា យុវជន លីន​ប៉ាវ ក៏មាន​ស្នាដៃ​និពន្ធ​រឿង​សម្រាប់​កុមារ និង​រឿង​ប្រលោមលោក ច្រើន​ទៀត​ដូចជា កូន​អ្នក​រើស​សំរាម​, សារិកា​តូច​, បណ្ដឹង​គីង្គក់​, មាន​លុយ​បាត់​ម៉ែ​, ចរិយា​យក្ស​កំណាច​, កូន​ស្វា​តូច​និង​ហ្មដំរី​។​
 
​អ្វីដែល​ធ្វើ​ឲ្យ​យុវជន ស៊ុន លីន​ប៉ាវ ក្លាយជា​អ្នកនិពន្ធ​វ័យក្មេង​នេះ គឺ​ផ្តើមចេញពី​ការអាន​សៀវភៅ​មួយ​ក្បាល​របស់​អ្នកនិពន្ធ សុខ ចាន់​ផល ក្រោម​ចំណងជើង​ថា​«​ខែរងា​»​។ លីន​ប៉ាវ ស្ញើប​ស្ញែង​នឹង​ស្នាដៃ​កវីនិពន្ធ​ដ៏​ល្បី រូបនេះ ផ្គួប​ផ្សំ​នឹង​ការស្រឡាញ់ និង​ចង់​ជំរុញ​ឲ្យ​ការអាន​នៅ​កម្ពុជា​កាន់តែ​ទូលំ​ទៅ​លាយ លីន​ប៉ាវ ក៏​សាកល្បង​រៀន​និពន្ធ​ដោយ​ខ្លួនឯង និង​រៀនសូត្រ​ពី​រៀមច្បង​ជា​ហូរហែ រហូត​ក្លាយជា​កវីនិពន្ធ​វ័យក្មេង​មួយរូប​នៅ​កម្ពុជា​។​
 
​នៅសល់តែ​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ និស្សិត​ស្ថាបត្យកម្ម​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ឆ្នាំ​ទី​៤ ស៊ុយ លីន​ប៉ាវ នឹងត្រូវ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់ខ្លួន ដែល​មុខជំនាញ​នេះ​ត្រូវ​រៀន​រយៈពេល​៥​ឆ្នាំ​។ លីន​ប៉ាវ អះអាងថា ក្រោយ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ខ្លួន​នឹង​ចាប់ផ្តើម​ការងារ​ជា​វិស្វករ​នៃ​ជំនាញ​ស្ថាបត្យកម្ម និង​បន្ត​បញ្ចេញស្នាដៃ​តែង​និពន្ធ​របស់ខ្លួន​ដើម្បី​បន្ត​លើកកម្ពស់​ការអាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​៕

Tag:
 អ្នកនិពន្ធ​
 ​ប្រលោមលោក​
 ​ស៊ុយ លីន​ប៉ាវ​
© រក្សាសិទ្ធិដោយ thmeythmey.com