អន្តរជាតិ
វៀតណាម ប្តេជ្ញា​បង្កើត​បរិ​កាស​វិនិយោគ​ឲ្យ​ប្រសើរ ដើម្បី​ជួយ​ក្រុមហ៊ុន​ក្នុងស្រុក និង​ទាក់ទាញ​វិនិយោគ​បរទេស​ឲ្យ​បាន​ច្រើន
26, Jan 2020 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ បានបង្ហាញ​ការប្តេជ្ញាចិត្ត​កាន់តែ​មុតមាំ ដើម្បី​ធ្វើ​ឲ្យ​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​នៃ​ការកែទម្រង់​ស្ថាប័ន​ឲ្យ​កាន់តែ​ជាក់លាក់ និង​ឆ្លើយតប​នឹង​បញ្ហា​។ ការប្តេជ្ញាចិត្ត​នេះ ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​វៀតណាម​ក្លាយជា​ទិសដៅ​ទាក់ទាញ​សម្រាប់​វិនិយោគ  ដែលជា​លទ្ធផល​ចុងក្រោយ​ធ្វើ​ឲ្យ​វៀតណាម អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​កំណត់ដោយ​រដ្ឋាភិបាល​។​

 
​ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម លោក Vũ Tiến Lộc បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃ​១ មករា​កន្លងទៅ បានចេញ​សេចក្តីសម្រេច​មួយ ដោយបាន​ដាក់​គោលដៅ​លើកកម្ពស់ និង​កែសម្រួល​បរិយាកាស​ក្នុង​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​របស់​ប្រទេស​ឲ្យ​កាន់តែ​ល្អប្រសើរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam នៅ​ថ្ងៃ​២៥ មករា កន្លងទៅ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល តំណាង​ក្រុម​អ្នករកស៊ី​របស់​វៀតណាម​រូបនេះ បាន​កត់សម្គាល់ថា ភាពមិនប្រាកដប្រជា​នៃ​ទីផ្សារ​សកល និង​ការធ្លាក់ចុះ នៃ​សេដ្ឋកិច្ច​សកល គឺជា​ក្តីបារម្ភ​មួយ​សម្រាប់​វៀតណាម​។ នេះ នៅ​មិនទាន់​និយាយ​ដល់​បញ្ហា​បរិ​យាស​កាស​ធុរកិច្ច​របស់​វៀតណាម ដែល​ការនាំចេញ និង​នាំចូល ពឹងផ្អែក​ខ្លាំង​តែ​លើ​ទីផ្សារ​មួយចំនួន​។ 
 
​យ៉ាងណាក៏ដោយ ដើម្បី​ឆ្លើយតប​នឹង​ទំនោរ​នេះ ប្រធានសភា​ពាណិជ្ជកម្ម​វៀតណាម​រូបនេះ បាន​អះអាងថា រដ្ឋាភិបាល​វៀតណាម បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី ដោយ​ដាក់​គោលដៅ​ខ្លាំង​លើ​ការកែទម្រង់​ស្ថាប័ន ក្រោម​មូលបទ «​ដកចេញ និង ត​ភ្ជាប់​»​។ 
 
​តាម​លោក Loc យុទ្ធសាស្ត្រ ដកចេញ សំដៅលើ​ការដកចេញ ឬ​លុបចោល​រាល់​របាំង​នានា​ពាក់ព័ន្ធ​នឹង​ការធ្វើ​ធុរកិច្ច​របស់​ប្រទេស ខណៈ​ត​ភ្ជាប់ សំដៅលើ​ការជំរុញ និង​លើកកម្ពស់​ការតភ្ជាប់​ស​ហ​គ្រាស​តូច និង​មធ្យម ជាមួយនឹង​អ្នកវិនិយោគ​បរទេស​ដោយផ្ទាល់ ស្របតាម​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​ស្រប​ពេលដែល​វៀតណាម កំពុងតែ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ជា​បណ្តា​ប្រទេស​ដៃគូ​។​
 
​គួរ​ជម្រាប​ថា វៀតណាម គឺជា​រដ្ឋ​អាស៊ាន​មួយ ដែល​ទទួលបាន​ការវាយតម្លៃ​ខ្ពស់ ជា​រដ្ឋ​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ និង​ជាតា​រា​សេដ្ឋកិច្ច​កំពុងតែ​រះ​ផង​ក្នុង​តំបន់ ខណៈដែល​ប្រទេស​នេះ បាន​ទទួលយក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជា​បន្ត​បន្ទាប់ពី​បណ្តា​ភាគី​ដៃគូ​។ ដៃ​ពាណិជ្ជកម្ម​ធំៗ និង​សំខាន់​របស់​វៀតណាម មានដូចជា ចិន កូរ៉េខាងត្បូង អាមេរិក ជប៉ុន និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​៕ 
 

Tag:
 វៀតណាម
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com