ជាតិ
​​​ន​យោ​បាយ​ជាតិ​
កូ​រ៉ូ​ណាវី​រុស​៖ អ្នកនាំពាក្យ​រដ្ឋាភិបាល ព្រមាន​ថា អ្នកលក់​ម៉ាស់​នឹង​មានទោស ប្រសិនជា​ដំឡើងថ្លៃ​ម៉ាស់​
27, Jan 2020 , 10:50 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​សន្និសីទ​សារព័ត៌មាន ស្តីពី «​វឌ្ឍនភាព​ក្រសួងបរិស្ថាន និង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព គុណភាព​ខ្យល់​នៅ​កម្ពុជា​» នៅ​ព្រឹក​ថ្ងៃទី​២៧ មករា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ព្រមាន​ផ្លូវច្បាប់​ទៅលើ​អ្នកលក់​ម៉ាស់(Mask) ដែល​ចង់​កេងចំណេញ​ឱកាស​លក់​ម៉ាស់​ឡើងថ្លៃ ស្រប​ពេលដែល​ជំងឺ​រលាក​សួត​ប្រភេទ​កូ​រ៉ូ​ណាវី​រុស កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ជាង​១០​ទៀត​។​
 
​លោក ផៃ ស៊ី​ផាន បាន​សង្កត់ធ្ងន់ថា ប្រសិន​អ្នកលក់​ម៉ាស់ដំឡើងថ្លៃ​ខុសពី​ធម្មតា​នោះ ពួកគេ​នឹង​ជាប់​ទោសវិច្ឆេតកម្ម។ លោក ផៃ ស៊ី​ផាន ក៏​ស្នើឱ្យ​អ្នកលក់​ម៉ាស់នៅ​កម្ពុជា​ទាំងអស់ កុំ​ដំឡើងថ្លៃ​ម៉ាស់ ដោយសារ​ករណី​ជំងឺ​វីរុស​ថ្មី​នេះ​។​
 
​ជាមួយគ្នានេះ​ក្រសួងសុខាភិបាល ក៏បាន​ស្នើឱ្យ​លក់​ម៉ាស់កុំឡើងថ្លៃ ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ពលរដ្ឋ​ទិញយក​ប្រើប្រាស់ ក្នុងការ​ការពារ​និង​បង្ការ​ជំងឺឆ្លង​នានា​ផងដែរ​។ ក្រសួង​បាន​ណែនាំ​ថា ប្រសិន​ប្រើ​ពលរដ្ឋ​គ្មាន​ម៉ាស់ គឺអាច​ប្រើ​កន្សែង ឬ​ក្រដាស​ជូត​មាត់ សម្រាប់​ទប់មាត់​នៅពេល​ក្អក​បាន  ហើយ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ភ្លាម​ក្រោយពេល​ក្អក​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា កូ​រ៉ូ​ណា​វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​ប្រមាណ​២៨០០​នាក់ ហើយ​អ្នកស្លាប់​កើន​ដល់​៨០​នាក់​នៅ​ប្រទេស​ចិន​។ ក្រៅពី​ចិន ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល​រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង​កាណាដា​៕

Tag:
 ផៃ ស៊ី​ផាន​
  កូ​រ៉ូ​ណាវី​រុស​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com