អន្តរជាតិ
តៃវ៉ាន់ ពិន័យ​អ្នកជំងឺ​កូ​រ៉ូ​ណា​វីរុស​ម្នាក់​១​ម៉ឺន​ដុល្លារ ព្រោះ​ព្យាយាម​បិទបាំង​ជំងឺ​
27, Jan 2020 , 3:37 pm        
រូបភាព
អ្នកជំងឺកំពុងអង្គុយរង់ចាំទទួលការព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង វូហាន ប្រទេសចិន (AFP)
អ្នកជំងឺកំពុងអង្គុយរង់ចាំទទួលការព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង វូហាន ប្រទេសចិន (AFP)
ដោយ:
​បុរស​ជា​អ្នកដំណើរ​ម្នាក់​ដែល​ឆ្លង​ជំងឺ​កូ​រ៉ូ​ណាវី​រុស​ថ្មី នឹងត្រូវ​បង់ពិន័យ ១​ម៉ឺន​ដុល្លារ សម្រាប់​ព្យាយាម​លាក់បាំង​ជំងឺ​របស់លោក ក្រោយ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​វូ​ហាន ដែលជា​សម្បុក​នៃ​ការផ្ទុះ​ឡើង​មេរោគ​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នេះ​។ អាជ្ញាធរ​សុខាភិបាល​តៃវ៉ាន់ បញ្ជាក់​បែបនេះ​កាលពី​ថ្ងៃទី​២៥ ខែមករា​។

 
​គិត​ត្រឹម​ថ្ងៃ​២៥ ខែមករា បុរស​ម្នាក់នេះ គឺជា​អ្នកជំងឺ​ម្នាក់​ក្នុងចំណោម​មនុស្ស​៣​នាក់​នៅ​កោះ​តៃវ៉ាន់ ដែល​បានកើត​ជំងឺ​រលាក​សួត​វូ​ហាន​។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​តៃវ៉ាន់ Central News បុគ្គល​ដែល​រង​ពិន័យ​របស់​អាជ្ញាធរ​នេះ បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​វីរុស​នេះ កាលពី​ថ្ងៃ​២២ ខែមករា នៅ​មន្ទីរពេទ្យ​មួយកន្លែង​ក្នុង​ទីក្រុង Kaohsiung ភាគខាងត្បូង​កោះ​តៃវ៉ាន់​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល បុរស​រូបនេះ ត្រូវបាន​ចោទប្រកាន់ថា ពុំបាន​ជូនដំណឹង​ថា លោក​មាន​រោគសញ្ញា​នៃ​ការឆ្លង​វីរុស​ផ្លូវដង្ហើម​ខាងលើ មុនពេល​លោក​ចូលមកក្នុង​ទឹកដី​តៃវ៉ាន់​។ ការណ៍​នេះ គឺ​បំពាន​នឹង​ច្បាប់​ត្រួតពិនិត្យ​ការឆ្លង​។ ទន្ទឹមនេះ លោក ក៏បាន​អះអាង​ទៀតថា លោក​បាន​ទៅលេង​កម្សាន្ត​នៅ​ក្លឹប​រាំរែក​មួយកន្លែង​ក្នុង​ទីក្រុង Kaohsiung ដោយ​ពុំបាន​ពាក់​ម៉ាស់​ការពារ​ឡើយ​។ 
 
​មនុស្ស​ជាង ៨០​នាក់ ដែល​បាន​ប៉ះ​ដោយផ្ទាល់​ជាមួយ​អ្នកដំណើរ​ដែល​ឆ្លង​ជំងឺ​រូបនេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​តៃវ៉ាន់​កំណត់​អត្តសញ្ញាណ​បាន ហើយ​កំពុង​តាមរក​ផងដែរ​។ អ្នកបម្រើ​ការ​នៅ​ក្លឹប​កម្សាន្ត​ខាងលើ​ម្នាក់ ដែល​ត្រូវបាន​រាយការណ៍​ថា មាន​រោគសញ្ញា រួមមាន ក្អក ជាដើម​នោះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​គេ​សម្រាប់​ការធ្វើ​តេ​ស្តិ៍​រកមើល​ជំងឺ​។ 
 
​ការដាក់ពិន័យ​ធ្ងន់ធ្ងរ​បែបនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា រដ្ឋាភិបាល​តៃវ៉ាន់ មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​កូ​រ៉ូ​ណា​វីរុស​នេះ ដែល​គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ ២៧ ខែមករា នេះ​បានសម្លាប់​មនុស្ស​យ៉ាងតិច ៨០​នាក់​។ ហើយ​កាលពី​ចុង​សប្តាហ៍​មុន ក្រសួង​ដឹកជញ្ជូន​តៃវ៉ាន់ បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​លុបចោល​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ចិន​៕

Tag:
 តៃវ៉ាន់​
  កូ​រ៉ូ​ណាវី​រុស​
  ក្រសួងសុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com