អន្តរជាតិ
ចិន នៅ​ពីក្រោយ​អាមេរិក និង​នាំមុខ​រុស្ស៊ី ក្នុង​ការលក់​អាវុធ​ទៅ​បរទេស​
27, Jan 2020 , 8:59 pm        
រូបភាព
យន្តហោះដ្រូនWZ-8 របស់ចិន នៅក្នុងខួបសាធារណរដ្ឋប្រជាមានិតចិនលើកទី ៧០ឆ្នាំ។ រូបភាព៖ Reuters
យន្តហោះដ្រូនWZ-8 របស់ចិន នៅក្នុងខួបសាធារណរដ្ឋប្រជាមានិតចិនលើកទី ៧០ឆ្នាំ។ រូបភាព៖ Reuters
​ក្រុម​អ្នកជំនាញ​ខាង​អាវុធ និង​ជម្លោះ ដែលមាន​មូលដ្ឋាន​នៅ​ស៊ុយអែត នា​ថ្ងៃទី​២៧ ខែមករា បាន​បញ្ចេញ​ទិន្នន័យ​មួយ​ជុំវិញ​ការលក់​អាវុធ​របស់​ក្រុមហ៊ុន​ចិន​ទៅ​បរទេស​។ តាម​ទិន្នន័យ​មួយ​នេះ ក្រុមហ៊ុន​ចិន​ចំនួន ៤ បាន​លក់​អាវុធ​ប្រមាណ ៥៤​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៧ ដែលជា​តួលេខ​មួយ​តាម​ពីក្រោយ​អាមេរិក តែ​នាំមុខ​រុស្ស៊ី​។


 
​វិទ្យាស្ថាន International Peace Research ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស្តុក​ខុល បាន​បញ្ចេញ​ទិន្នន័យ​មួយ​ជុំវិញ​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​ការលក់​អាវុធ​របស់​ក្រុមហ៊ុន​ចិន​ចំនួន​៤ បើទោះបីជា​វិទ្យាស្ថាន​មួយ​នេះ មិនបាន​ដាក់បញ្ចូល​ចិន​ចូលទៅក្នុង​ក្រុម​ប្រទេស​ដែល​ផលិត​អាវុធ​ច្រើនជាងគេ​នៅលើ​សកលលោក​ក៏ដោយ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​តាមរយៈ​របាយការណ៍​នេះ វិទ្យាស្ថាន​ខាងលើ​បាន​ស្រង់​យក​ព័ត៌មាន​ចាប់ពី​ឆ្នាំ ២០១៥ ដល់ ២០១៧ ទៅលើ​ក្រុមហ៊ុន​លក់​អាវុធ​របស់​ចិន​ចំនួន ៤ ដែល​អាច​រកចំណូលបាន​ជាច្រើន​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។ បើតាម​វិទ្យាស្ថាន ក្រុមហ៊ុន​ផលិត​អាវុធ​ទាំង​៤​របស់​ចិន អាច​រកប្រាក់​ចំណូល​បាន​រហូតដល់​ទៅ ៥៤,១ ពាន់​លាន​ដុល្លារ​ឯណោះ​ក្នុង​ឆ្នាំ​២០១៧​។ 
 
​តួលេខ​មួយ​នេះ បានធ្វើ​ឲ្យ ចិន​ស្ថិតនៅ​លំដាប់​ទី​ពីរ​បន្ទាប់ពី​អាមេរិក ដែល​អាច​រកចំណូលបាន ២២៦,៦​ពាន់​លាន​ដុល្លារ និង​នាំមុខ​រុស្ស៊ី ដែល​អាច​រក​ចំណូល​ផលិត​អាវុធ ៣៧,៧ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៧​។ បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​ចំនួន ៣​របស់​ចិន គឺ​ស្ថិត​ក្នុងចំណោម ក្រុមហ៊ុន​ចំនួន​១០​របស់​ពិភពលោក ខណៈពេល​ក្រុមហ៊ុន​ចិន​មួយទៀត ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​២០ ដែល​អាច​រកចំណូលបាន​ច្រើនជាងគេ​លើ​សកលលោក​។ 
 
​ក្រុមហ៊ុន​ទាំង​៤​នោះ​មានដូចជា ក្រុមហ៊ុន​សាជីវកម្ម​យន្តហោះ​ចម្បាំង និង​គ្រឿង​បំពាក់​យន្តហោះ AVIC ដែល​ស្ថិតនៅ​លំដាប់​ទី​៦ និង​រកចំណូលបាន ២០,១​ពាន់​លាន​ដុល្លារ​, ក្រុមហ៊ុន​សាជីវកម្ម​China North ដែល​ស្ថិតនៅ​លំដាប់​ទី​៨ និង​រកចំណូលបាន ១៧,២​ពាន់​លាន​ដុល្លារ​, ក្រុមហ៊ុន China Electronics Technology រកចំណូលបាន ១២,២​ពាន់​លាន​ដុល្លារ និង​ក្រុមហ៊ុន China South រកចំណូលបាន​៤,៦​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៧​។ 
 
​វិទ្យាស្ថាន International Peace Research ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ទីក្រុង​ស្តុក​ខុល បាន​វាយតម្លៃថា ពិភពលោក បាន​ចំណាយ​ថវិកា​រលើ​យោធា ប្រមាណ​ជា ១,៨​ទ្រី​លាន​ដុល្លារ ដែលជា​តួលេខ​មួយ​ខ្ពស់ជាង​ពេលណា​ទាំងអស់ ចាប់តាំងពី​សង្គ្រាមត្រជាក់​បានបញ្ចប់​មក​។ កំណើន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ គឺ​បណ្តាលមកពី​ចិន និង​អាមេរិក បាន​ចាយលុយ​លើ​វិស័យនេះ​ច្រើនពេក​៕ 

Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com