ជាតិ
សង្គមជាតិ
លោក ម៉ម ប៊ុនហេង ប្រកាសថា «យើង ប្រឹង​ឲ្យ​អស់ពី​ដៃជើង» ក្នុងការដោះស្រាយមេរោគ​កូ​រ៉ូ​ណា
27, Jan 2020 , 10:39 pm        
រូបភាព
លោករដ្ឋមន្រ្តីសុខាភិបាល ពេលចុះទៅពិនិត្យម៉ាស៊ីនស្កែនរកមេរោគកូរ៉ូណា នៅអាកាសយានដ្ឋានសៀមរាប
លោករដ្ឋមន្រ្តីសុខាភិបាល ពេលចុះទៅពិនិត្យម៉ាស៊ីនស្កែនរកមេរោគកូរ៉ូណា នៅអាកាសយានដ្ឋានសៀមរាប
​រដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ បានដាក់​ម៉ាស៊ីន​ស្កែ​ន​ស្ទើរ​គ្រប់​ច្រកចេញចូល មិន​ថា​តាម​ព្រលានយន្តហោះ ឬ​តាម​ទ្វារ​ព្រំដែន​នោះទេ ដើម្បី​ដឹង​ជាមុន បើ​មាន​អ្នកដំណើរ​ណា​ម្នាក់ មាន​ជំងឺ​រលាក​សួត ដែល​បង្កដោយ​មេរោគ​ប្រភេទ​ថ្មី​ម្យ៉ាង ហៅថា កូ​រ៉ូ​ណាវី​រុស (Coronavirus)​។


 
​លោក ម៉ន ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លើកឡើងថា ព្រលានយន្តហោះ​ភ្នំពេញ សៀមរាប និង កំពង់សោម សុទ្ធ​តែមាន​ដាក់​ម៉ាស៊ីន​ស្កែ​ន​នេះ ហើយ​តាម​ច្រកព្រំដែន​នានា ដូចជា ប៉ោយប៉ែត ស្វាយរៀង និង កំពត ជាដើម ក៏មានដែរ​។ លោក សង្កត់ធ្ងន់ថា​៖«​សំខាន់បំផុត យើង យកចិត្តទុកដាក់​លើ​អាកាសយានដ្ឋាន ដែលមាន​ជើងហោះហើរ​ចេញពី​ប្រទេស​ចិន​»​។​

​លើសពីនេះ ទីតាំង​ទាំងនោះ ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់​ដែរ ដើម្បី​ត្រៀម​ដឹកយក​ទៅពិនិត្យ​ភ្លាមៗ បើ​សង្ស័យថា អ្នកដំណើរ​ណា​ម្នាក់ ផ្ទុក​កូ​រ៉ូ​ណា​វីរុស​នេះ​។​
 
​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ លោក ម៉ម ប៊ុនហេង បាន​ចុះទៅពិនិត្យ​ម៉ាស៊ីន​ស្កែ​ន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​។ លោក ថ្លែងថា​«...​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ទាំង​អាជ្ញាធរ​អាកាសចរណ៍ ទាំង​អាជ្ញាធរ​ដែន​ដី រួម​កម្លាំង​គ្នា​ទប់ស្កាត់​»​។  
 
​តើ​អង្គការ​សុខភាព​ពិភពលោក (WHO) នឹង​គាំទ្រ​កម្ពុជា​ទេ បើ​កូ​រ៉ូ​ណាវី​រុស កើតឡើង​នៅ​កម្ពុជា​? លោក​រដ្ឋមន្ត្រី ឆ្លើយ​នឹង​អ្នកកាសែត​ថា​៖«​យើង ធ្វើការ​ជាមួយ​អង្គការ​សុខភាព​ពិ​ភ​ពលោក​ហើយ តែ​ខ្លួន​យើង យើង​ខិតខំ​ប្រឹងប្រែង​ឲ្យ​​មែនទែន ឲ្យ​អស់ពី​ដៃ​ពី​ជើង​។ គេ​នៅ​ជាមួយ​យើង​ហើយ តែ​សំខាន់បំផុត ខ្លួន​យើង​ខិតខំ​ប្រឹងប្រែង​»​។ 



 
​ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​គ្រ​ប់​ស្ថាប័ន​សារព័ត៌មាន ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត អំពី​កូ​រ៉ូ​ណាវី​រុស ហើយ​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​បំភ្លៃ។ ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​ព័ត៌មាន​កាន់តែច្រើន និង​មានការ​យល់ដឹង​កាន់តែច្បាស់ពីកូរ៉ូណាវីរុស លោក​រដ្ឋមន្ត្រី អះអាងថា លោក នឹងធ្វើ​ខិត្តប័ណ្ណ​ផ្សេងៗ យកទៅ​បិទ​តាម​រថយន្តក្រុង​។

លោក បញ្ជាក់ថា​៖«​បើ​គាត់ យល់ដឹង​កាន់តែច្រើន គាត់​ខ្លួនឯង នឹង​ទទួល​ព័ត៌មាន​ពិតប្រាកដ​កាន់តែច្រើន គេ​ផ្សាយ​កុហក ក៏​គាត់​មិនសូវ​ជឿ ហើយ​គាត់​មាន​វិធានការ​ត្រឹមត្រូវ ក្នុងការ​ប្រតិបត្តិ​»​។​


 
​លើសពីនេះ លោក​រដ្ឋមន្ត្រី បាន​រម្លឹក​ជាថ្មី​ឲ្យ​ប្រជាពលរដ្ឋ ពិសា​ម្ហូបអាហារ​ឆ្អិន​ជានិច្ច ឧស្សាហ៍​លាងដៃ​នឹង​សា​បូ ពាក់​ម៉ាស់​ឬ​ប្រើ​ក្រមា និង កុំ​នៅ​ជិត​អ្នក​ក្អក ជាដើម​។ លោក រម្លឹក​ទៀតថា បើ​សង្ស័យថា ឆ្លង​កូ​រ៉ូ​ណាវី​រុស ដោយមាន​អាការ​ដូចជា ផ្តាសាយ ហៀរ​សំបោរ ក្អក និង ក្តៅខ្លួន​ជាដើម ប្រជាពលរដ្ឋ ត្រូវ​ប្រញាប់​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​១១៥ ដើម្បី​សួរ​ព័ត៌មាន​ឲ្យ​ច្បាស់​និង​រក​ដំណោះស្រាយ​។ 
 
ប្រជាព​រដ្ឋ​កម្ពុជា ហាក់​មាន​ក្តីបារម្ភ​ខ្លាំង ដោយ​ម្នាក់ៗ នាំគ្នា ទិញ​ម៉ាស់​ពាក់​ការពារ ដោយ​ខ្លាច​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ​។ 
 
​នៅតាម​សាលា​មួយចំនួន សិស្សានុសិស្ស បាន​ពាក់​ម៉ាស់ និង លាងដៃ​មុន​ចូលរៀន​។ ក្នុង​ពិធី​រៀបចំ​បាឋកថា​ស្តីពី​កំណែទម្រង់​កម្មវិធីសិក្សា និង​វិធីសាស្ត្រ​បង្រៀន នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អំពា​នាវ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ជួយ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​កូ​រ៉ូ​ណា​វីរុស​ទៅដល់​សិស្ស​។ 


 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​ជូន​ប្រជាពលរដ្ឋ​ផងដែរ ដោយ​ណែនាំ​ឲ្យ​ប្រុង​ប្រយ័​ត្ន​ខ្ពស់​ចំពោះ​កូ​រ៉ូ​ណាវី​រុស ជាពិសេស​ពេលធ្វើ​ដំណើរ​ទៅកាន់​បណ្តា​ប្រទេស ឬ​កំពុង​ស្ថិតនៅ​ក្នុងប្រទេស ដែលមាន​កូ​រ៉ូ​ណាវី​រុស​។ ប្រមុខ​រដ្ឋាភិបាល ថែមទាំង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ទប់ស្កាត់​កូ​រ៉ូ​ណាវី​រុស ដោយ​ត្រូវអនុវត្ត​វិធានការ​នានា ដែល​ក្រ​សួ​សុខាភិបាល បានដាក់​ចេញ​។ 
 
​មកដល់​ថ្ងៃទី​២៧ ខែមករា​នេះ កូ​រ៉ូ​ណាវី​រុស បានសម្លាប់​មនុស្ស​​៨១​នាក់​ហើយ នៅ​ប្រទេស​ចិន និង​មាន​មនុស្ស​ប្រមាណ​ជិត៣ពាន់ ​នៅ​ប្រទេស​ចិន កំពុង​ផ្ទុកមេរោគ​នេះ​។ កូ​រ៉ូ​ណាវី​រុស ដែលមាន​ប្រភព​ដើមពី​ទីក្រុង​អ៊ូ​ហាន ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន បាន​ឆ្លង​ទៅដល់​បណ្តា​ប្រទេសមួយ​ចំនួន​ហើយ ដូចជា វៀតណាម ថៃ កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង កាណាដា ជាដើម​។ 
 
​យ៉ាងណា ក្រៅពី​ប្រទេស​ចិន មិនទាន់មាន​ពលរដ្ឋ​ណា​ម្នាក់ នៅតាម​បណ្តា​ប្រទេស​ដទៃ បាត់បង់​ជីវិត ដោយសារ​មេរោគ​ប្រភេទ​ថ្មី​នេះ​ទេ​៕ 
 












Tag:
 ម៉ន ប៊ុនហេង​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com