ជាតិ
សង្គមជាតិ
សុខភាព
វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រៀបចំ​ទឹក​អាកុល ឲ្យ​សិស្ស​សំអាត​ដៃ និង​ណែនាំ​ឲ្យ​ពាក់​ម៉ាស់ ដើម្បី​ការពារ​វីរុស​កូ​រ៉ូ​ណា​
27, Jan 2020 , 11:19 pm        
រូបភាព
សកម្មភាពសិស្សសាលារៀនជំនាន់ថ្មីនៃ​វិទ្យាល័យព្រះស៊ីសុវត្ថិ​កំពុង​លាងដៃជាមួយនឹងទឹកអាកុល នាព្រឹកថ្ងៃទី២៧ ខែមករា
សកម្មភាពសិស្សសាលារៀនជំនាន់ថ្មីនៃ​វិទ្យាល័យព្រះស៊ីសុវត្ថិ​កំពុង​លាងដៃជាមួយនឹងទឹកអាកុល នាព្រឹកថ្ងៃទី២៧ ខែមករា
ដោយ:
​ភ្នំពេញ​៖ វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​ណែនាំ​ឲ្យ​សិស្ស​គ្រប់រូប អនុវត្ត​លាង​សំអាត​ដៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​អាកុល មុននឹង​ពិសា​ចំណីអាហារ និង​ពាក់​ម៉ាស់​ជាប្រចាំ ដើម្បី​ជៀសវាង​ការឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា ដែល​កំពុងតែ​កើតមាន​នៅ​ប្រទេស​ចិន និង​រាលដាល​ដល់​ប្រទេស​ដទៃទៀត​ផងដែរ​។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ វិទ្យាល័យ​ស៊ីសុវត្ថិ ចាប់ផ្តើម​ឲ្យ​សិ​ស្សា​នុស្ស អនុវត្ត​វិធានការ​នេះ​ជា​លើកដំបូង​។


 
​នៅវេលា​ម៉ោង​៧​ព្រឹក ដែលជា​ពេល​សិស្សានុសិស្ស​គោរព​ទង់ជាតិ លោកគ្រូ​អ្នកគ្រូ​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​បានរៀបចំ​ទឹក​អាកុល​សម្រាប់​ឲ្យ​សិស្ស​លាងដៃ មុននឹង​ចូល​ថ្នាក់រៀន​។ ជាពិសេស​ណែនាំ​ឲ្យ​សិស្ស​លាងដៃ​ជាមួយនឹង​សាប៊ូ​មុននឹង​ចាប់​កាន់​ចំណីអាហារ និង​ពាក់​ម៉ាស់​ជាប្រចាំ​ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ពី​វីរុស​កូ​រ៉ូ​ណា​។ 
 
​អ្នកគ្រូ ទ្រី រ៉ិ​ច នាយិកា​នៃ​សាលា​ជំនាន់​ថ្មី ស្ថិតក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ការអនុវត្ត​ឲ្យ​សិស្ស​ចេះ​អនាម័យ​ដៃ​នេះ គឺ​ខាង​សាលា​បាន​ណែនាំ​ជា​រៀងរាល់ថ្ងៃ​មកហើយ គ្រាន់តែ​សិស្ស​គ្រប់រូប​មិនទាន់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅឡើយ​។ ប៉ុន្តែ​បន្ទាប់ពី​មាន​សារ​ណែនាំ​ដោយ​ក្រសួងសុខាភិបាល ពី​ការទប់ស្កាត់​វីរុស​កូ​រ៉ូ​ណា​មក ខាង​សាលា​បាន​យកចិត្តទុកដាក់​លើ​ការណែនាំ​សិស្ស​ឲ្យ​ចេះ​លាងដៃ និង​ពាក់​ម៉ាស់​។ 
 
​បើតាម​អ្នកគ្រូ ទ្រី រ៉ិ​ច វិទ្យាល័យ​ព្រះស៊ីសុវត្ថិ បានរៀបចំ​កន្លែង​សម្រាប់​លាង​សំអាត​ដៃ​ជាច្រើន​កន្លែង​ដែលមាន​នៅ​ចំហៀង​អាគារ​ថ្នាក់រៀន​នីមួយៗ ដើម្បី​ទុក​ឲ្យ​សិស្ស​សំអាត​ដៃ​មុនពេល​កាន់​ចំណី​ផ្សេងៗ​។ អ្នកគ្រូ ទ្រី រ៉ិ​ច បាន​បញ្ជាក់ថា វិទ្យាល័យ​ក៏មាន​ជា​បន្ទប់សង្គ្រោះបន្ទាន់  ដែលមាន​គ្រូពេទ្យ​នៅ​យាម​ជាប្រចាំ សម្រាប់​ព្យាបាល​សិស្ស​ណា​ដែលមាន​ជំងឺ​ផ្សេងៗ​។ 
 
​នាយិកា​រូបនេះ បញ្ជាក់ទៀតថា ដើម្បី​ជៀសវាង និង​ទប់ស្កាត់​ជំងឺឆ្លង​ផ្សេងៗ សាលា​បាន​ប្រាប់​ដល់​លោកគ្រូ​-​អ្នកគ្រូ​ទទួលបន្ទុក​តាម​ថ្នាក់​នីមួយៗ បន្ត​ពង្រឹង​ការណែនាំ​ដល់​សិស្សានុសិស្ស​ឲ្យ​ចេះ​សំអាត​ដៃ និង​ពាក់​ម៉ាស់​ជាប្រចាំ​ទាំង​នៅក្នុង​សាលារៀន និង​នៅ​ទីសាធារណៈ ព្រមទាំង​បាន​ណែនាំ​ដល់​អាណាព្យាបាល​សិស្ស ឲ្យ​យកចិត្តទុកដាក់​មើលថែ​កូន​ឲ្យ​បានល្អ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា កូ​រ៉ូ​ណា​វីរុស​នេះ បាន​ឆ្លង​លើ​មនុស្ស​ប្រមាណ​២៨០០​នាក់ ហើយ​អ្នកស្លាប់​កើន​ដល់​៨០​នាក់​នៅ​ប្រទេស​ចិន​។ ក្រៅពី​ចិន ប្រទេស និង​តំបន់​ផ្សេងទៀត ដែលមាន​ករណី​រាលដាល រួមមាន ថៃ ហុងកុង ម៉ា​កាវ តៃវ៉ាន់ សិង្ហ​បុរី ម៉ាឡេស៊ី អាមេរិក ជប៉ុន វៀតណាម កូរ៉េខាងត្បូង អូស្ត្រាលី បារាំង ណេ​ប៉ាល់ និង កាណាដា ជាដើម តែ​ពុំមាន​អ្នកស្លាប់​ឡើយ​៕


រូបភាពពីវិទ្យាល័យព្រះស៊ីសុវត្ថិ សកម្មភាពសិស្សសាលារៀនជំនាន់ថ្មីនៃ​វិទ្យាល័យព្រះស៊ីសុវត្ថិ​កំពុង​លាងដៃជាមួយនឹងទឹកអាកុល នាព្រឹកថ្ងៃទី២៧ ខែមករា


Tag:
 វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
 ​សិស្ស​
 ​អប់រំ​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com