អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ វៀតណាម​ព្យាបាល​អ្នកជំងឺ​ម្នាក់​សះស្បើយ ហើយ​ម្នាក់ទៀត​កំពុងតែ​ប្រសើរ​
29, Jan 2020 , 11:56 am        
រូបភាព
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម កំពុងពាក់សម្លៀកបំពាក់ការពារ មុនពេលចូលទៅបន្ទប់ដាក់ឲ្យនៅដោយឡែកក្នុងមន្ទីរពេទ្យជោរី ទីដែលអ្នកជំងឺជនជាតិចិន ២នាក់ នៅ ប្រភព៖ VietnamExpress
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម កំពុងពាក់សម្លៀកបំពាក់ការពារ មុនពេលចូលទៅបន្ទប់ដាក់ឲ្យនៅដោយឡែកក្នុងមន្ទីរពេទ្យជោរី ទីដែលអ្នកជំងឺជនជាតិចិន ២នាក់ នៅ ប្រភព៖ VietnamExpress
ដោយ:
​ជនជាតិ​ចិន​ម្នាក់​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស ក្នុងប្រទេស​វៀតណាម ត្រូវបាន​រាយការណ៍​ថា បានជា​សះស្បើយ​ហើយ​។ នេះ​បើតាម​សារព័ត៌មាន​វៀតណាម Vietnam Express នៅ​ថ្ងៃ ២៨ ខែមករា ដោយ​ស្រង់​សម្តី​ប្រធាន​មន្ទីរពេទ្យ​មួយកន្លែង ដែល​អ្នកជំងឺ​រូបនេះ សម្រាក​ព្យាបាល​។ ចំណែក​អ្នកជំងឺ​ម្នាក់ទៀត កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅឡើយ​ព្រោះ​លទ្ធផល​តេស្ត​ជំងឺ នៅតែ​វិជ្ជមាន​។ យ៉ាងណាមិញ ស្ថានភាព​ជំងឺ​លោក​បាន​ធូរស្រាល​ច្រើន​។​

 
​នៅ​មន្ទីរពេទ្យ ជោ​រី (Cho Ray) ក្នុង​ទីក្រុង ហូជីមិញ លោក Li Zichao អាយុ ២៨ ឆ្នាំ បាន​គ្រូពេទ្យ​ធ្វើតេស្ត ៣ លើក ចាប់តាំងពី​ថ្ងៃ​ចន្ទ ២៧ ខែមករា ហើយ​លទ្ធផល​បង្ហាញ​ចេញមក អវិជ្ជមាន​រាល់ដង​។ គិត​ចាប់ពី​រកឃើញថា ឆ្លង​កូ​រ៉ូ​ណា​វីរុស​មក បុរស​រូបនេះ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​ពេល ៦ ថ្ងៃ​មកហើយ​។ 
 
​តាម Vietnam Express លោក​វេជ្ជបណ្ឌិត Nguyen Tri Thuc ប្រធាន​មន្ទីរពេទ្យ​ខាងលើ បាន​បញ្ជាក់ថា លោក Li អាច​ដកដង្ហើម​វិញ ដោយ​ពុំ​ចាំបាច់​ត្រូវការ​ម៉ាស៊ីន​ដកដង្ហើម​សិប្ប​និ​មិ្ម​ត​ទៀតឡើយ ហើយ​អាច​បរិភោគ​ចំណីអាហារ​បាន​ធម្មតា​ផងដែរ​។ ចំណែក​ឪពុក​លោក ឈ្មោះថា Li Ding អាយុ ៦៦ ឆ្នាំ កំពុង​បន្ត​ទទួល​ការថែទាំ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ 
 
​លោក​វេជ្ជបណ្ឌិត អះអាង​ទៀតថា ទោះបី​គេង និង​បរិភោគ​អាហារ​បាន​ធម្មតា ហើយ​តម្រងនោម​ធ្វើការ​បានល្អ​ក្តី លោក Li Ding  នៅតែ​ត្រូវការ​ជំនួយ​ពី​ម៉ាស៊ីន​ដកដង្ហើម​សិប្ប​និ​មិ្ម​ត​។ អ្នកជំងឺ​ជនជាតិ​ចិន​រូបនេះ មាន​កម្តៅ​ខ្លួន​ធម្មតា កាលពី​យប់​ថ្ងៃ​សៅរ៍ ២៥ ខែមករា ពោលគឺ​៣ ថ្ងៃក្រោយ​លោក​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ ក៏​ប៉ុ​ន្ត​លទ្ធផល​នៃ​ការធ្វើ​តេស្ត​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បង្ហាញថា លោក​បន្ត​តែ​ផ្ទុក​កូ​រ៉ូ​ណា​វីរុស​ដដែល​។ ដូច្នេះ លោក​នៅតែ​ត្រូវ​បានដាក់​ឲ្យ​នៅ​ដោយឡែក​។ 
 
​សូមបញ្ជាក់ថា បុរស​ទាំងពីរ​នេះ ត្រូវបាន​បញ្ជាក់ថា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ដែល​បង្កឡើង​ដោយ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស កាលពី​ថ្ងៃ​២៣ មករា ។ អ្នក​ទាំងពីរ គឺជា​ឪពុក​កូន​។ លោក Ding ដែលជា​ឪពុក បាន​ទៅដល់​ទីក្រុង​ហាណូយ ពី​ក្រុង វូ​ហាន ជាមួយ​ភរិយា កាលពី​ថ្ងៃ ១៣ មករា មុនពេល​ហោះ​ទៅកាន់​ទីក្រុង Nha Trang  រយៈពេល ៤​ថ្ងៃ​បន្ទាប់ ហើយ​បាន​ផ្តើម​មាន​រោគសញ្ញា​ជំងឺ​នេះ​។ 
 
​លោក Li Zichao ជា​កូនប្រុស ដែល​បាន​ស្នាក់នៅ​ខេត្ត Long An នៃ​ប្រទេស​វៀតណាម​អស់​ពេល ៤ ខែ​កន្លងមក បាន​ទៅលេង​ឪពុក​នៅក្នុង​ទីក្រុង Nha Trang ។ គ្រួសារ​ដែលមាន​សមាជិក​៣​នាក់​នេះ ក្រោយមក បាននាំគ្នា​ទៅកាន់​ទីក្រុង ហូជីមិញ ហើយ​ធ្វើដំណើរ​ទៅកាន់​ខេត្ត Long An ដោយ​ប្រើ​ឡាន Taxi ។ លោក Li Zichao បាន​ផ្តើម​មាន​រោគសញ្ញា​ជំងឺ​នេះ នៅ​ថ្ងៃ​២០ ខែមករា ពោលគឺ​៣​ថ្ងៃក្រោយ​ឪពុក​លោក​។ ហើយ​អ្នក​ទាំងពីរ បាន​ចូល​មន្ទីរពេទ្យ ជោ​រី កាលពី​ថ្ងៃ ២២ មករា​។ ជា​សំណាងល្អ ភរិយា​លោក Ding ពុំបាន​រកឃើញ​ជំងឺ​នេះឡើយ​៕ 

Tag:
 ចិន​
  វៀតណាម​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com