លោក ត្រាំ បញ្ចេញ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ដែល​លំអៀង​រក​អ៊ីស្រាអែល
អន្តរជាតិ
លោក ត្រាំ បញ្ចេញ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ដែល​លំអៀង​រក​អ៊ីស្រាអែល
29, Jan 2020 , 3:25 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៨ ខែមករា បាន​បញ្ចេញ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ ទោះ​លោក ត្រាំ ខ្លួនឯង​ចាត់ទុកជា​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​ក្ដី ផែនការ​នេះ ត្រូវ​មើលឃើញថា លំអៀង​ទៅរក​អ៊ីស្រាអែល​ដែលជា​សម្ព័ន្ធមិត្ត​ស្អិតល្មួត​របស់​អាមេរិក​។ ប៉ា​ឡេ​ស្ទី​ន​ឯណោះ ដែល​ប្រកាស​មិន​ទទួលយក​ផែនការ​នេះ​តាំងពីដើម​មក​នោះ ក៏​បន្ត​ទាត់ចោល​គម្រោង​របស់លោក ត្រាំ ទៀត​។​

 
​ក្រោយ​ទុក​ឲ្យ​គេ​រង់ចាំ​ជា​យូរ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏បាន​បើក​ទំព័រ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​អំឡុងពេល​កម្មវិធី​នៅ​សេត​វិមាន​ដែលមាន​វត្តមាន​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ។ លោក ត្រាំ បាន​សន្យា​ផ្ដល់​ក្ដីសង្ឃឹម​ថ្មី​ដល់​ដំណោះ​ការ​ស្វែង​រង​សន្តិភាព​ក្នុង​ជម្លោះ​ដ៏​រ៉ាំរ៉ៃ​ជាងគេ​នៅ​មជ្ឈិមបូព៌ា​។ ប៉ុន្តែ​ផែនការ​សន្តិភាព​នេះ រង​ការរិះគន់​ខ្លាំង​តាំងពី​ចាប់ផ្ដើម​មក ព្រោះ​លំអៀង​ទៅរក​អ៊ីស្រាអែល​ខ្លាំង​ជ្រុល​។​
 
​ក្រោម​ផែនការ​នេះ អាមេរិក នឹង​ទទួលស្គាល់​ការមិនអាច​បំបែក​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល ហើយ​អាមេរិក​នឹង​ទទួលស្គាល់​សំណង់​ខុសច្បាប់​របស់​អ៊ីស្រាអែល​នៅ​ទឹកដី​របស​ប៉ា​ឡេ​ស្ទី​ន​។ ចំណែក​រដ្ឋធានី​ប៉ា​ឡេ​ស្ទី​ន​របស់​នឹង​ក្លាយជា​រដ្ឋ​ពេញ​លក្ខខណ្ឌ​នៅ​ថ្ងៃ​ខាងមុខ គឺ​តាំងនៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡិ​ម​ខាងកើត​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​ស្រាប់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ដោយ​ហៅ​ផែនការ​នេះ​ជា​ច្រកចេញ​ពិតប្រាកដ​ឈានទៅ​កាន់​ដំណោះស្រាយ​ប្រទេស​ពីរ លោក ត្រាំ អះអាងថា ប៉ា​ឡេ​ស្ទី​ន នឹង​ក្លាយជា​រដ្ឋ​ពេញលេញ​នៅ​ថ្ងៃ​ខាងមុខ បើ​អាចបំពេញ​តាម​លក្ខខណ្ឌ​ក្នុង​ផែនការ​រាប់ទាំង​ការគ្រប់គ្រង​លើ​កម្លាំងប្រដាប់អាវុធរ​បស់​ខ្លួន​ដើម្បី​ធានា​សុវត្ថិភាព​របស់​អ៊ីស្រាអែល​។ លើសពីនោះ ទាំង​ប៉ា​ឡេ​ស្ទី​ន ទាំង​អ៊ីស្រាអែល នឹងមាន​ពេល​ចរចា​បួន​ឆ្នាំ​សំដៅ​បង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មួយ​ផងដែរ​។ 
 
​យ៉ាងណាមិញ ប៉ា​ឡេ​ស្ទី​ន បាន​ទាត់ចោល​ផែនការ​នេះ​។ មិនមាន​វត្តមាន​តំណាង​ប៉ា​ឡេ​ស្ទី​ន​ចូលរួម​ក្នុង​ពិធី​នៅ​សេត​វិមាន​ឡើយ ហើយក៏​គ្មាន​មុខ​ក្នុងការ​ដំណើរការ​ព្រាង​ផែនការ​នេះដែរ​។ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmud Abbas និយាយថា កិច្ចព្រមព្រៀង​នេះ នឹងមិន​អាច​ឆ្លង​ទៅណា​រួច​ឡើយ ហើយ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន នឹង​ទម្លាក់​កិច្ចព្រមព្រៀង​នេះ​ទៅក្នុង​ធុងសម្រាម​ប្រវត្តិសាស្ត្រ​ផងដែរ​។ ចំណែក​ក្រុម​ហា​ម៉ាស់​វិញ លើកឡើងថា ខ្លួន​នឹងមិន​ទទួលយក​ការបាត់បង់​ទីក្រុង​ហ្សេ​រុយ​សា​ឡិ​ម​ឡើយ​។​
 
​បាតុករ​រាប់ពាន់នាក់ បាន​ប្រមូលគ្នា​តវ៉ា​ផែនការ​របស់លោក ត្រាំ នៅ​តំបន់​ត្រើយ​ខាងកើត និង​ជ្រោយ​កា​ហ្សា​។ ចំណែក​ប្រតិកម្ម​ពី​បរទេស​វិញ មាន​ចម្រុះ​គ្នា​។ រុស្ស៊ី​នៅ​សង្ស័យ​ផែនការ​របស់​អាមេរិក ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ចេញមុខ​សរសើរ​ដែល​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​។ សហភាព​អឺរ៉ុប​វិញ ក៏​លើកឡើងថា ខ្លួន​នឹងសិក្សា​ពី​ផែនការ​របស់​អាមេរិក​ឲ្យ​ពិស្ដារ​៕ 

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ប៉ា​ឡេ​ស្ទី​ន​
  ដូ​ណា​ល់ ត្រាំ​
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com