សុខភាព
អន្តរជាតិ
គ្រួសារ​ចិន​៤​នាក់​នៅ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត កើត​កូ​រ៉ូ​ណា​វីរុស​ទាំងអស់ ខណៈ​សិង្ហ​បុរី​ឡើង​១០ អូស្ត្រាលី​៧
29, Jan 2020 , 9:13 pm        
រូបភាព
អ្នកដំណើរម្នាក់នៅលើរថភ្លើងនាក្រុងហុងកុង។ រូបថត AFP
អ្នកដំណើរម្នាក់នៅលើរថភ្លើងនាក្រុងហុងកុង។ រូបថត AFP
ដោយ: រួបរួម
​គិត​ត្រឹម​ម៉ោង​៩ និង​១០​នាទី​ល្ងាច​ថ្ងៃ​ពុធ ទី​២៩ ខែមករា នេះ ចិន​បាន​កើនឡើង​អ្នកជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដល់​ទៅ​ជាង​៦០០០​ករណី រីឯ​សិង្ហ​បុរី​ឡើងដល់​១០ អូស្ត្រាលី​ឡើងដល់​៧ ហើយ​សមាជិកគ្រួសារ​ទាំ​ង​៤​របស់​ទេសចរ​ចិន​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម កើត​ជំងឺ​ដែលមាន​ប្រភពពី​វូ​ហាន​ទាំងអស់​។ បច្ចុប្បន្ន​អ្នកស្លាប់​នៅ​ចិន​មាន​១៣២​នាក់​។​



​សិង្ហ​បុរី អះអាង​ពី​ការធ្វើ​តេ​ស្តិ៍​រកឃើញ​អ្នកជំងឺ​៣​នាក់ ដែល​សុទ្ធតែជា​ជនជាតិ​ចិន​មកពី​វូ​ហាន​ទាំងអស់​។ ដូច្នេះ​ចំនួន​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​នៅ​បុរី​រដ្ឋ​មួយ​នេះ​ឡើងដល់​១០​នាក់​ហើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNA​។​

​បើតាម​ក្រសួងសុខាភិបាល​សិង្ហ​បុរី ករណី​ពីរ​ថ្មី គឺជា​ប្តី​ប្រពន្ធ​ដែលមាន​អាយុ​៥៦​ឆ្នាំ​ដូចគ្នា ដោយ​ពួកគេ​បាន​ទៅដល់​សិង្ហ​បុរី កាលពី​ថ្ងៃទី​១៩ ខែមករា​។ រីឯ​ករណី​ទី​១០ គឺជា​បុរស​វ័យ​៥៦​ឆ្នាំ​ផងដែរ ដែល​បាន​ទៅដល់​សិង្ហ​បុរី កាលពី​ថ្ងៃទី​២០ ខែមករា​។​

​ដោយឡែក South China Morning Post បាន​ផ្សាយ​ឲ្យ​ដឹងថា សមាជិកគ្រួសារ​៣​នាក់​ទៀត​របស់​អ្នកជំងឺ​ទីមួយ​នៅ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម សុទ្ធ​តែមាន​ជំងឺ​កូ​រ៉ូ​ណាវី​រុស​។ ពួកគេ​សុទ្ធ​តែមាន​ប្រភពពី​ក្រុង​វូ​ហាន ហើយ​បានធ្វើ​ដំណើរ​ទេសចរណ៍​ជា​លក្ខណៈ​គ្រួសារ​។​

​នៅ​ថ្ងៃ​ពុធ​នេះ​ដដែល សារព័ត៌មាន 7news របស់​អូស្ត្រាលី បាន​អះអាង​ពី​ករណី​ដំបូង​នៃ​អ្នក​កើត​កូ​រ៉ូ​ណាវី​រុស​នៅ​រដ្ឋ Queenland ដោយ​អ្នកជំងឺ​ជា​បុរស​ចិន​វ័យ​៤៤​ឆ្នាំ​ម្នាក់ ដែលមាន​ប្រភពពី​ក្រុង​វូ​ហាន​។ ករណី​ថ្មី​នេះ នាំ​ឲ្យ​អូស្ត្រាលី​ទាំងមូល​មាន​អ្នក​កើត​កូ​រ៉ូ​ណា​វីរុស​ចំនួន​៧​នាក់​ហើយ​។​

​គិត​ត្រឹម​ម៉ោង​៩ និង​១០​នាទី យប់​ថ្ងៃទី​២៩ ខែមករា អ្នក​កើត​ជំងឺ​កូ​រ៉ូ​ណា​វីរុស​មាន​ជាង​៦០០០​នាក់ និង​ស្លាប់​១៣២​នាក់ ដែល​នៅក្នុង​ប្រទេស​ចិន​ទាំងអស់​។ ក្រៅពី​ចិន និង​តំបន់​រដ្ឋបាល​ពិសេស​ហុង​កាវ ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​ផ្សេងទៀត​ដែលមាន​ករណី​អ្នក​កើត​កូ​រ៉ូ​ណា​វីរុស​រួមមាន ថៃ សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ កូរ៉េខាងត្បូង អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា វៀតណាម ណេ​ប៉ាល់ ស្រីលង្កា និង​កម្ពុជា​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com