បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
បទ​យកការណ៍៖ នៅ​សម័យនេះ សង្សារ​ក៏ត្រូវ​មានការ​ឡើង​ស៊េរី​ដូច​សម្ភារ​ផងដែរ
10, Oct 2013 , 8:20 am        
រូបភាព
ដោយ:
ចរន្ត​សកលភាវូបនីយកម្ម​បាន​ធ្វើ​ឲ្យ​មនុស្ស​ងុប​ង​ល់​នឹង​សម្ភារ តាមរយៈ​ការផ្លាស់ប្តូរ​ម៉ូត ឬ​ស៊េរី​ដោយ​ឥត​សំចៃ។ ការ​ឆាប់​ទទួលយក ហើយក៏​ឆាប់​បោះបង់ ទៅវិញ បាន​ក្លាយជា​ទម្លាប់​ទៅហើយ សម្រាប់​យុវជន យុវតី​ខ្មែរ​មួយចំនួន​ក្នុងសម័យ​បច្ចុប្បន្ននេះ។ មិនមែន​សម្រាប់តែ​សម្ភារ​ប្រើប្រាស់​នោះទេ ដែល​ពួកគេ​ត្រូវ​ផ្លាស់ប្តូរ​ឡើង​ស៊េរី សូម្បីតែ​ស្នេហា​ក៏​ពួក គេ​ត្រូវ​ផ្លាស់ប្តូរ​ឡើង​ស៊េរី​ផងដែរ។


អ្នកខ្លះ​មាន​គូស្នេហ៍ ស្រឡាញ់គ្នា​បាន​មួយខែ ក៏​បែក​គ្នា​ទៅវិញ។ អ្នក​មួយចំនួនទៀត មាន​សង្សារ ច្រើន​នាក់​ក្នុងពេល​តែមួយ​ទៀតផង។ មានមតិ​ជាច្រើន​បាន​នឹង​កំពុង​បន្ទោស​គ្នា​ទៅវិញទៅមក​ថា នារី មិន​ស្មោះ ទើប​បុរស​សាវ៉ា មតិ​មួយចំនួន​ទៀតថា បុរស​សាវ៉ា​កំពុង​បង្រៀន​នារី​ឲ្យ​មិន​ស្មោះ។ ចំណែកឯ មតិ​មួយចំនួន​ផ្សេងទៀត បន្ទោស​ថា មកពី​ប​ច្ចេ​វិទ្យា​ទំនើប​ពេក​ទើប​ធ្វើ​ឲ្យ​យុវវ័យ​មួយចំនួន ជ្រួល ជ្រើម និង​សម្ភារ​និយម​ភ្លេចខ្លួន។

យុវតី​មួយចំនួន​ចូលចិត្ត​ការសប្បាយ ភាព​ហ៊ឺហា សុខចិត្ត​លះបង់​ខ្លួនប្រាណ ដូរ​នឹង​ការសប្បាយ និង​សម្ភារ​ទំនើប ភ្លេច​គិតពី​ទំនៀម​ទំលាប់ ប្រពៃណី​របស់ខ្លួន។ រីឯបុរសៗមួយចំនួន​វិញ ឲ្យ​ដឹង​ដែរ​ថា ពួកគេ​ចង់​ភ្លក់​រស់ជាតិ​ថ្មី​ជានិច្ច។

ជា​និស្សិត​ឆ្នាំ​ទី៤ កញ្ញា នី​តា បាន​បង្ហើប​ប្រាប់​ពី​ស្នេហា​របស់​មិត្ត​គេ​ម្នាក់​ដោយ​សុំ​មិន​បញ្ចេញ​ឈ្នោះ ថា៖ «ថ្ងៃមួយ​មិត្ត​ខ្ញុំ​បាន​ប្រាប់ថា គេ​មាន​សង្សារ​បួន​នាក់​ក្នុងពេល​តែមួយ។ គេ​រៀបចំ​ពេលវេលា​ជួបគ្នា បានល្អ​ណាស់ មិន​ឲ្យ​ជាន់គ្នា​ឡើយ។ ម្យ៉ាងវិញទៀត ក្នុងចំណោម​បួន​នាក់​នោះ បើ​ម្នា​ក់ណា​មិនអាច បំពេញ​តាម​តំរូវការ​របស់គេ​បាន គឺ​គេ​ផ្តាច់​ចោល​ភ្លាម»។ 

នី​តា បន្ថែម​ឲ្យ​ដឹង​ពីស​ម្តី​របស់​មិត្ត​ខ្លួន ទៀតថា៖ «មានតែ​មនុស្ស​ល្ងង់​ទេ ដែរ​ដើរ​តែ​ផ្លូវ​មួយ។ ពេល​បែក​ពី​ប្រុស​ម្នាក់ យ៉ាងហោច​ក៏មាន ពីរ បី នាក់​ទៀត​ដែរ»។ យុវតី​សម្បូរ​ស្នេហ៍​រូបនេះ បញ្ជាក់ទៀតថា៖ «គេ​មិន​ដែលមាន​វិប្បដិសារី មិន​ពិបាកចិត្ត ហើយក៏​មិនចេះ​ឈឺចាប់​ម្តងណា​ឡើយ»។

ឃើញ​ភ្លាម ស្រឡាញ់​ភ្លែត ជា​ទម្លាប់​របស់ យុវជន​ម្នាក់ ជិះឡាន ម៉ាក​ហុងដា ពណ៌​ស លោក ដេវីត បាន​លើកឡើងថា៖ « ភាព​សង្ហារ ឡាន​ទំនើប ទូរស័ព្ទ​ស៊េរី​ថ្មី​របស់ខ្ញុំ ជួយ​ឲ្យ​ខ្ញុំ​បាន​ភ្លក់​រស់ជាតិ​ថ្មី​ជា ញឹកញាប់»។ យុវជន សក់វែង សម្បុរ​ស ដដែល​នេះ​បន្ថែមទៀតថា៖ «ខ្ញុំ​មិនទាន់​ចង់បាន​ស្នេហ៍​ស្មោះ នោះទេ។ មាន​សង្សារ​ស្រឡាញ់គ្នា​មួយរយៈ ហើយ​បែកផ្លូវ​គ្នា​វិញ​ល្អ​ជាង»។ 

យុវតី​មួយចំនួន​គិតថា បុរសៗគឺ​សុទ្ធតែ​មិន​ស្មោះ ហេតុដូច្នេះ គ្មាន​ហេតុផល​ណា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ ស្មោះ​នឹង​បុរស​ទាំងនោះ​វិញ​ឡើយ។

កញ្ញា លីន​ដា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ឲ្យ​ដឹងថា៖ « ខ្ញុំ​ធ្លាប់មាន​សង្សារ​បីនាក់ ឥឡូវ​បែក​គ្នា​អស់ ហើយ។ ពួកយើង​ស្រឡាញគ្នាលេងៗ ។ ខ្ញុំ​គ្រាន់តែ​ដើរលេង​សប្បាយ​ជាមួយគ្នា​តែប៉ុណ្ណោះ ខ្ញុំ​មិនបាន ខូចខ្លួន​ជាមួយ​គេ​ឡើយ»។ កញ្ញា​វ័យ២៤ឆ្នាំ​រូបនេះ បញ្ញា​ក់ថា៖ « ពួកគេ​សុទ្ធតែ​មិន​ស្មោះ​នឹង​ខ្ញុំ ដូច្នេះ ខ្ញុំ​ក៏​មិនអាច​ស្មោះ​នឹង​ពួកគេ​វិញ​ដែរ»។

លោក វណ្ណៈ ម្នាក់ទៀត ជា​អ្នកមាន​រស់​និយម ចូលចិត្ត​ដូរ​រស់ជាតិ​ស្នេហា​ញឹកញាប់ យុវជន​រូបនេះ លើកឡើងថា៖ «នារីៗមួយចំនួន​ឥឡូវ មិនសូវ​កំណាញ់​ខ្លួន​ទេ ពួកគេ​ចូលចិត្ត​ការសប្បាយ ឲ្យ​តែ​បាន នាំ​ពួកគេ​ផឹកស៊ី​សប្បាយ ចូល​ក្លិប​រាត្រី ពេលចេញ​មកវិញ​ចង់​នាំ​ទៅណា​ក៏បាន»។

ស្នេហាចាស់ៗជំនាន់​មុន មិន​ដូច​សម័យ​ឥឡូវនេះ​ទេ ទម្រាំ​ស្រឡាញ់គ្នា​បាន ត្រូវ​ចំណាយ ពេល​រាប់​ឆ្នាំ ផ្ញើរ​សំបុត្រ​ឲ្យ​គ្នា​ទៅវិញទៅមក និង​មានការ​អៀនខ្មះ​ច្រើន​ទៀតផង។ មិន​ដូច​យុវវ័យ សម័យ​ឥឡូវ ងាយ​បង្កើត​ចំណងស្នេហា ហើយក៏​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​ផងដែរ។ ក្នុង​រយៈពេល ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន រូបភាព និង​វីដេអូ ស្រើប​ស្រាស​ជាច្រើន​បាន​បង្ហោះ​តាម បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ ទាំងនេះ​ជា​មូលហេតុ​យ៉ាងពិត​ប្រាកដ ដែល​កំពុង​ដុត​រោល​អារម្មណ៍ យុវវ័យ​ខ្មែរ ឲ្យ​ចង់ដឹង និង​ចង់​ស្គាល់៕



© រក្សាសិទ្ធិដោយ thmeythmey.com