អន្តរជាតិ
ក្រសួងការបរទេស​សិ​ង្ហ​បុរី ថា​ពលរដ្ឋ​ខ្លួន​៩២​នាក់​មកដល់​មាតុភូមិ​វិញ​ពី​វូ​ហាន​ហើយ​
30, Jan 2020 , 3:05 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan (AFP)
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan (AFP)
ដោយ:
​ក្រសួងការបរទេស​សិ​ង្ហ​បុរី បញ្ជាក់​ឲ្យ​ដឹងថា ពលរដ្ឋ​សិង្ហ​បុរី ៩២ នាក់ បាន​មកដល់​មាតុប្រទេស​វិញ ពី​ក្រុង វូ​ហាន នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣០ ខែមករា នេះ​។

 
«​ប្រជាជន​សិង្ហ​បុរី ៩២ នាក់ នឹង​មកដល់​ប្រទេស​សិង្ហ​បុរី ពី​ក្រុង វូ​ហាន ខេត្ត Hubei តាមរយៈ​ជើងហោះហើរ TR121 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Scoot នា​ព្រឹក​នេះ​»​។ ក្រសួងការបរទេស​សិ​ង្ហ​បុរី បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខ្លួន​បែបនេះ​។ 
 
​បើតាម​វេ​ប​សាយ​តាមដាន​ជើងហោះហើរ Flightradar យន្តហោះ​ដឹក​ពលរដ្ឋ​សិង្ហ​បុរី​ពី​វូ​ហាន​នេះ បាន​ចាក​ចេញពី​ទីក្រុង​ចិន​នេះ នៅ​ម៉ោង​ប្រហែល​៧​ព្រឹក ហើយនឹង​មកដល់​ប្រទេស​សិង្ហ​បុរី នៅវេលា​ម៉ោង ១១៖៤០​នាទី​ព្រឹក​។ 
 
​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក្រសួងការបរទេស​សិ​ង្ហ​បុរី បាន​អះអាង​ទៀតថា ក្នុង​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី កាលពី​ថ្ងៃ ២៩ មករា ប្រមុខ​ការទូត​សិង្ហ​បុរី លោក Vivian Balakrishnan បាន​សម្តែង​ការកោតសរសើរ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ចំពោះ​រដ្ឋាភិបាល​ចិន ព្រមទាំង​ស្ថានទូត​ចិន​ក្នុងប្រទេស​សិង្ហ​បុរី​ផងដែរ​សម្រាប់​ការសម្របសម្រួល​ការធ្វើ​មាតុប្រទេស​ដោយមាន​សុវត្ថិភាព​របស់​ប្រជាជន​សិង្ហ​បុរី​ទាំងនេះ​។​
 
​ម្យ៉ាងវិញទៀត ក្រសួងការបរទេស បាន​សង្កត់ធ្ងន់ថា ប្រជាជន​សិង្ហ​បុ​រិ​ដែល​នឹង​ត្រលប់​មកវិញ​នេះ នឹង​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព នៅពេល​ពួកគេ​មកដល់​ព្រលានយន្តហោះ Changi​។ ចំណែក​អ្នក​ដែលមាន​រោគសញ្ញា​ក្តៅខ្លួន ឬ​ផ្លូវដង្ហើម​ណាមួយ នឹងត្រូវ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ សម្រាប់​ពិនិត្យ​ស្ថានភាព​បន្តទៀត ខណៈ​អ្នក​ដែល​នៅ​សេសសល់​នោះ រួមមាន​ទាំង​មន្ត្រី​កុងស៊ុល​សិង្ហ​បុរី ដែល​បាន​ជួយ​សម្របសម្រួល​ដំណើរ​ត្រលប់​មកវិញ​នេះ នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤​ថ្ងៃ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ ព្រហស្បតិ៍ ៣០ ខែមករា នេះ ប្រទេស​សិង្ហ​បុរី បាន​រកឃើញ​អ្នក​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រូស​ចំនួន ១០​នាក់ ហើយ​៕ 

Tag:
 សិង្ហ​បុរី​
  វូ​ហាន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com