អន្តរជាតិ
ហ្វីលីពីនជាប្រទេសអាស៊ានទី៦ដែលមានអ្នកជំងឺរលាកសួតកូរ៉ូណាវីរុស
30, Jan 2020 , 3:10 pm        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល​ហ្វីលីពីន នា​ថ្ងៃទី​៣០ ខែមករា នេះ បាន​ប្រកាស​រក​ឃើញ​ជាវិជ្ជមាន​នូវជំងឺរលាកសួត​បង្កដោយមេរោគកូរ៉ូណា​ប្រភេទថ្មីនៅលើទឹកដីររបស់ខ្លួន។ អ្នកជំងឺជាស្ត្រី​ចិនម្នាក់​ដែលមាន​វ័យ​៣៨ឆ្នាំមកពីក្រុងវូហាន។ នេះបើតាម​ការផ្សាយ​របស់ CNN Philippines។ ករណីនេះ នាំឲ្យហ្វីលីពីនក្លាយជាប្រទេសទី៦នៅ​តំបន់អាស៊ីអាគ្នេយ៍ដែលមានអ្នកជំងឺកូរ៉ូណាវីរុស បន្ទាប់ពីថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា។



អ្នកជំងឺ​ករណី​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​លើក​ទី​១​នៅ​ហ្វីលីពីន​នេះ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​២៩​នាក់​ដែល​កំពុង​ត្រូវបាន​តាមដាន​ពី​សំណាក់​ក្រសួងសុខាភិបាល​ហ្វីលីពីន​។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​ហ្វីលីពីន Francisco Duque លើកឡើង​បែបនេះ ។​
 
​លោក Dugue បន្តទៀតថា អ្នកជំងឺ​ជា​ស្ត្រី​វ័យ​៣៨​ឆ្នាំ បានធ្វើ​ទៅកាន់​ហ្វីលីពីន​ពី​ក្រុង វូ​ហាន ប្រទេស​ចិន តាមរយៈ​ទីក្រុង ហុងកុង កាលពី​ថ្ងៃ ២១ ខែមករា​។ បច្ចុប្បន្ន ស្ត្រី​រូបនេះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ហ្វី​លី​លីន ហើយ​លែង​បង្ហាញ​រោគសញ្ញា​គួរ​ឲ្យ​បារម្ភ​អ្វី​ទៀតឡើយ​។​
 
​បើតាម​ក្រសួងសុខាភិបាល​ហ្វីលីពីន ស្ត្រី​រូបនេះ បាន​ចូល​មន្ទីរពេទ្យ​រដ្ឋ​មួយ ក្រោយពី​រូបនាង​បានចេញ​រោគសញ្ញា​ក្អក​ខ្លាំង កាលពី​ថ្ងៃ ២៥ ខែមករា​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com