អន្តរជាតិ
រាជវាំងជប៉ុន៖ អតីតអធិរាជ អាគីហ៊ីតុ ដួលសន្លប់ តែមិនមានបញ្ហាធំឡើយ
× រាជវាំងជប៉ុន នៅថ្ងៃទី៣០ ខែមករា បានប្រកាសថា អតីតអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) បានបាត់បង់ស្មារតី និងដួលក្នុងបរិវេណនិវេសនដ្ឋានរបស់ទ្រង់ក្នុងទីក្រុងតូក្យូ។ ប៉ុន្តែការត្រួតពិនិត្យព្រះកាយបង្ហាញថា ទ្រង់មិនមានភាពមិនប្រក្រតីអ្វីឡើយ ហើយកំពុងតែត្រឡប់ទៅរកសភាពធម្មតាវិញ។ ព្រះជន្មចាស់វស្សា និងបញ្ហាសុខភាពចាស់ កំពុងយាយីអតីតអធិរាជអង្គនេះ។
អតីតអធិរាជ អាគីហ៊ីតុ បានបាត់បង់ស្មារតី ហើយដួលសន្លប់នៅថ្ងៃទី២៩ ខែមករា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo ដែលបន្តថា មហេសីរបស់ទ្រង់ មីឈីកុ ដែលគង់ក្បែរ បានផ្ដល់ការសង្គ្រោះដល់ទ្រង់ និងបានកោះហៅវេជ្ជបណ្ឌិតភ្លាមៗផងដែរ។ ពេលក្រុមគ្រូពេទ្យទៅដល់ អតីតអធិបរាជជប៉ុន នៅតែគ្មានស្មារតីដដែល។
ដោយស្រង់សម្ដីទីភ្នាក់ងាររាជវាំងជប៉ុន អតីតប្រមុខរដ្ឋជប៉ុនអង្គនេះ កំពុងតែប្រសើរឡើងវិញហើយ និងអាចសោយក្រយាពេលព្រឹកបានធម្មតានៅថ្ងៃទី៣០ ខែមករា។ ប្រភពព័ត៌មានដដែលបន្ថែមថា ព្រះអង្គបានទទួលការពិនិត្យដោយក្រុមគ្រូពេទ្យផ្នែកប្រព័ន្ធសរសៃប្រសាទ និងការស្កែនរាងកាយនៅថ្ងៃទី៣០ ខែមករាផងដែរ។ លទ្ធផលបង្ហាញថា គ្មានអ្វីមិនខុសធម្មតាឡើយ។
«មិនមានសញ្ញានៃភាពមិនខុសប្លែកឡើយ ហើយជាពិសេស ក៏គ្មានសញ្ញានៃការជំងឺផ្សេងៗដូចជាការដាច់សរសៃឈាមនោះដែរ។» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យរាជវាំងជប៉ុន។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យ នឹងបន្តតាមដានព្រះសុខភាពរបស់ទ្រង់បន្តទៀត។
ទោះជាធម្មតាត្រូវបានគេមើលឃើញថា អាចយាងដោយអង្គឯងក្ដី អតីតអធិរាជ អាគីហ៊ីតុ ក៏មានព្រះរាជសុខភាពមិនបរិបូរណ៌។ កាលពីខែកក្កដា ២០១៩ ទ្រង់មានជំងឺខ្វះឈាមក្នុងខួរក្បាល។ កន្លងទៅ ទ្រង់ក៏ឆ្លងកាត់ការវះកាត់មហារីក និងជំងឺហទយ (ជំងឺបេះដូង) ផងដែរ។ មហេសីរបស់ទ្រង់វិញ អតីតអធិរាជនី មីឈីកុ ក៏មានជំងឺដែរ ដោយរាជវាំងជប៉ុនអះអាងថា ទ្រង់មានព្រះសុខភាពមិនសូវប្រពៃ ហើយស្រកទម្ងន់ទៀតផង។
ដោយសារបញ្ហានេះទាំងហើយ ទើប ព្រះអង្គ អាគីហ៊ីតុ សម្រេចព្រះទ័យដាក់រាជ្យដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ហើយក្លាយជាអធិរាជជប៉ុនទីមួយក្នុងពេល២០០ឆ្នាំ ដែលធ្វើបែបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com