ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បារម្ភ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ចកម្ពុជា ដោយសារ​មេរោគ​កូ​រ៉ូ​ណា
31, Jan 2020 , 8:29 am        
រូបភាព
ដោយ:
​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា កំពុង​បន្ថែម​បញ្ហា​ប្រឈម​និង​ហានិភ័យ​ថ្មី​មួយទៀត ដល់​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​នៅលើ​ពិភពលោក​។ កម្ពុជា​ក៏​ដូចគ្នា គឺ​កំពុង​ព្រួយបារម្ភ​សម្រាប់​សេដ្ឋកិច្ច​របស់ខ្លួន ពិសេស​លើ​វិស័យ​ទេសចរណ៍​តែម្ដង ពី​ការ​រាលដាល​នៃ​ជំងឺ​នេះ​។​


 
​ក្នុង​វេទិកា​ស្ដីពី​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​២០២០ នៅ​ថ្ងៃទី​៣០​ខែមករា​នេះ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាងថា សេដ្ឋកិច្ចកម្ពុជា ប្រឈម​បញ្ហា​ធំ​ជាង​មុន​សម្រាប់​ឆ្នាំនេះ​។ លោក​បាន​ថ្លែ​ដូច្នេះ​ថា​៖«​ចូលដល់​២០២០​នេះ ធ្វើ​ឲ្យ​យើង​បារម្ភ​ជាង​មុន ដោយសារ​យើង​ជួបប្រទះ​ការ​ប្រឈម​សេដ្ឋកិច្ច​កាន់តែ​ធំ​ជាង​មុន មាន​ហានិភ័យ​និង​ភាពមិនច្បាស់លាស់​ធំ​ជាង​មុន​។ បញ្ហា​កំណើន​ធ្លាក់ចុះ​នូវ​សេដ្ឋកិច្ច​សកលលោក កត្តា​ភូមិ​សា​ស្ត​នយោបាយ កត្តា​ប្រែប្រួល​អាកាសធាតុ ឥឡូវ​ថែម​កត្តា​មេរោគ​»​។​
​លោក វ​ង្សី វិស្សុត បន្ត​ដូច្នេះ​ទៀតថា​៖«​មេរោគ​នេះ​គឺ​ពី​ចិន ហើយ​ចិន​ជា​ដៃគូ​សេដ្ឋកិច្ច​របស់​កម្ពុ​ជាធំ ឥឡូវ​ទេសចរណ៍ គ្រាន់តែ​ចិន​មាន​បញ្ហា សណ្ឋាគារ​យើង​មួយចំនួន​ដែល​គេ​កក់​ពី​ចិន​មក​ពិបាក​….​។ ហើយ​កាលណា​ទេសចរ​ថយ ការដឹកជញ្ជូន ការហូបចុក​ថយ​»​។​
 
​ការ​ប្រឈម​នៃ​មេរោគ​កូ​រ៉ូ​ណា​ដល់​សេដ្ឋកិច្ចកម្ពុជា​នេះ មិនមែន​ត្រូវបាន​លើកឡើង​គ្រាន់តែ​ជាការ​យល់ឃើញ​របស់លោក វ​ង្សី វិស្សុត នោះទេ តែ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​នៃ​បញ្ហា​ប្រឈម​-​ហានិភ័យ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​។ ក្នុង​ស្លាយ​បទ​បង្ហាញ​របស់លោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​វេទិកា​នោះដែរ ការ​រាលដាល​នៃ​មេរោគ​នេះ ស្ថិតក្នុង​បញ្ហា​ប្រឈម​និង​ហានិភ័យ​ទាំង​៧​ចំពោះ​សេដ្ឋកិច្ចកម្ពុជា មាន​ជាអាទិ៍ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA, ការប្រែប្រួល​អាកាសធាតុ​, សង្គ្រាម​ពាណិជ្ជកម្ម​។​
 
​មិនទាន់​អាច​គណនា​ការខាតបង់​សេដ្ឋកិច្ច​ពី​ការ​រាលដាល​នៃ​ជំងឺ​នេះ​នៅឡើយ តែ​លោក ផាន់ ផល្លា លើកឡើងថា ក្រសួង​កំពុង​តាមដាន​ពី​ការ​បញ្ហា​នេះ​។ លោក​គូសបញ្ជាក់​ដូចនេះ​ថា​៖«​យើង​ត្រូវ​តាមដាន​មើល​និង​វាយតម្លៃ​ពី​ផលប៉ះពាល់​ពី​ជំងឺ​នេះ​ស្ថានភាព​សេដ្ឋកិច្ច​។ តាម​បទពិសោធន៍​កាល​ជំងឺសារ​កាលពី​២០០២ គឺមាន​រយៈពេល​៨​ខែ​ពី​ចាប់ផ្ដើម​រហូតដល់​ចប់​។ កូ​រ៉ូ​ណា​វីរុស​នេះ​ក៏​ប្រហែលជា​មិន​រយៈពេល​ខ្លី ខ្ទង់​ប្រហាក់ប្រហែលគ្នា ឬ​ខ្លី​ជាង​ជំងឺសារ​»​។​
 
​អ្នកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​(CATA) ដែល​ចូលរួម​ក្នុង​វេទិកា​នេះដែរ ក៏បាន​លើកឡើង​ពី​ការ​ខ្វាយខ្វល់​របស់​វិស័យ​ឯកជន​ពី​ការប៉ះពាល់​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ផងដែរ​។ អ្នកស្រី​ប្រាប់ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ចំនួន​ភ្ញៀវទេសចរ​បាន​ថមថយ​ចុះ ពិសេស​នៅ​ខេត្តសៀមរាប ហើយ​មិនមែន​តែ​ក្នុងអំឡុងពេល​ផ្ទុះ​មេរោគ​កូ​រ៉ូ​ណា​នេះ​ប៉ុណ្ណោះ​ទេ គឺ​មុននេះ​ទៅទៀត​។ អ្នកស្រី​ឲ្យ​ដឹង​បែបនេះ​ថា​៖«​វិស័យ​ស​ណ្ឋា​ការ ភោជនីយដ្ឋាន ដឹកជញ្ជូន និង​ក្រុម​ទេសចរណ៍​ទាំងអស់ កំពុងតែ​រង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ មិន​ត្រឹមតែ​រយៈពេល​ថ្មីៗ​នេះ​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​នេះ តែ​យើង​រង​ផលប៉ះពាល់​កន្លះ​ឆ្នាំ​មកហើយ​»​។ ជាមួយគ្នានេះ​អ្នកស្រី​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការមេ​ដែល​អន្តរក្រសួង​បង្កើត​ក្នុងពេល​ថ្មីៗ ដើម្បី​ស្ដារ​ស្ថានភាព​នៅ​ខេត្តសៀមរាប​ឲ្យ​ល្អប្រសើរ​។​
 
​ទេសចរណ៍​កម្ពុជា​បានរួម​ចំណែក​១៣​ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា​។ ក្នុង​ឆ្នាំ​២០១៩ ទេសចរ​អន្តរជាតិ​មាន​ជាង​៦,៦​លាន​នាក់​។ ក្នុង​ឆ្នាំ​ចុងក្រោយៗ​នេះ ភ្ញៀវ​ចិន​ចូលមក​កម្ពុជា មាន​លើស​២​លាន​នាក់​។ 
 
​គួរ​បញ្ជាក់ថា មេរោគ​កូ​រ៉ូ​ណា​ដែល​បាន​ផ្ទុះឡើង​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៩ គិត​មកដល់​ថ្ងៃនេះ​បាន​ឡើងដល់​ជិត ៨​ពាន់​ករណី​នៅ​ប្រទេស​ចិន និង​បណ្ដា​ប្រទេស​ផ្សេងទៀត​៕
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  សេដ្ឋកិច្ចកម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com