អន្តរជាតិ
WHO ប្រកាសអាសន្នសកល ខណៈអ្នកស្លាប់ព្រោះកូរ៉ូណាវីរុសឡើងដល់ ២១៣នាក់ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus (ស្តាំ) និងមន្ត្រី WHO លោក Michael Ryan នាសន្និសីទកាសែត។ រូបថត AFP
× តួលេខអ្នកស្លាប់ដោយសារការឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី បានប៉ោងឡើងដល់ ២១៣ នាក់ ក្នុងប្រទេសចិន បន្ទាប់ពីខេត្ត Hubei បានរាយការណ៍ថា មានអ្នកស្លាប់ ៤២នាក់ថ្មី នៅព្រឹកម៉ោង៧ ថ្ងៃសុក្រ ទី៣១ មករា នេះ។
គណៈកម្មការសុខាភិបាលខេត្ត Hubei បានប្រកាសថា អ្នកស្លាប់ព្រោះជំងឺរលាកសួតដែលបង្កឡើងដោយណូវែលកូរ៉ូណាវីរុស បានកើនឡើង៤២ នាក់ថ្មី គិតត្រឹមដំណាច់ថ្ងៃ៣០ មករា។ តួលេខនេះ បានធ្វើឲ្យអ្នកស្លាប់សរុបក្នុងខេត្តដែលជាចំណុចផ្តើមនៃការផ្ទុះជំងឺនេះ កើនឡើង២០៤នាក់ហើយ។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី អាជ្ញាធរខេត្តនេះ បានប្រកាសរកឃើញករណីថ្មី ១២២០ ករណីទៀត ដែលធ្វើឲ្យករណីឆ្លងសរុប ៥៨០៦។
សូមបញ្ជាក់ថា តួលេខអ្នកស្លាប់ថ្មីនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជាសកលអំពីវីរុសដ៏កាចសាហាវនេះ ដែលបានឆ្លងរាលដាលនៅប្រទេសជាច្រើនជុំវិញពិភពលោក។
បើតាមAFP លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវថា៖«ការព្រួយបារម្ភដ៏ធំបំផុតរបស់យើងគឺលទ្ធភាពនៃវីរុសរាលដាលដល់បណ្តាប្រទេសដែលមានប្រព័ន្ធសុខភាពខ្សោយជាងមុន»។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា៖«ឥឡូវយើងត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់ការរាលដាលកាន់តែខ្លាំងថែមទៀត។ លោក អះអាងថាវីធីសាស្ត្រតែគត់ដែលអាចបញ្ឈប់វាបាន គឺប្រទេសទាំងអស់ត្រូវរួបរួមគ្នា។
យ៉ាងណាមិញលោក Tedros បានលើកឡើងថា ការរឹតត្បិតការធ្វើដំណើរនិងពាណិជ្ជកម្មជាមួយប្រទេសចិន គឺជារឿងមិនចាំបាច់ឡើយដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ដែលបានរាលដាលដល់ប្រទេសចំនួន ១៥ ផ្សេងទៀតនៅទូទាំងពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com