រដ្ឋាភិបាល នឹង​បើក​ទូត​ពីរទៀត ​នៅ​អាហ្វ្រិក និង​អាមេរិក​ឡាទីន​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋាភិបាល នឹង​បើក​ទូត​ពីរទៀត ​នៅ​អាហ្វ្រិក និង​អាមេរិក​ឡាទីន​
31, Jan 2020 , 9:56 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នឹង​បើក​ស្ថានទូត​ចំនួន​ពីរ​ទៀត នៅក្នុង​តំបន់​អាហ្វ្រិក និង​អាមេរិក​ឡាទីន ។ សម្ដេច ហ៊ុន សែន យល់ព្រម​តាម​សំណើរ​សុំ​បង្កើត​ទូត​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នៅ​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួង នៅ​ព្រឹក​ថ្ងៃទី​៣១ មករា​នេះ​។​

 
​ស្ថានទូត​ទាំងពីរ​នេះ ត្រូវបាន​សម្ដេច ហ៊ុន សែន សម្រេច​ឱ្យ​បើក​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ប្រទេស​ប្រេ​ស៊ី​ល ដែល​ស្ថិតនៅក្នុង​តំបន់​អាមេរិក​ឡាទីន​។ បើតាម​សម្ដេច ស្ថានទូត​ទាំងពីរ​នេះ អាចបង្កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០២១ ទៅ​២០២២​ខាងមុខ​។ «​ក្រសួងការបរទេស ពិនិត្យ​លទ្ធភាព​រៀបចំ​ថវិកា​សាងសង់​អាគារ និង​សម្រាប់​ជួល​បុគ្គលិក​បំពេញការងារ​នៅ​ទីនោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី​។​
 
​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​សង្កត់ធ្ងន់ថា ការបង្កើត​ទូត​ថ្មី​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​បន្ថែមទៀត តាម​យុទ្ធសាស្ត្រ​បង្កើន​មិត្ត​ខាងក្រៅ ដែល​រដ្ឋាភិបាល​បានដាក់​ទិសដៅ​។ លោក ប្រាក់ សុខុន ដែល​បាន​ស្នើសុំ​ប្រមុខ​រដ្ឋាភិបាល បង្កើត​ទូត​នេះ បាន​និយាយក្នុងន័យធៀប​ដូច្នេះ​ថា​៖«​ក្នុង​ស្មារតី​នេះ យើងខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុងខណៈដែល​ទូក​របស់​យើង​រីក​កាន់តែ​ធំ រាជរដ្ឋាភិបាល​នឹង​ផ្តល់​ក្តោង​កាន់តែ​ធំ​ដែរ ដើម្បី​ស្រូបខ្យល់​រុញ​ទូក​នោះ​ក្នុង​ល្បឿន​មួយ​ដែល​ស្រប​នឹង​ល្បឿន​នៃ​ការវិវត្តន៍​សភាពការណ៍ និង​ការផ្លាស់ប្តូរ​នៃ​ពិភពលោក»​។ ​
 
​រដ្ឋមន្ត្រីការបរទេស​ថ្លែង​បែបនេះ ចង់​សំដៅលើ​ប្រសិទ្ធភាព​ការទូត​កម្ពុជា កំពុងធ្វើដំណើរ​ទៅមុខ​កាន់តែ​ប្រសើរ ជាមួយ​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក​។​

មកដល់ពេលនេះ កម្ពុជាបាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចំនួន​១៧៤ ហើយ​មាន​ស្ថាន​តំណាង​ប្រចាំ​នៅ​បរទេស​ចំនួន​៦៣​។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏​បាន​ទិញ​អគារ​រៀបចំ​ស្ថានទូត​នៅ​ទីក្រុង​អង់កា​រ៉ា និងចាប់ផ្តើម​ជួសជុល​ស្ថានទូត​​នៅ​ក្រុង​សូ​ហ្វី​យ៉ា និង​បែ​ល​ក្រា​ដ ព្រមទាំង​បើក​ស្ថាន​អគ្គ​កុងស៊ុល​ថ្មី​នៅ​ទីក្រុង​ហៃ​គូ​ជាដើម។ ក្រសួងក៏​បាន​បង្កើត កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​ទ្វេភាគី​ចំនួន​៨​បន្ថែមទៀត ដែលធ្វើឱ្យ​​កើនឡើង​ដល់​៣៤ហើយ​។ នេះជាការបញ្ជាក់របស់លោក ប្រាក់ សុខុន។​
 
​លោក ប្រាក់ សុខុន ក៏​ឆ្លៀត​លើកឡើង​ពី​បញ្ហា​ពិភពលោក នៅក្នុង​​ពិធី​បិទ​សន្និបាត​ការងារ​របស់​ក្រសួងផងដែរ​៕

Tag:
 ​ហ៊ុន សែន​
  ការទូត​
  អាហ្វ្រិក​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com