អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ អ្នកជំងឺ​ប្រមាណ​១៨០​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ​
31, Jan 2020 , 12:03 pm        
រូបភាព
ដោយ: រួបរួម
​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​រាលដាល​ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​ចិន ហើយ​បន្តទៅ​១៩​ប្រទេសជាតិ​នៅលើ​ពិភពលោក​។ គិត​ត្រឹម​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​៣១ ខែមករា នេះ អ្នកជំងឺ​ឡើង​ជិត​ដល់​១០០០០​នាក់ ខណៈ​អ្នក​ស្លាប់មាន​២១៣​នាក់ ដែល​សុទ្ធតែ​នៅ​ចិន​ទាំងអស់​។ ជាមួយនឹង​ករណី​សង្ស័យ​ជាង​១៥០០០​ទៀត អ្នកជំងឺ​ប្រមាណ​១៨០​នាក់ ក៏​ត្រូវបាន​ព្យាបាល​សះស្បើយ​ផងដែរ​។​



​ទិន្នន័យ​សារ​ធា​រណៈ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុខាភិបាល​ចិន រួមទាំង​តំណាង​ថ្នាក់​ខេត្ត និង​តំបន់​រដ្ឋបាល​ស្វយ័ត​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ បាន​បង្ហាញថា អ្នកជំងឺ​នៅ​ចិន ជាង​១៧០​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ ដូច​ករណី​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ផងដែរ​។​

​នៅ​ខេត្ត Hubei ដែលមាន​អ្នកស្លាប់​ជាង​២០០​នាក់​នោះ ក៏មាន​អ្នកជំងឺ​ជាង​១០០​នាក់​ហើយ ដែល​បានជា​សះស្បើយ ក្នុងនោះ​ក្រុង​វូ​ហាន មាន​៧៥​នាក់​។ ខេត្ត Zhejiang ខេត្ត Guangdong ខេត្ត Jiangxi, ក្រុង​សៀង​ហៃ ជាដើម មាន​អ្នកជា​សះស្បើយ​ប្រមាណ​១០​នាក់​រៀងៗ​ខ្លួន​ផងដែរ​។​

​ក្រៅពី​ចិន ប្រទេសមួយ​ចំនួន​ក៏បាន​អះអាង​ពី​ការព្យាបាល​សះស្បើយ​អ្នកជំងឺ​នៅក្នុង​ទឹកដី​របស់ខ្លួន​ផងដែរ​។ ក្រសួងសុខាភិបាល​ថៃ បានបញ្ជាក់​ពី​ការ​សះស្បើយ​អ្នកជំងឺ​៥​នាក់​ក្នុងចំណោម​១៤​នាក់​។ ករណី​ជាសះស្បើយ​ក៏​មាននៅ​វៀតណាម អូស្ត្រាលី ជប៉ុន និង​ណេ​ប៉ាល់ ផងដែរ​។ អ្នកជំងឺ​១​ករណី​នៅ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​មួយចំនួន មាន​លក្ខខណ្ឌ​ឈានទៅរក​ភាពប្រក្រតី​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com