អន្តរជាតិ
ប៉េកាំង រិះគន់​អាមេរិក​ក្រោយ​ចេញ​ការព្រមាន​រឿង​ធ្វើដំណើរ​ទៅ​ចិន​ព្រោះ​ខ្លាច​កូ​រ៉ូ​ណាវី​រុស​
01, Feb 2020 , 12:02 pm        
រូបភាព
អ្នកនាំពាក្យក្រសួងកាបរទេសចិន អ្នកស្រី Hua Chunying (Kyodo)
អ្នកនាំពាក្យក្រសួងកាបរទេសចិន អ្នកស្រី Hua Chunying (Kyodo)
ដោយ:
​រដ្ឋាភិបាល​ប៉េកាំង បាន​រិះគន់​ខ្លាំងៗ​លើ​សហរដ្ឋអាមេរិក សម្រាប់​ការព្រមាន​ពលរដ្ឋ​ខ្លួន​បញ្ចៀស​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ហើយ​សម្រាប់​ការទទូច​ឲ្យ​អ្នក​ដែល​បាន​ទៅដល់​ទីនោះ​ប្រញាប់​ចាកចេញ ព្រោះ​អាសន្ន​សុខភាព​រឿង​កូ​រ៉ូ​ណាវី​រុស​។

 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អ្នកនាំពាក្យ​ក្រសួង​កាបរទេស​ចិន អ្នកស្រី Hua Chunying លើកឡើងថា ពាក្យសម្តី​និង​សកម្មភាព​របស់​មន្ត្រី​អាមេរិក​មួយចំនួន ពុំមែន​ជាការ​ពិត​និង​មិន​សមរម្យ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​អ្នកស្រី សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ដូចដែល​អង្គការ​សុខ​ភាព​ពិភពលោក​បាន​ណែនាំ​ប្រឆាំងនឹង​ការ​រឹតត្បិត​ការធ្វើដំណើរ សហរដ្ឋអាមេរិក​បែរ​បាន​ប្រញាប់ប្រញាល់​អនុវត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ​ទៅវិញ​។ ប្រាកដ​ណាស់​នេះ​ពុំមែន​ជា​កាយវិការ​សុច្ឆន្ទៈ​ទេ​»​។ 
 
​កាលពីពេល​ថ្មីៗ​នេះ ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​បង្កើន​ការប្រុងប្រយ័ត្ន​របស់ខ្លួន​ដល់​កម្រិត​ខ្ពស់បំផុត ដោយ​ប្រាប់​ប្រជាជន​អាមេរិក​ឲ្យ​ចៀសវាង​ប្រទេស​ចិន​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយ​ករណី​ដំបូង​នៃ​ការចម្លង​វីរុស​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​នៅលើ​ទឹកដី​អាមេរិក បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មករា​។ នោះ​គឺ បុរស​ម្នាក់​នៅ​ទីក្រុង​Chicago ដែល​បាន​ឆ្លង​ពី​ប្រពន្ធ​របស់គាត់​ដែល​បានធ្វើ​ដំណើរ​ទៅ​ក្រុង​វូ​ហាន ដែលជា​កន្លែង​ផ្ទុះ​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស ។ 
 
​ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អាមេរិក​លោក Wilbur Ross ក៏បាន​រង​ការរិះគន់​ផងដែរ​ចំពោះ​ការ​និយាយថា​វីរុស​ដែល​បានសម្លាប់​មនុស្ស​ចំនួន ២៥៩​នាក់​នៅក្នុង​ប្រទេស​ចិន​អាចជួយ​ព​ន្លឿ​ន​ការវិលត្រឡប់​នៃ​ការងារ​ទៅកាន់​អាមេរិក​។ ត្រង់នេះ លោក Ross បាន​និយាយថា​វីរុស​នេះ​ជា​រឿង​អកុសល​បំផុត ក៏ប៉ុន្តែ​វា​ក៏​ជា «​កត្តា​ហានិភ័យ​» សម្រាប់​ក្រុម​អ្នកជំនួញ​ដែល​ត្រូវ​ពិចារណា និង​ថ្លឹងថ្លែង​ឡើងវិញ​ថា​តើ​ត្រូវធ្វើ​ប្រតិបត្តិ​ការបន្ត​នៅក្នុង​ប្រទេស​ចិន​ឬ​យ៉ាងណា​។​
 
​ដោយឡែក រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ឡុង​ដ៍​នៅ​សប្តាហ៍​នេះ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បារ ដោយ​ហៅ​គណបក្ស​បក្ស​កាន់អំណាច​កុម្មុយនីស្ត​ចិន​ថា​«​ជាការ​គំរាមកំហែង​ស្នូល​មួយ​នៃ​សម័យកាល​របស់​យើង​» ៕

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com