ជាតិ
សម្ដេច ហ៊ុន សែន​៖ កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប ជា​ប្រវត្តិសាស្ត្រ​ការទូត​ធំ​បំផុត​សម្រាប់​កម្ពុជា​
01, Feb 2020 , 10:59 pm        
រូបភាព
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១៩
នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូក​សរុបការងារ​របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០១៩
​ភ្នំពេញ​៖ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​រា​ជធ​នី​ភ្នំពេញ នា​ថ្ងៃទី​១៦ និង​១៧ វិច្ឆិកា ឆ្នាំ​២០២០​។ សម្ដេច ហ៊ុន សែន ចាត់ទុក​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺជា​ប្រវត្តិសាស្ត្រ​ការទូត​ធំ​បំផុត​សម្រាប់​កម្ពុជា ក្នុងការ​ចូលរួម​ស្វែងរក​កាលានុវត្តភាព នៃ​សេដ្ឋកិច្ចពិភពលោក​។


​សម្ដេច ហ៊ុន សែន បាន​និយាយថា ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ វា​ជា​ឱកាស​សម្រាប់​កម្ពុជា បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម និង​ការដោះស្រាយ​បញ្ហា​ប្រឈម​ជា​សាកល​ផងដែរ​។ បើតាម​ប្រមុខ​រដ្ឋាភិបាល កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប គឺជា​វេទិកា​ដែល​ផ្ដល់​កាលានុវត្តភាព​ជាច្រើន​ដល់​កម្ពុជា នូវ​ការជំរុញ​សមាហរណកម្ម​ខ្លួន កាន់តែ​រហ័ស​និង​ស៊ីជម្រៅ នៅក្នុង​តំបន់ និង​ពិភពលោក​។​
 
​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​៣១ មករា នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​ចាប់តាំងពី​កម្ពុជា​ក្លាយជា​សមាជិក​ASEM នៅ​ឆ្នាំ​២០០៤​មក យើង​តែង​ផ្ដល់​តម្លៃ​ដល់​វេទិកា​នេះ ជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​ជាច្រើន​។ សព្វថ្ងៃនេះ គ្មាន​នរណា​អាច​ប្រកែក​បានឡើយ​ចំពោះ​តម្លៃ និង​សារៈសំខាន់​នៃ​វេទិកា​ASEM នៅ​កិច្ចការ​នយោបាយ ការទូត និង​ទំនាក់ទំនង​អន្តរ​តំបន់​»​។​
 
​ប្រធានបទ​«​ពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួម​» នឹងត្រូវ​លើក​យកមក​ជជែក​ពិភាក្សាគ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នា​ខែវិច្ឆិកា​ខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល​។​
 
​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៩៦ ដើម្បី​ផ្សាភ្ជាប់​អាស៊ី​និង​អឺរ៉ុប តាមរយៈ​វេទិកា​សន្ទនា និង​សហប្រតិបត្តិកា​រួមគ្នា​។ កម្ពុជា បាន​ក្លាយជា​សមាជិក​ASEM នៅ​ឆ្នាំ​២០០៤​។ កម្ពុជា គឺជា​ប្រទេស​ទី​៤ ក្នុងចំណោម​ប្រទេស​តំបន់​អាស៊ាន បន្ទាប់ពី​ប្រទេស​ថៃ (១៩៩៦) វៀតណាម​(២០០៤) និង​ឡាវ (២០១២) ដែល​ក្លាយជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ,​គណៈកម្មាធិការ​អឺរ៉ុប និង​សមាគមន៍​អាស៊ាន​។​
 
​បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) បានរៀបចំ​ចំនួន​១២​លើក​ហើយ ដោយ​ក្នុងនោះ​ធ្វើឡើង​នៅ​ប្រទេស​ថៃ (១៩៩៦) អង់គ្លេស (១៩៩៨) កូរ៉េខាងត្បូង (២០០០) ដា​ណា​ម៉ាក (២០០២) វៀតណាម (២០០៤) ហ្វាំ​ង​ឡង់ (២០០៦) ចិន (២០០៨) បែលហ្ស៊ិក (២០១០) ឡាវ (២០១២) អ៊ីតាលី (២០១៤) ម៉ុង​ហ្គោ​លី (២០១៦) និង​បែលហ្ស៊ិក​ម្តងទៀត នា​ឆ្នាំ​២០១៨ ។ 
 
​បច្ចុប្បន្ន​ប្រទេស​ដែលជា​សមាជិក ASEM មាន​៥១​ប្រទេស ក្នុងនោះ​មាន អូស្ត្រាលី​, អូទ្រីស​, បង់​ក្លា​ដែ​ស​, បែលហ្ស៊ិក​, ប្រ៊ុយណេ​, ប៊ុលហ្គារី​, កម្ពុជា​, ចិន​, ក្រូ​អាត​, សាធារណរដ្ឋ​ឆែក​, ដា​ណឺ​ម៉ាក​, អេ​ស្តូ​នី​, ហ្វាំ​ង​ឡង់​, បារាំង​, អាល្លឺម៉ង់​, ក្រិ​ក​, ហុង​គ្រី​, ឥណ្ឌា​, ឥណ្ឌូណេស៊ី​, អៀរ​ឡង់​, អ៊ីតាលី​, ជប៉ុន​, កា​ហ្សា​ក់​ស្ថាន​, កូរ៉េខាងត្បូង​, ឡាវ​, ឡេ​តូ​នី​, លី​ទុយ​អា​នី​, លុច​សំបួ​, ម៉ាឡេស៊ី​, ម៉ា​ល់ត៍​, ម៉ុង​ហ្គោ​លី​, មី​យ៉ាន់​ម៉ា​, ហូ​ឡង់​, នូ​វែ​ល​សេ​ឡង់​, ន័​រវេ​ស​, ប៉ា​គី​ស្ថាន​, ហ្វីលីពីន​, ប៉ូឡូញ​, ព័រ​ទុយ​ហ្គា​ល់​, រុស្ស៊ី​, សិង្ហ​បុរី​, ស្លូ​វ៉ា​គី​, ស្លូ​វេ​នី​, អេ​ស្ប៉ា​ញ​, ស៊ុយអែត​, ស្វ៊ី​ស​, ថៃ​, ចក្រភព​អង់គ្លេស និង​វៀតណាម​។ សហភាព​អឺរ៉ុប និង​អាស៊ាន ជា​អង្គការ​ប្រចាំ​តំបន់​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  ASEM
  អាស៊ី​-​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com