ជាតិ
សុខភាព
អ្នកនាំពាក្យ​៖ ជនជាតិ​ចិន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​មាន​សុខភាព​ធម្មតា ខណៈ​មនុស្ស​១០០​នាក់​ទៀត ពុំទាន់​មាន​រោគសញ្ញា​
01, Feb 2020 , 4:29 pm        
រូបភាព
សកម្មភាព​បុរស​ចិន​ដែល​ឆ្លង​កូ​រ៉ូ​ណា និយាយ​តាម​វីដេអូ ដោយ​ទឹកមុខ​រីករាយ ហើយ​មើលទៅ​មាន​សភាព​ធម្មតា​ជាមួយ​ក្រុមគ្រួសារ
សកម្មភាព​បុរស​ចិន​ដែល​ឆ្លង​កូ​រ៉ូ​ណា និយាយ​តាម​វីដេអូ ដោយ​ទឹកមុខ​រីករាយ ហើយ​មើលទៅ​មាន​សភាព​ធម្មតា​ជាមួយ​ក្រុមគ្រួសារ
ដោយ:
​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ដែល​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នៅ​ខេត្ត​ព្រះសីហនុ​នោះ បាន​ធូរស្បើយ​ហើយ ប៉ុន្តែ​មិនទាន់​អាច​ចាក​ចេញពី​បន្ទប់​ព្យាបាល​បាន​នៅឡើយ​ទេ​។ ដោយឡែក​មនុស្ស​១០០​នាក់​ទៀត ដែល​កំពុង​ស្ថិតនៅក្នុង​ការសង្ស័យ​លើ​សុខភាព​នោះ ក៏​មិនទាន់​រោគសញ្ញា​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។​


 
​លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា បុរស​ជនជាតិ​ចិន​រូ​ប​នោះ អាច​និយាយ​ឆ្លងឆ្លើយ និង​ដើរ​ហាត់ប្រាណ​បាន​ធម្មតា ព្រោះ​គ្មាន​រោគសញ្ញា ក្អក និង​ផ្តាសាយ​ទៀតឡើយ នៅ​ថ្ងៃទី​១ ខែកុម្ភៈ​នេះ​។ ប៉ុន្តែ​ខាង​គ្រូពេទ្យ មិនទាន់​អាច​ឲ្យ​បុរស​រូបនោះ​ចាក​ចេញពី​បន្ទប់​ព្យាបាល​ទៅ​ទីសាធារណៈ​បានឡើយ លុះត្រា​ជាសះស្បើយ​សិន ។ 
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូបនេះ បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល មិនទាន់​អាច​កំណត់ពេល​វេលា​ណា សម្រាប់​បុរស​ជនជាតិ​ចិន​នោះ ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​។ លោក​វេជ្ជបណ្ឌិត លី សូ​វ៉ាន់ និយាយថា​៖«​យើង​មើល​គាត់​ឲ្យ​ជា តើ​គ្មាន​វីរុស​កូ​រ៉ូ​ណា​សិន ទើប​យើង​អាច​ឲ្យ​គាត់​ចេញ​បាន​។ ក្រសួងសុខាភិបាល​គ្រាន់​តែមាន​តួនាទី​ព្យាបាល​គាត់​ឲ្យ​ជា​តែប៉ុណ្ណោះ ចំពោះ​គាត់​ចង់​ទៅណា គឺ​ស្រេច​តែ​គាត់​ទេ​»​។​
 
​បុរស​ជនជាតិ​ចិន​រូ​ប​នោះ​តែងតែ​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ នៅក្នុង​បន្ទប់​ព្យាបាល ដើម្បី​ឲ្យ​សុខ​ភាពល្អ​រឹងមាំ​ឡើងវិញ​។  ក្រុមគ្រូពេទ្យ​ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ បាន​ណែនាំ និង​ប្រាប់​ឲ្យ​បុរស​ជនជាតិ​ចិន​រូបនោះ​មានចិត្ត​អំណត់​អត់ធ្មត់​ផងដែរ​។ នេះ​បើតាម​លោក លី សូ​វ៉ាន់​។​
 
​ដោយឡែក​អ្នក​ប៉ះពាល់ និង​អ្នកជិះ​យន្តហោះ​ជាមួយ​អ្នកជំងឺ​ជនជាតិ​ចិន​រូបនេះ  សរុប​ប្រមាណ ១០០​នាក់​ទៀត ពុំមាន​ចេញ​រោគសញ្ញា​អ្វី​នៅឡើយ គិត​មកដល់ពេលនេះ ។​មន្ត្រី​ជំនាញ​នឹង​បន្ត​តាមដាន​សុខភាព​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ទាំងអស់​ជា​រៀងរាល់ថ្ងៃ ។ លោក លី សូ​វ៉ាន់ បញ្ជាក់បន្ថែម​បែបនេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​និយាយថា​៖« ក្នុងចំណោម​មនុស្ស​៧០​នាក់​(​អ្នករួមដំណើរ​លើ​យន្តហោះ​)​នេះ មាន​អ្នកខ្លះ​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​វិញ​ហើយ ដោយ​អ្នក​ខ្លះទៀត​កំពុងតែ​ស្ថិតនៅ​កម្ពុជា​នៅឡើយ​»​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក លី សូ​វ៉ាន់​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១ ខែកុម្ភៈ​នេះ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​២៥៩​នាក់​ហើយ ខណៈដែល​អ្នក​ផ្ទុក​វីរុស​នោះ​កើនឡើង​ជាង​១​ម៉ឺន​នាក់​ហើយ​៕ 

Tag:
 លី សូ​វ៉ាន់​
 ​ជនជាតិ​ចិន​
 ​កូ​រ៉ូ​ណាវី​រុស​
 ​សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com