លោក ហ្វី​លី​ព កៅ​៖ កូ​រ៉ូ​ណា​វីរុស​មិនមែនជា​មេរៀន​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍​ទេ តែ​ប្រតិបត្តិ​ករ​ត្រូវ​អត់ធ្មត់​ខ្ពស់​
ជាតិ
លោក ហ្វី​លី​ព កៅ​៖ កូ​រ៉ូ​ណា​វីរុស​មិនមែនជា​មេរៀន​ថ្មី​សម្រាប់​វិស័យ​ទេសចរណ៍​ទេ តែ​ប្រតិបត្តិ​ករ​ត្រូវ​អត់ធ្មត់​ខ្ពស់​
01, Feb 2020 , 5:29 pm        
រូបភាព
លោក ហ្វីលីព កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប
លោក ហ្វីលីព កៅ ប្រធានក្លឹបប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប
​សៀមរាប​៖ មេរោគ​កូ​រ៉ូ​ណា បានធ្វើឱ្យ​ពិភពលោក​រំជើបរំជួល​ជាខ្លាំង ក្រោយពេល​មេរោគ​នេះ​រាតត្បាត​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​យ៉ាង​លឿន និង​បានធ្វើឱ្យ​រដ្ឋាភិបាល​ចិន​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​លែងឱ្យ​ពលរដ្ឋ​ខ្លួន​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​។ វិធានការណ៍​នេះ​បានធ្វើឱ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ចិន និង​ប្រទេស​ដែលមាន​ទំនាក់ទំនង​ទេសចរណ៍​ជាមួយ​ចិន​។ យ៉ាងណាក៏ដោយ ប្រធាន​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លោក ហ្វី​លី​ព កៅ យល់ថា មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​អ្នករកស៊ី​លើ​វិស័យ​ទេសចរណ៍​ដែល​ជួប​បញ្ហា​ដូច​ករណី​ផ្ទុះ​ជំងឺ​ចម្លែក​នេះ ព្រោះ​កន្លងមក​ធ្លាប់​កើតមាន​ច្រើនដង​រួចទៅហើយ ហើយ​ក្រោយ​ជំងឺ​នេះ​ស្ងប់ស្ងាត់​ទៅវិញ វិស័យ​ទេសចរណ៍​នៅ​សៀមរាប​នៅតែមាន​ជីវិត​។ ដូច្នេះ​លោក ហ្វី​លី​ព ស្នើឱ្យ​ប្រតិបត្តិ​ករទាំង​អ​ស់មានភាព​អត់ធ្មត់​ខ្ពស់​ចំពោះ​កាលៈទេសៈ​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប អ្នកនាង អ៊ី​សា រ៉​ហា​នី និង​លោក ហ្វី​លី​ព កៅ ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប បាន​ជួបជុំគ្នា​ក្នុង​កម្មវិធី​ជាប្រចាំ​សម្រាប់​ជជែក​ពី​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​អាជីវកម្ម​។ ក្នុងជំនួប​នៅ​យប់​ថ្ងៃទី​៣១ មករា នៅ​ភោជនីយដ្ឋាន លំអង ប្រធានបទ​សំខាន់​គឺ​ទាក់ទង​នឹង​ការ​ផ្ទុះឡើង​នៃ​មេរោគ​កូ​រ៉ូ​ណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ជាខ្លាំង​។ ក្នុង​ស្ថានការណ៍​ដូច្នេះ មិនថាឡើយ​ទេសចរ​ជនជាតិ​ចិន សូម្បី​ទេសចរ​នៅ​ប៉ែក​អឺរ៉ុប ក៏​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​នេះដែរ ហើយ​ពួកគេ​បាន​លុប​ដំណើរ​កម្សាន្ត​មកកាន់​តំបន់​ផ្សេងៗ​។​
 
​ក្នុង​រាត្រី​ជួបជុំ​នោះដែរ ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍ លោក ហ្វី​លី​ព កៅ  បាន​ព្យាយាម​ពន្យល់​សមាជិក​ទាំងអស់ ឱ្យ​យល់​ពី​ស្ថានការណ៍​ដែល​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​កំពុង​ជួបប្រទះ និង​លើក​ពី​បញ្ហា​ផ្សេងៗ​ទៀង​ដែល​ជួបប្រទះ​កន្លងមក ដូចជា​ជំងឺ​SARS​ជាដើម តែ​វា​មិនបាន​ធ្វើឱ្យ​វិស័យ​មួយ​នេះ​ស្លាប់​ទេ​។​លោក ហ្វី​លី​ព យល់ថា​មេរោគ​កូ​រ៉ូ​ណា​នឹង​បញ្ចប់​ទៅវិញ​នាពេល​ឆាប់ៗ​ខាងមុខ តែ​លោក​ក៏​ទទួលស្គាល់ថា ក្នុង​កាលៈទេសៈ​នេះ​ម្ចាស់​អាជីវកម្ម​មួយចំនួន​ដែល​មិនបាន​ត្រៀមខ្លួន​សម្រាប់​ការខាតបង់ អាច​នឹង​ប្រឈមមុខ​បិទ​អាជីវកម្ម​របស់ខ្លួន​ផងដែរ​៕





Tag:
 កូ​រ៉ូ​ណាវី​រុស​
  ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប​
  ហ្វី​លី​ព កៅ​
© រក្សាសិទ្ធិដោយ thmeythmey.com