អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ សិង្ហ​បុរី​ឡើងដល់​១៨​ករណី​ហើយ​
01, Feb 2020 , 7:57 pm        
រូបភាព
ដោយ: រួបរួម
​ក្រសួងសុខាភិបាល​សិង្ហ​បុរី នា​ថ្ងៃទី​១ ខែកុម្ភៈ នេះ បានប្រកាស​ពី​ការពិនិត្យ​ឃើញ​អ្នកជំងឺ​រលាក​សួត​កូ​រ៉ូ​ណាវី​រុស ២​នាក់​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៨​។ បើតាម CAN អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​។​



​ករណី​ទី​១៧ គឺជា​ស្ត្រី​វ័យ​៤៧​ឆ្នាំ​ម្នាក់ ដែល​ស្ថិត​ក្នុងចំណោម​ជនជាតិ​សិង្ហ​បុរី ដែល​ត្រូវបាន​ជម្លៀស​ចេញពី​វូ​ហាន កាលពី​ថ្ងៃទី​៣០ ខែមករា​។ រីឯ​ករណី​ទី​១៨ ជា​ស្ត្រី​ចិន​វ័យ​៣១​ឆ្នាំ ដែល​មកពី​វូ​ហាន​ទៅកាន់​សិង្ហ​បុរី នា​ថ្ងៃទី​២២ ខែមករា​។​

​នៅ​សហរដ្ឋអាមេរិក តួលេខ​អ្នកជំងឺ​ក៏​ឡើងដល់​៧​ករណី​ផងដែរ ដែល​ក្នុងនោះ មាន​៣​នៅ​រដ្ឋ California, ២​នៅ​រដ្ឋ Illinois, ១​នៅ​រដ្ឋ Arizona និង​១​ទៀត​នៅ​រដ្ឋ​វ៉ាស៊ីនតោន​។​

​ជាមួយគ្នានេះ អូស្ត្រាលី​ក៏​ឡើងដល់​១២​ករណី​ផងដែរ ដោយ​ករណី​ពីរ​ចុងក្រោយ គឺ​បុរស និង​ស្ត្រី ដែលមាន​វ័យ​៦០​ឆ្នាំ​ដូចគ្នា ដែល​ទើប​ធ្វើដំណើរ​ពី​ក្រុង​វូ​ហាន​។​

​គិត​ត្រឹម​ម៉ោង​ជិត​៨ ល្ងាច​ថ្ងៃ​សៅរ៍​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណាវី​រុស មាន​២៥៩​នាក់​ដែល​នៅ​ប្រទេស​ចិន​ទាំងអស់ រីឯ​អ្នក​ឈឺ​មាន​ជាង​១២០០០​នាក់ ក្នុងនោះ ២៥០​នាក់ ត្រូវបាន​រាយការណ៍​ថា ជាសះស្បើយ​ផងដែរ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៣​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ថៃ ជប៉ុន សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត និង​អេ​ស្ប៉ា​ញ​៕


Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com