បើលោកអ្នកពិនិត្យមើលពិភពដែលមានទំហំតូចៗ រហូតទៅដល់ទម្រង់មីក្រូម៉ែត្រ ឬណាណូម៉ែត្រ ការរស់នៅ និងបន្តពូជនៃសារីរាង្គល្អិតៗទាំងនោះអាចនឹងមានភាពចម្លែកខ្លាំងណាស់។ នៅក្នុងវិទ្យាសាស្ត្រ ការប្រគល់និយមន័យទៅលើវត្ថុ ឬសកម្មភាពអ្វីមួយឲ្យបានច្បាស់លាស់គឺជារឿងសំខាន់ ដែលក្នុងនោះមានដូចជានិយមន័យនៃសារពាង្គកាយ«មានជីវិត»ជាដើម។
ចំពោះវីរុសវិញ អស់ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រជាច្រើនមិនងាយចាត់ទុកវាជាសារពាង្គកាយមានជីវិតឬសាពាង្គកាយគ្មានជីវិត។ នេះក៏ដោយសារតែលក្ខខណ្ខនៃការរស់នៅ និងការបន្តពូជរបស់ពពួកវីរុសទាំងនោះ។ ម្យ៉ាងវិញទៀត វាក៏អាស្រ័យលើនិយមន័យនៃភាព«មានជីវិត»ផងដែរ។
គេហទំព័រ livescience.com បានពន្យល់ថា សារពាង្គកាយមួយចំនួនដូចជា រុក្ខជាតិ ឬថនិកសត្វត្រូវបានគេកំណត់ថាជាភាវៈរស់ដោយសារតែពួកគេមានលក្ខណៈជីវសាស្ត្រដែលអាចរស់នៅ និងបន្តពូជជំនាន់ក្រោយដោយខ្លួនឯងបាន។ ប៉ុន្តែសម្រាប់ក្រុមវីរុសវិញ ពួកវាមិនអាចបន្តពូជដោយខ្លួនឯងបាននោះឡើយ។ វីវុសទាមទារវត្តមានរបស់ខ្លួនឲ្យមាននៅក្នុងកោសិកាធ្មួល (ដូចជាកោសិកាសត្វ ឬមនុស្ស) ក្នុងការបន្តពូជបាន។
វីរុសគឺគ្រាន់តែជាបណ្តុំតូចមួយនៃ DNA ឬ RNA (ទិន្នន័យជីវសាស្ត្រ) ដែលអាចធ្វើចំណែកខ្លួនបាននៅពេលដែលពួកវាចូលរស់នៅ ទាញប្រយោជន៍ និងបំផ្លាញសារពាង្គកាយមួយផ្សេងទៀត។ និយមន័យទាំង៧នៃសារពាង្គកាយមានជីវិតត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រកំណត់ថា៖
• មានប្រតិកម្មជាមួយនឹងរំញោច
• រីកលូតលាស់ក្នុងពេលវេលាជាក់លាក់មួយ
• បង្កើតកូនចៅជំនាន់ថ្មី
• រក្សាសីតុណ្ហភាពរបស់រាង្គកាយខ្លួនបាន
• ប្រើប្រាស់ថាមពល
• មានកោសិកាមួយ ឬច្រើន
• អាចសម្របជាមួយនឹងបរិស្ថានបាន
តែមិនមែនសាពាង្គកាយទាំងអស់សុទ្ធតែគោរពតាមលក្ខខណ្ខខាងលើនេះទេ។ បើគ្រាប់រុក្ខជាតិមួយធ្លាក់នៅលើដីដែលមានជីវជាតិ គ្រាប់រុក្ខជាតិនោះនឹងខំប្រឹងប្រើប្រាស់ថាមពលដែលខ្លួនមានក្នុងការចាក់ឫសទៅក្នុងដីដើម្បីទាញយកជីវជាតិបន្ថែម រីកលូតលាស់ និងបន្តពូជ។ តែវីរុសមិនធ្វើដូច្នេះនោះទេ។
វីរុសនឹងមិនមានសកម្មភាពអ្វីទាំងអស់ បើវាមិនមានវត្តមាននៅលើធ្មួលនៃសារពាង្គកាយអ្វីមួយ។ ប៉ុន្តែ ដោយសារតែវាមានផ្ទុកទិន្នន័យជីវសាស្ត្រ (DNA ឬ RNA) វាអាចធ្វើចំណែកខ្លួនវាបាននៅពេលដែលមានកាលៈទេសៈសមស្រប។ ហេតុដូចនេះហើយទើបអ្នកសិក្សាខាងវីរុសជាច្រើនពិបាកក្នុងការកំណត់លក្ខណៈនៃការរស់នៅរបស់សារពាង្គកាយដ៏តូចមួយនេះ៕