ជាតិ
និស្សិត​ជំនាញ​ឱសថ​សាស្ត្រ​ផលិត​ទឹក​សម្អាត​ដៃ ដើម្បី​ការពារ​ជំងឺ​រលាក​សួត​«​កូ​រ៉ូ​ណាវី​រុស​»
02, Feb 2020 , 3:30 pm        
រូបភាព
ទឹកលាងដៃ
ទឹកលាងដៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពលរដ្ឋ​កម្ពុជា ជាច្រើន​នាក់​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស ដោយ​អ្នកខ្លះ​ពាក់​ម៉ាស់​និង​ប្រើ​ទឹក​សម្អាត​ដៃ​ជាដើម ។ ដោយ​មើលឃើញ​ពី​តម្រូវការ​ទីផ្សារ និង​ទប់ស្កាត់​ការ​ឆ្លៀតឱកាស​ពី​អាជីវករ​មួយចំនួន លើ​ការដំឡើងថ្លៃ​ផលិតផល​នេះ ទើប​និស្សិត​មកពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​និង​សាកលវិទ្យាល័យ​អន្តរជាតិ​បាន​ផលិត​ទឹក​សម្អាត​ដៃ ដើម្បី​ជួយ​ការពារ​វីរុស​កូ​រ៉ូ​ណា​នេះ​។​


 
​កញ្ញា សុខ គីម​ហុង ជា​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​និយាយថា នាង​និង​សមាជិក​ក្រុម បាន​ផលិត​ទឹក​សម្អាត​ដៃ​ការពារ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ចំនួន​៣៥០​ដប ដែល​អនុវត្តតាម​ស្ដង់ដា​របស់​អង្គការ​សុខភាព​ពិភពលោក ក្រោម​ការផ្តួចផ្ដើម​ពី​សាស្ត្រាចារ្យ​ជំនាញ​។​
 
​បើតាម​កញ្ញា គីម​ហុង គោលបំណង​នៃ​ការផលិត​ទឹក​សម្អាត​ដៃ​នេះ ដើម្បី​ជួយ​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​។ និស្សិត​ផ្នែក​ឱសថ​សាស្ត្រ​រូបនេះ​បាន​បន្តថា​៖«​ជំងឺ​កូ​រ៉ូ​ណាវី​រុស ឆ្លងតាម​ទឹកមាត់​របស់​អ្នក​ផ្ទុក​ជំងឺ​កូ​រ៉ូ​ណា ឬក៏​នៅពេលដែល​យើង​ដើរចេញ​ក្រៅ​ភាគច្រើន​វា​ឆ្លង​តាមរយៈ​ដៃ​របស់​យើង​។ សម្រាប់​ទឹក​សម្អាត​ដៃ​ដែល​ធ្វើតាម​ស្ដង់ដា​អង្គការ​សុខភាព​ពិភពលោក​អាច​ការពារ​និង​សម្លាប់​បាត់​តេ​រី​ផ្សេងៗ​បាន​។ ទឹក​សម្អាត​ដៃ​សំខាន់​បន្ទាប់ពី​ម៉ាស់​»​។ 
 
​កញ្ញា គីម​ហុង និង​ក្រុមនិស្សិត​ផ្នែក​ឱសថ​សាស្ត្រ​ចំនួន​២០​នាក់​ទៀត បាន​ចំណាយ​រយៈពេល​២​ថ្ងៃ ដើម្បី​ផលិត​ទឹក​សម្អាត​ដៃ​នេះ ។ «​ទឹក​សម្អាត​ដៃ​ទាំង​៣៥០​ដប ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅក្នុង​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ និង​ចែកជូន​ដល់​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង ។ នាពេលខាងមុខ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ក៏មាន​គម្រោង​ផលិត​ទឹក​សម្អាត​ដៃ ដើម្បី​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុងតម្លៃ​សមរម្យ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ​នៃ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​រូបនេះ​។ 


 
​ចំណែក​សាកលវិទ្យាល័យ​អន្តរជាតិ​ក៏បាន​ផលិត​ទឹក​សម្អាត​ដៃ ដើម្បី​ជួយ​ការពារ​ជំងឺ​រលាក​សួត​ថ្មី​«​កូ​រ៉ូ​ណាវី​រុស​»​ផងដែរ​។ លោក ឡុង ចាន់​ស៊ី និង​និស្សិត​ផ្នែក​ឱសថ​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ ១២​នា​កទៀត បាន​ផលិត​ទឹក​សម្អាត​ដៃ​ចំនួន​១៨​ដប ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ការពារ​វីរុស​ប្រភេទ​ថ្មី នៅ​សាកលវិទ្យាល័យ​។  
 
​បើតាម​និស្សិត​ឆ្នាំ​ទី​៥​រូបនេះ​បាន​រៀបរាប់ថា​៖ «​ទឹក​សម្អាត​ដៃ​ជា​វិធី​ការពារ​ដ៏​សំខាន់​មួយ​ក្នុង​ចំណា​ម​វិធី​ការពារ​ផ្សេងទៀត ពី​ជំងឺ​កូ​រ៉ូ​ណាវី​រុស​។ ការ​លាងដៃ​មិន​ត្រឹមតែ​ការពារ​ជំងឺ​កូ​រ៉ូ​ណា​ទេ គឺ​ជួយ​ការពារ​ពពួក​បាក់តេរី​ទាំងអស់​តែ​ថែមទៀត​»​។ 
 
​គួរ​បញ្ជាក់ថា គិត​មកដល់​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ អ្នកស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បាន​កើន​ឡើងដល់​ជាង​២៥៩​នាក់​ហើយ ខណៈ​អ្នក​ផ្ទុកមេរោគ​នេះ បាន​កើន​ឡើងដល់​ជាង​១​ម៉ឺ​នាក់ នៅក្នុង​ប្រទេស​ចិន​។ ក្រៅពី​ប្រទេស​ចិន មិនមាន​អ្នកស្លាប់​ដោយសារ​មេរោគ​នេះឡើយ​៕









Tag:
 កូ​រ៉ូ​ណា​
  ផលិត​
  ទឹក​សម្អាត​ដៃ​
© រក្សាសិទ្ធិដោយ thmeythmey.com