កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ចាញ់ Spurs គ្រូ Man City ថា ជូន​ពាន​ឲ្យ Liverpool ហើយ
03, Feb 2020 , 3:12 pm        
រូបភាព
Pep Guardiola សារភាពថា​លែងមាន​ឱកាស​ប្រជែង​យក​ពានរង្វាន់ Premier League រដូវ​កាល​នេះ​ទៀតហើយ បន្ទាប់ពី Manchester City បរាជ័យ​ក្រោម​ថ្វី​ជើង Tottenham Hotspur ក្នុង​លទ្ធផល ២-០​។ Guardiola ថា​លោក​ប្រគល់​ពាន​លី​គ​កំពូល​អង់គ្លេស​នេះ​ជូន Liverpool ហើយ​។​


 
​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Man City មាន​គម្លាត​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​ហង្ស​ក្រហម​ដល់​ទៅ ២២​ពិន្ទុ ក្រោយ​ការប្រកួត​សប្តាហ៍​ទី​២៥ នៅ​យប់​ថ្ងៃទី​២ ខែកុម្ភៈ​បញ្ចប់ទៅ​ត្រឹម​ខកចិត្ត​។ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Steven Bergwijn និង Son Heung-min ស៊ុត​ម្នាក់​មួយ​គ្រាប់​ដើម្បី​ជួយ​ក្រុម​លោក Jose Mourinho ឈ្នះ​មេឃ​ខៀវ ២-០​។​


 
​នេះ ជាការ​ប្រកួត​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​លោក Guardiola បើ​ទោះ​កូនក្រុម​លោក​មានឱកាស​ដើម្បី​រក​គ្រាប់​បាល់​យ៉ាង​ច្រើនក្តី​។ ខ្សែការពារ Ilkay Gundogan ទទួលបាន​ការផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ក្នុង​តង់​ទី​១ ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច ក្រោយ​អ្នកចាំទី Hugo Lloris ជួយសង្គ្រោះ​បាន​។ មិន​ត្រឹមតែ​មិនអាច​រក​គ្រាប់​បាន ខ្សែការពារ Oleksandr Zinchenko ក៏ត្រូវ​អាជ្ញាកណ្តាល​ជូន​កាត​ក្រហម​បណ្តេញចេញ នៅមុន​ពេល​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​របស់ Bergwijn នៅឯ​កីឡដ្ឋាន Tottenham Hotspur​។​
 
​ក្រោយ​បរាជ័យ​នេះ អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​មើលឃើញថា Man City គ្មាន​សង្ឃឹម​ក្នុង​ការការពា​ជើងឯក Premier League ទៀតឡើយ បើ​ទោះ​នៅសល់​ការប្រកួត​ចំនួន​១៣​លើក​ទៀត​ក្តី​។ Guardiola ឈប់​ខ្វល់​ពី​លី​គ​កំពូល​អង់​គ្ហេ​ស ហើយ​ដាក់​គោលដៅ​ខ្ពស់​យកពាន Champions League, FA Cup និង EFL Cup វិញ​។​
 
Guardiola បាន​ប្រាប់​កូនក្រុម​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ថា​៖« ពួកគេ [Liverpool] នៅ​ឆ្ងាយ ដូច្នេះ​ពួកគេ​មិន​បន្ធូ​ដៃ​ទេ ពួកគេ​មាន​ពិន្ទុ​កើនឡើង​ច្រើនៗ​ទៅ តែ​យើង​បាន​ធ្លាក់ចុះ​ពិន្ទុ​។ គោលដៅ​របស់​យើង​គឺ​ចង់​ឈ្នះ​ការប្រកួត​ដែល​នៅសល់​សម្រាប់​លេង Champions League រដូវ​កាល​ក្រោយ​ប៉ុណ្ណោះ​»​។​


 
​ឆ្លងកាត់​ការប្រកួត​២៥​លើក Man City ទទួលបាន​៥១​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ខណៈ​ក្រុម​មិនទាន់​ស្គាល់​ចាញ់ Liverpool ឈរ​កំពូល​តារាង​មាន​៧៣​ពិន្ទុ​។ Leicester City​ នៅ​លេខ​៣ មាន​៤៩​ពិន្ទុ ឯ​លេខ​៤ Chelsea រកបាន​៤១​ពិន្ទុ​។ Spurs មាន​៣៧​ពិន្ទុ ឡើងទៅ​លេខ​៥ ជំនួស Man Utd ដែល​ធ្លាក់​ទៅ​លេខ​៧ មាន​៣៥​ពិន្ទុ​។ West Ham United, Watford និង Norwich City ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕​
 





Tag:
 Premier League
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com