ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ឱសថស្ថាន​ណា​លក់​ម៉ាស់​ថ្លៃ នឹងរង​ពិន័យ ឬ​អាច​ឈានដល់​ការដក​អាជ្ញាប័ណ្ណ​
05, Feb 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះ​មានការ​ស្នើសុំ ឬ​ការព្រមាន​ពី​រដ្ឋាភិបាល តែ​ការលក់​ម៉ាស់​ដោយ​ដំឡើងថ្លៃ​ហួសហេតុ នៅតែ​បន្ត​កើតមាន​ដដែល​។ ហេតុដូច្នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​អំពាវនាវ​ម្តងទៀត ឲ្យ​គ្រប់​ឱសថស្ថាន លក់​ម៉ាស់​ក្នុងតម្លៃ​សមរម្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មានលទ្ធភាព​ទិញ​ពាក់​ការពារ​ពី​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។


 
​ភ្ជាប់​ជាមួយនឹង​ការអំពាវនាវ លោក ម៉ម ប៊ុនហេង ក៏បាន​ព្រមាន​ផងដែរ​។ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញ​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី សង្កត់ធ្ងន់ថា​៖«​ក្នុងករណី​ក្រសួងសុខាភិបាល ស្រាវជ្រាវ​រកឃើញថា លោក លោកស្រី ជា​ម្ចាស់​ឱសថស្ថាន ឱសថស្ថាន​រង ឱសថការី​ទទួលបន្ទុក​បច្ចេកទេស​តាម​ឱសថស្ថាន ឱសថស្ថាន​រង​ណា មិន​អនុវត្តតាម​ការណែនាំ​នេះ ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់ ដែលមាន​ជា​ធរមាន​»​។ 
 
​បន្ថែម​ពីលើ​សេចក្តីប្រកាស​ប្រ​ព័ត៌មាន​របស់លោក​រដ្ឋ​មន្ត្រី លោក លី សូ​វ៉ាន់ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លើកឡើងថា វិធាន​ការដែល​ក្រសួង​ចេញ​នេះ ក៏ដូចជា​ច្បាប់​មួយ​ដែរ ដែល​តម្រូវ​ឲ្យ​ឱសថស្ថាន​អនុវត្ត​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ថា បើ​ឱសថស្ថាន​ណា មិន​អនុត្ត​តាម ឬក៏​ធ្វើ​ខុសច្បាប់ ក្រសួង​នឹង​ពិនិត្យ​ពី «​ការដាក់ពិន័យ​» ឬក៏​អាចឈាន​ទៅដល់ «​ការដក​អាជ្ញាប័ណ្ណ​» ជាដើម​។  
 
​យ៉ាងណា មកដល់ពេលនេះ លោក មិនទាន់​បានទទួល​ព័ត៌មាន​នោះទេ​ថា អាជ្ញាធរ រកឃើញ​ឱសថស្ថាន​លក់​ម៉ាស់​ថ្លៃ ឬ​មិនទាន់​រកឃើញ​។ 
 
​កន្លងមក លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ប្រាប់​ប្រជាពលរដ្ឋ ឲ្យ​កត់​អាសយដ្ឋាន លេខ​ទូរស័ព្ទ និង ឈ្មោះ​របស់​ឱសថស្ថាន​ណា ដែល​លក់​ម៉ាស់​ថ្ងៃ ហើយ​ផ្ញើ​ទៅ​លោក​តាម​ហ្វេ​ស​ប៊ុ​ក​។ លោក អះអាងថា បើ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ លោក នឹង​ស្នើ​ឲ្យ​ក្រសួងសុខាភិបាល ចុះទៅពិនិត្យ​ឱសថស្ថាន​នោះ ដើម្បី​ចាត់វិធានការ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ស្នើ​ដល់​អ្នកលក់​ម៉ាស់ កុំ​ឲ្យ​ដំឡើងថ្លៃ​ម៉ាស់​ដែរ​។  
 
​ក្រោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី រាលដាល​កាន់តែខ្លាំង ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហូ​ប៉ី ប្រទេស​ចិន ទៅដល់​តំបន់​នានា និង​ប្រទេស​ដទៃ ដោយ​រួមទាំង​កម្ពុជា មាន​១​ករណី​ដែរនោះ ប្រជាពលរដ្ឋ​កម្ពុជា បានចាប់ផ្តើម​នាំគ្នា​ពាក់​ម៉ាស់ ដើម្បី​។ តាម​បណ្តា​គ្រឹះស្ថាន​អប់រំ ត្រូវបាន​ណែនាំ​ឲ្យ​សិស្ស​ពាក់​ម៉ាស់ ហើយ​គ្រឹះស្ថាន​អប់រំ​ខ្លះទៀត ថែមទាំង​តម្រូវ​ឲ្យ​សិស្ស​លាងដៃ​ទៀតផង មុននឹង​ចូលរៀន​។  
 
​ក្រៅពី​ពាក់​ម៉ាស់ និង​លាង​ស​ម្លា​តដៃ ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ អនុវត្ត​វិមាន​ការ​មួយចំនួនទៀត ដូចជា ត្រូវ​ពិសា​អាហារ​ឆ្អិន​ជានិច្ច មិនត្រូវ​ចូលក្នុង​កន្លែង​ចិញ្ចឹមសត្វ​ឬ​ប៉ះពាល់​សត្វ បើ​គ្មាន​ភារកិច្ច និង ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ប្រមាណ​២​ម៉ែត្រ​ពី​អ្នក​ក្អក​។ បើ​មាន​រោគសញ្ញា​ផ្សេងៗ ដូចជា ផ្តាសាយ ក្អក ឈឺ​ក ហៀរ​សំបោរ និង ក្តៅខ្លួន​ខុសធម្មតា ប្រជាពលរដ្ឋ ត្រូវ​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​ហៅ​ទៅកាន់​លេខ​១១៥ ដើម្បី​សួរ​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានសម្លាប់​ជនជាតិ​ចិន​ជិត​៥​រយ​នាក់​ហើយ ក្នុងនោះ ស្លាប់​នៅ​ចិន​ស្ទើរ​ទាំងអស់ ដោយ​មាននៅ​ហុងកុង​តែ​ម្នាក់ និង នៅ​ហ្វីលីពីន​ម្នាក់​ប៉ុណ្ណោះ​។ ចំណែក អ្នក​ដែល​ផ្ទុកមេរោគ​នេះ បាន​កើនឡើង​ជាង​២​ម៉ឺន​នាក់ ដោយ​ភាគច្រើនបំផុត គឺ​នៅ​ប្រទេស​ចិន​៕      
 

Tag:
 កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com