កីឡាជាតិ
ជាតិ
ឧត្តមការ៉ាតេចារ្យ លាង សុវណ្ណ ទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ លោក លាង សុវណ្ណ (អាវស)ពេលទទួលវិញ្ញាបនបត្របញ្ជាក់កម្រិតសមត្ថភាពខ្សែក្រវាត់ខ្មៅ៩ដាន់
× ព្រឹទ្ធាចារ្យការ៉ាតេដូ លាង សុវណ្ណ បានទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២០។ សពគ្រូបង្វឹកការ៉ាតេដូកម្រិត៩ដាន់រូបនេះ កំពុងតម្កល់ធ្វើបុណ្យនៅវត្តកោះ រាជធានីភ្នំពេញ។
លោក លាង សុវណ្ណ ដែលមានឈ្មោះក្រៅហៅ ឡេង ជាគ្រូបង្វឹកកីឡាការ៉ាតេជើងចាស់មួយរូប ដែលបានចូលប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ១៩៧០។ លោក ជាមនុស្សម្នាក់ក្នុងចំណោមស្ថាបនិក៣រូប ដែលបានបង្កើតខេមរៈសហព័ន្ធកីឡាការ៉ាតេដូ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក គឺជាមនុស្សដំបូងគេ ដែលបានបង្កើតក្លិបបង្ហាត់កីឡាការ៉ាតេនៅភ្នំពេញ ដែលមានឈ្មោះថា ការ៉ាតេហ្សិនសេរីយូ និងថៃដូ។
«លោកគ្រូ លាង សុវណ្ណ ធ្លាប់បានតស៊ូរៀបចំប្រភេទកីឡាការ៉ាតេតាំងពីឆ្នាំ១៩៧៩មកម្លេះ។ ការចូលរួមគោរពវិញ្ញាណក្ខន្ធលើកចុងក្រោយនេះ គឺជាការបង្ហាញនូវការដឹងគុណនិងគោរពជូនចំពោះព្រឹទ្ធាចារ្យ ដែលបានខិតខំបង្កបង្កើតឡើងវិញនូវវិស័យកីឡាការ៉ាតេកម្ពុជា ក្រោយថ្ងៃរំដោះ៧មករា ដោយមានគ្រូធំៗចំនួនតែ៣រូបប៉ុណ្ណោះ»។ នេះជាលើកឡើងរបស់លោក វ៉ាត់ ចំរើន ក្នុងឱកាសលោករួមជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក លាង សុវណ្ណ។
លោក ឡេង មិនគ្រាន់តែជាអតីតគ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិការ៉ាតេដូប្រចាំសហព័ន្ធប៉ុណ្ណោះទេ លោកក៏គ្រូបង្វឹកការ៉ាតេដូក្នុងក្របខណ្ឌកងនគរបាលជាតិនៃអគ្គស្នងការនគរបាលជាតិផងដែរ។ ក្រោមការបង្វឹកយ៉ាងយកចិត្តទុកដាក់ លោក បានបន្សល់ស្នាដៃ និងធនធានគ្រូបង្វឹក និងកីឡាករយ៉ាងច្រើន ដែលកំពុងបម្រើឲ្យវិស័យមួយនេះ។
កាលពីពេលថ្មីៗកន្លងទៅក្នុងការប្រកួតកីឡាការ៉ាតេជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ លោក លាង សុវណ្ណ ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់ងារជា«ឧត្តមការ៉ាតេចារ្យ» និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ។ លោក ទទួលបានសញ្ញាបត្របញ្ជាក់កម្រិតខ្សែក្រវាត់ខ្មៅ៩ដាន់ក្នុងពេលនោះផងដែរ៕
លោក វ៉ាត់ ចំរើន (អាវស)រួមជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេចូលរួមគោរពវិញ្ញាណក្ខន្ធលោក លាង សុវណ្ណ, រូបពី Cambodia SEA Games 2023
Tag:
ការ៉ាតេដូ
លាង សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com